សិប្បកម្ម​កាត់ដេរ​ខោអាវ​មួយកន្លែង ស្ថិតនៅ​ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ដោយសារ​ធ្លាយ​ហ្គាស នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដោយបាន​បំផ្លាញ​សម្ភារ​អស់​មួយចំនួន ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅវេលា ម៉ោង​ ៧ និង​ ៣០ នាទី ព្រឹក​ថ្ងៃទី​ ១២ ខែមីនា​នេះ​ស្ថិតនៅ​ចំណុច​សិប្បកម្ម​កាត់ដេរ​ខោអាវ​ក្នុងភូមិ​ថ្មគោល​ ១ សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់​ឱ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ក៏បាន​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ ដែល​ប្រចាំការ​នៅ​ទីតាំង​សាលាខណ្ឌ​ពោធិ៍សែនជ័យ​ ដើម្បី​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​។

លោក​ឱ្យដឹងថា នៅក្នុង​រង្វង់​ប្រតិបត្តិការ​អន្តរាគមន៍​ជួយសង្គ្រោះ​នេះ គឺ​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ចំនួន ៣ គ្រឿង ប្រើប្រាស់​ទឹក​អស់​ ៣ ​ឡាន ស្មើនឹង​ ១២ ម៉ែត្រគុប ទើប​រលត់​ទាំងស្រុង​។

លោក​បាន​បញ្ជាក់ថា ចំពោះ​អគ្គិភ័យ​ខាងលើនេះ​បាន​ឆេះ​បំផ្លាញ​អគារ​សិប្បកម្ម​ថ្ម​ប្រក់សង្ក័សី ដែលមាន​ទំហំ ៦ គុណ​ ១៦ ម៉ែត្រ និង​បណ្តាលឱ្យ​ឆេះ​ខូចខាត​សម្ភារ រួមមាន ម៉ាស៊ីនដេរ​ចំនួន ១០ គ្រឿង ទូរទស្សន៍ ​១ គ្រឿង ទូទឹកកក​ ១ គ្រឿង ធុង​ហ្គាស​ ១ ធុង ក្រណាត់​មួយចំនួន និង​ពុំ​បណ្តាលឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ឡើយ​។

យ៉ាងណាមិញ លោក ព្រហ្ម យ៉ន ឱ្យដឹងថា សម្រាប់​ប្រតិបត្តិការ​នេះ គឺ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​គ្រប់គ្រង់​បាន​នៅវេលា​ម៉ោង ៨ ព្រឹក​នៅ​ថ្ងៃ​ដដែល ហើយ​មិនបាន​បណ្តាលឱ្យ​មនុស្ស​រងរបួស​ឡើយ​៕