ក្នុងខែមីនានេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​បណ្តុះ​បណ្តាល ៣ កម្រិត​ផ្សេង​គ្នា ស្តីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កូន​បែប​វិជ្ជមាន​តាម​រយៈការ​បង្កើន​ចំណេះ​ដឹង និង​ជំនាញ និងការ​ស្វែង​រក​ការ​គាំទ្រ​សមស្រប និង​ទាន់​ពេលវេលា។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​កិច្ចការ​នារី អង្គការ​ឆាលហ្វាន (ChildFund) អង្គការ​យូនីសេហ្វ (UNICEF) និង​អង្គការ សង្រ្គោះកុមារ (Save the Children) ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​នា​ថ្ងៃទី​១០ ខែ​មីនា បញ្ជាក់​ថា ឧបករណ៍​បណ្តុះ​បណ្តាល​ដែល​បង្កើត​ឡើងដោយ​ក្រសួង​កិច្ចការ​នារី ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ការ​បន្ត​កិច្ច​ខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ទណ្ឌកម្ម​លើ​រាងកាយ ការ​កេង​ប្រវ័ញ្ច និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​រួមនេះ​បាន​ដកស្រង់​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​កិច្ចការនារី ក្រសួង​សង្គមកិច្ច និង​ក្រសួង​ពាក់ព័ន្ធ ដែលបាន​រក​ឃើញ​ថា កុមារ​កម្ពុជា​ជាង ៥០​ភាគរយ បាន​រង​នូវ​អំពើ​ហិង្សា​ផ្លូវ​ចិត្ត ២៥​ភាគរយ​បាន​រង​នូវ​អំពើ​ហិង្សា​ផ្លូវ​អារម្មណ៍ និង ៥​ភាគរយ​ត្រូវបាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ពី​សមាជិក​គ្រួសារ​របស់​ពួកគេ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​បញ្ជាក់​ថា៖ «កត្តា​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជីវិត និង​ក្តី​សង្ឃឹម​សម្រាប់​អនាគត​កុមារ ក៏​ដូចជាគ្រួសារ សហគមន៍ និង​សង្គម​ទាំងមូល។ យើង​ដឹង​ថា ជំងឺ​កូវីដ១៩ បាន​បន្ថែម​សម្ពាធ​លើ​ស្ថានការណ៍​នេះ​បន្ថែម​ទៀត ដោយសារ​ហានិភ័យនៃ​អំពើ​ហិង្សា​លើ​កុមារ​បាន​កើន​ឡើង ដោយសារ​ការ​បាត់បង់​ប្រាក់​ចំណូល និង​ជីវភាព​រស់នៅ»។

ឆ្លើយតប​ទៅ​នឹង​លទ្ធផល​ស្រាវជ្រាវ​នេះ អង្គការ​យូនីសេហ្វ អង្គការ​ឆាលហ្វាន និង​អង្គការ សង្រ្គោះ​កុមារ បាន​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ដោយ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​រយៈពេល ៥ ឆ្នាំ​ស្តីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​ឆ្នាំ ២០១៧-២០២១។ ផែនការ​នេះ​ក៏​បានណែនាំ​ឱ្យ​បង្កើត​ឡើង​នូវ​ឧបករណ៍​បណ្តុះ​បណ្តាល​ទាំង​បី និង​ពង្រីកការ​អនុវត្ត​ផងដែរ។

ឧបករណ៍​បណ្តុះ​បណ្តាល​ដែល​បែងចែក​ជា ៣​កម្រិត មាន​បំណង​លើក​កម្ពស់​ការ​អប់រំកូន​បែប​វិជ្ជមាន តាម​រយៈការ​បង្កើន​ចំណេះដឹង និងជំនាញ និង​ការ​ស្វែង​រក​ការ​គាំទ្រ​សមស្រប និង​ទាន់​ពេល​វេលា។

