គណៈកម្មាធិការសិទ្ធិ​មនុស្សកម្ពុជា (CHRC) បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ការពារ​របាយការណ៍ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិកា​សញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ បន្ទាប់ពី​បាន​ចូលរួម​ពិនិត្យ​របាយការណ៍​ជាមួយ​ភាគី​ពាក់ព័ន្ធ​អស់​រយៈពេល ៣ថ្ងៃ។

សេចក្តី​ប្រកាសព័ត៌មាន​របស់ CHRC ចុះ​ថ្ងៃទី១១ ខែ​មីនា​នេះ បាន​ឱ្យ​ដឹង​ថា អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​ដឹក​នាំ​ប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ប្រតិភូ​អន្តរ​ក្រសួង រួមមាន ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​យុត្តិធម៌ ក្រសួង​កិច្ចការ​នារី ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ព័ត៌មាន ចំនួន ៩រូប ចូលរួមការ​ពិនិត្យ​របាយការណ៍ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិកា​សញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) ​ជុំ​ទី៣ ចាប់​ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ ២០២២ ក្នុង​សម័យ​ប្រជុំ​លើក​ទី ១៣៤ របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

ការ​ពិនិត្យ​របាយការណ៍ជាតិ​របស់​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ទម្រង់​ហាយប្រ៊ីដ (Hybrid) ដោយ​គណប្រតិភូ​អន្តរក្រសួង/ស្ថាប័ន ចូលរួមតាម​ប្រព័ន្ធ​វីដេអូ ហើយ​ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង ហ្សឺណែវ ចូលរួម​នៅ​ក្នុង​សាលប្រជុំ​ដោយ​ផ្ទាល់​ជាមួយ សមាជិក សមាជិកា របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

CHRC បន្តថា ការ​ពិនិត្យ​របាយការណ៍​ជាតិ ជា​យន្តការ​មួយ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ឡើង​ដើម្បី​តាមដាន​ការ​អនុវត្ត​បទប្បញ្ញត្តិ​ទាំងឡាយ​ដែល​មាន​ចែង​នៅ​ក្នុង ICCPR ដោយ​រដ្ឋភាគី ការ​ពិនិត្យ​របាយការណ៍នេះ​ មិនមែន​ជា​វេទិកា​បន្តុះ​បង្អាប់ រិះគន់ ឬ​វាយប្រហារ​គ្នា អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ តែ​ប្រព្រឹត្ត​ទៅ​ក្នុង​ទម្រង់​មួយ​ជា​កិច្ច​សន្ទនា​បែប​ស្ថាបនា រវាង​គណៈប្រតិភូ​នៃ​រដ្ឋភាគី និង​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ ក្នុង​គោលដៅ ចែក​រំលែក ឬ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅមក​នូវ​ការ​អនុវត្ត​ល្អៗ បទ​ពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ ព្រម​ទាំង​ទិសដៅ​ការងារ​ទៅ​ថ្ងៃអនាគត ដើម្បី​ធានា​នូវ​ការ​អនុវត្ត​និង​ការ​គោរព តាម​បទប្បញ្ញត្តិ ICCPR។ ក្រោយ​ពី​បញ្ចប់​កិច្ច​សន្ទនា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នឹង​ចេញ​ជា​អនុសាសន៍​ផ្សេងៗ​សម្រាប់​ឱ្យ​រដ្ឋភាគី ពិនិត្យ​និង​ពិចារណា​ក្នុង​ការ​អនុវត្ត​បន្ត​ទៀត ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត និង​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ កាន់តែ​មានភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត។

