រថយន្ត​ដឹក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ចំនួន ១០ គ្រឿង ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល​ឡាវ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែល​ជំនួយនេះ​នឹង​ជួយ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​ឡាវ មាន​ប្រសិទ្ធភាព និង​បង្កើន​ចំណងមិត្តភាព​ទ្វេ​ភាគី​បន្ថែម​ទៀត។

ក្នុង​ពិធី​ប្រគល់​នេះ​បាន​ធ្វើ​ឡើង​នៅ​ច្រក​អន្ដរជាតិ កម្ពុជា-ឡាវ នា​ច្រកទ្វារ​ព្រំដែន​ត្រពាំងក្រៀល-ណុងណុកខៀន នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​មីនានេះ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ថា រថយន្តនេះ​សម្រាប់​បម្រើ​ឱ្យ​ការ​ឆ្លើយតប ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ជា​ពិសេស​សម្រាប់​ជួយ​ពង្រឹង​ដល់​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ឡាវ។

លោកស្រីបន្ត​ថា កម្ពុជា​និង​ឡាវ មាន​ចំណង​មិត្តភាព​ប្រពៃណី​ដ៏​យូរអង្វែង ហើយ​បច្ចុប្បន្ន​ប្រទេស​ទាំង ២ ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ក៏​ដូចជា​ក្នុង​អាស៊ាន ដើម្បី​នាំ​មក​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​ជាផល​ប្រយោជន៍​នៃ​ប្រជាជាតិ​ទាំង​២ ក៏​ដូចជា​សម្រាប់​ក្នុង​តំបន់។

លោកស្រី​បន្ត​ទៀតថា នាឆ្នាំ​កន្លងមក​នេះ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ធ្លាប់​ផ្តល់​ជំនួយ​សប្បុរសធម៌​ជូនរដ្ឋាភិបាល​និង​ប្រជាជន​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ចំនួន ៣​លើក​រួច​មកហើយ។

លោកស្រីថា៖«ការ​ផ្តល់​ជំនួយ​លើក​ទី ៤ នាពេលនេះ គឺជា​ការ​បង្ហាញ​នូវ​ការ​គិតគូរ​អំពី​សុខទុក្ខ​ប្រកប​ដោយ​មនោសញ្ចេតនា ជា​បងប្អូន​ដែលរស់នៅ​ជាប់​ភូមិផង​របង​ជាមួយ និង​សាមគ្គី​ភាព​យ៉ាង​ជ្រាលជ្រៅ ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ជួប​វិបត្តិ​ជំងឺកូ​វីដ១៩ ដែលពុំ​ធ្លាប់​មាន​ពី​មុន​មក ថែម​ទាំង​បង្ហាញ​នូវ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ចំពោះ​ប្រជាជន​ឡាវ ហើយ​ជា​កាយវិការមនុស្សធម៌​ប្រកប​ដោយ​បេះដូង​ដ៏​ល្អ​ប្រពៃ​ពិតប្រាកដ​ក្នុង​ន័យ​ប្រទេស​កម្ពុជា ជា​ប្រទេស​តូចតាច តែ​មាន​បេះដូង​ធំទូលាយ»។

លោកស្រី ជឿជាក់ថា ការ​ផ្តល់​អំណោយ​មនុស្ស​ធម៌​ជា​បន្តបន្ទាប់ នឹង​បង្កើន​បន្ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព​ដ៏​ល្អ​ប្រសើរ​ដ៏​យូរលង់ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់​តែ​រីកចម្រើន និង​វឌ្ឍភាព​សេដ្ឋកិច្ច​សង្គម​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង ២។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ឡាវ លោក Bounfeng Phoummalaysith ដែល​ចូលរួម​ជា​គណៈអធិបតី​ទទួល​អំណោយ​នោះ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​ឡាវ ក្នុងនាម​ជា​ប្រទេស​ជិត​ខាង​ភូមិ​ផងរបង​ជាមួយ​គ្នា ក៏​ដូចជា ការ​រស់នៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ដោយ​ឈរ​លើ​ស្មារតីសាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ ប្រកប​ដោយ​ការ​គិតគូរ​ខ្ពស់​រួម​គ្នា​ដោះស្រាយ​វិបត្តិ​នៃ​បញ្ហា​ជំងឺកូវីដ ១៩ក្នុង​ប្រទេស និង​ក្នុង​តំបន់។

សូមជម្រាបថារាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ផ្តល់​ជំនួយ​សប្បុរសធម៌​ជូន​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ចំនួន ០៣​លើក រួច​មកហើយ។ លើក​ទី១ នៅ​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២០ បាន​ប្រគល់​ជំនួយ​ជា​ម៉ាស់ និង​បរិក្ខារ​ពេទ្យចំនួន ១២​មុខ។ លើក​ទី២ នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​ប្រគល់​ជំនួយ​ជា​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ២០០ ០០០ដូស។ លើក​ទី៣ នៅ​ថ្ងៃ​ទី០៣ ខែ​ធ្នូ ឆ្នាំ ២០២១ បាន​ប្រគល់​ជំនួយ​ជា​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ចំនួន ៥០០០០០ដូស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ​៣​គ្រឿង៕