សេចក្តី​ណែនាំ និង​ធនធាន​ដែល​ផ្តល់​ដោយ​ឧបករណ៍​ទាំង​នេះ មាន​បំណង​បង្កើត​ឡើង​នូវ​បរិយាកាស​គ្រួសារ​មួយ​ដែល​មាន​សុវត្ថិភាព អហិង្សា និង​មាន​សមភាព​យេនឌ័រ ដែល​កុមារ​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ឪពុកម្តាយ ឬ​អាណា​ព្យាបាល និង​ដែល​អាច​លូតលាស់​ដោយអារម្មណ៍​សុវត្ថិភាព និង​ក្លាយ​ជា​សមាជិក​សង្គម​ដ៏​ជោគជ័យ​ម្នាក់។

អង្គការយូនីសេហ្វ អង្គការ​ឆាលហ្វាន និង​អង្គការ​សង្គ្រោះ​កុមារ បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដល់​ក្រសួង​កិច្ចការនារី និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ផ្សព្វផ្សាយ​ឧបករណ៍​បណ្តុះ​បណ្តាល​ទាំង​នេះ។

តាម​រយៈការ​ផ្សព្វផ្សាយ​ឧបករណ៍ទី ១ និងទី ២ កន្លងមក ឪពុកម្តាយ និង​អាណា​ព្យាបាល​ច្រើន​ជាង ៩​ម៉ឺន​នាក់ ត្រូវ​បាន​បណ្តុះ​បណ្តាល។ ការ​ផ្សព្វផ្សាយ​ឧបករណ៍​ទី ៣ ក្នុង​ខែ​នេះ នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​កុមារ​ងាយរងគ្រោះ និង​គ្រួសារ​របស់​ពួកគេ ច្រើន​នាក់​បន្ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ​បាន​ស្រង់​សំដី​លោកស្រី អ៊ឹង កន្ថាផាវី ថា ក្រសួង​កិច្ចការ​នារី បេ្តជ្ញា​ចិត្ត​បន្ត​អនុវត្ត និង​ពង្រីក​កម្មវិធី​អប់រំ​កូនបែប​វិជ្ជមាន​នេះ ដើម្បី​ធានា​ថា​កុមារ​រស់នៅ​ដោយ​សុវត្ថិភាព ធំ​លូតលាស់​បាន​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ព្រម​ទាំង​ក្លាយ​ជា​ធនធាន​ដ៏​មានសក្តានុពល​នៅ​ពេល​ពេញវ័យ។

លោកស្រី​ត្រូវ​បាន​ស្រង់​សំដី​ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​ក្រសួង​ពាក់ព័ន្ធ អង្គការ និង​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់ បន្ត​វិនិយោគ​លើ​កុមារ និង​កម្មវិធី​អប់រំ​កូន​បែប​វិជ្ជមាន​នេះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព»។

ឧបករណ៍​បណ្តុះ​បណ្តាល​ទាំង​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​កសាង​ចំណេះ​ដឹង និង​ជំនាញ​ដល់​ឪពុក​ម្តាយ អាណា​ព្យាបាល ពី​ការ​ទទួលខុសត្រូវ​របស់​ពួកគេ ចំពោះ​កុមារ រួមមាន​ដូចជា ការ​អភិវឌ្ឍ​របស់​កុមារ ការ​ដាក់​ពិន័យ​បែប​វិជ្ជមាន សិទ្ធិ​កុមារ និង​កិច្ចការពារ​កុមារ ជីវភាពរស់នៅ​របស់​ឪពុកម្តាយ និង​ទំនាក់ទំនង​ក្នុង​គ្រួសារ ព្រម​ទាំង​បណ្តុះ​បណ្តាល​កុមារ​ឱ្យ​ចេះ​ឆ្លុះ​បញ្ចាំង​ពី​ខ្លួនឯង ពី​ល្បិចកល​របស់​មនុស្ស​ពេញ​វ័យ និង​របៀប​ក្នុង​ការ​ស្វែង​រក​ជំនួយ៕