CHRC បន្តថា នៅ​ក្នុង​កិច្ច​សន្ទនា​រយៈពេល​បី​ថ្ងៃនេះ សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​បាន​សម្តែង​នូវ​ការ​កោត​សរសើ​រចំពោះ​វឌ្ឍនភាព​នានា​ដែល​កម្ពុជា​សម្រេច​បាន ក្នុង​ការ​អនុវត្តបទ​ប្បញ្ញត្តិ​នៃ ICCPR ព្រម​ទាំង​លើក​ជា​សំណួរ​ដើម្បី​ទទួល​បាន​ព័ត៌មាន ការ​បំភ្លឺ ការ​បកស្រាយ និង​ការ​ពន្យល់​បន្ថែម ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​ចំនួន ដូចជា ក្របខ័ណ្ឌ​ច្បាប់ជាតិ ការ​បង្កើត​ស្ថាប័ន​សិទិ្ធ​មនុស្ស​ជាតិ ការ​ប្រឆាំង​អំពើពុក​រលួយ ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន ច្បាប់​កូវីដ១៩ វិធានការ​ច្បាប់​ក្នុង​ស្ថានភាព​កូវីដ បញ្ហា​និទណ្ឌភាព ការ​មិន​រើសអើង អំពើហិង្សា​ប្រឆាំង​នារី​ភេទ ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ អំពើ​ទារុណកម្ម ការ​ដកហូត​សេរីភាព ការ​ជួញដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ចការងារ ឯករាជ្យភាព​តុលាការ សេរីភាព​បញ្ចេញមតិ សមាគម​និង​ការ​ជួបប្រជុំ​លម្ហ​ប្រជាធិបតេយ្យ​និង​សង្គម​ស៊ីវិល សិទ្ធិ​បោះឆ្នោត​និង​សិទ្ធិចូលរួម​ក្នុង​កិច្ច​ការ​នយោបាយ ប្រព័ន្ធ​យុត្តិធម៌​អនីតិជន បញ្ហា​យុត្តិធម៌​សង្គម បញ្ហា​ដីធ្លី និង​សិទ្ធិជនជាតិ​ដើម​ភាគតិច ជាដើម។

CHRC បាន​គូស​បញ្ជាក់​ថា ជា​ការ​ឆ្លើយតប គណៈប្រតិភូ​កម្ពុជា​បាន​រួម​សហការ​គ្នា​បាន​យ៉ាង​ល្អ ដោយ​ភាព​ម្ចាស់ការ និង​ការ​ទទួល​ខុសត្រូវខ្ពស់​ក្នុង​នាម​ជា​តំណាង​រដ្ឋអធិបតេយ្យ ធ្វើ​ការ​ឆ្លើយតប បកស្រាយ និង​បំភ្លឺ​លើ​បញ្ហា​ដែល​បាន​លើក​ឡើង​ទាំងអស់​នោះ ដោយ​ផ្អែក​លើទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ ការ​អនុវត្ត ជា​អន្តរជាតិ ទិដ្ឋភាព​នយោបាយ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​អនុវត្តច្បាប់ ព្រម​ទាំង​បាន​ធ្វើ​ការ​បង្ហាញ​ពី​វឌ្ឍនភាព និង​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​របស់​រាជរដ្ឋាភិបាល​ផងដែរ​ក្នុង​កិច្ចការ​លើក​ស្ទួយ​និង​ការពារ​សិទ្ធិមនុស្ស ជាពិសេស​ក្នុង​ស្ថានភាព​កូវីដ និង​ការ​កសាង ថែរក្សា​បាន​នូវ​សន្តិភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ។

CHRC បាន​ធ្វើការ​សន្និដ្ឋាន​ថា ដំណើរការ​នៃ​កិច្ចសន្ទនា​បែប​ស្ថាបនា​នេះ បាន​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​កម្ពុជា ដែល​ជា​រដ្ឋ​ភាគី​នៃ ICCPR ក្នុង​ការ​បង្ហាញ​នូវ​សមិទ្ធផល​នានា​ដែល​សម្រេច​បាន ពន្យល់ បកស្រាយ ចំពោះ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិនយោបាយ ដើម្បី​បង្ហាញ​ពី​កម្ពុជា​ពិត ហើយ​ក៏​ជា​ឱកាស​ក្នុង​ការ​ទទួល​បាន​អនុសាសន៍​ពី​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​ផងដែរ៕