សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅ​តាម​រោងចក្រ​សហគ្រាស​។

ការធ្វើ​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​បរិវេណ GMAC កាលពី​ថ្ងៃទី ១១ ​ខែមីនា ឆ្នាំ ២០២២ ដូច​តាម​ការគ្រោងទុក​។

GMAC បានចាត់ទុក​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​មាន​សារៈសំខាន់​ណាស់ ហើយ​វា​ត្រូវបាន​ធ្វើឡើង​ ២ ​ដង​ក្នុង​មួយឆ្នាំ ដើម្បី​ហ្វឹកហ្វឺន​បុគ្គលិក ក៏ដូចជា​សិក្ខាកាម​ដែល​កំពុង​ចូលរួម​វគ្គ​សិក្សា​នៅ CGTI ដែលជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​ទិសដៅ​បំពេញ​នូវ​ការបណ្ដុះបណ្ដាល និង​កាត់បន្ថយ​កង្វះខាត​ជំនាញ​របស់​ក្រុមបច្ចេកទេស កម្មករ និយោជិត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ​សព្វ​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។

GMAC គូសបញ្ជាក់ថា តាមរយៈ​សមយុទ្ធ​នេះ សិក្ខាកាម​នឹង​យល់​កាន់តែច្បាស់​អំពី​របៀប​ជម្លៀស​ខ្លួន​ចេញ និង​អ្វីដែល​អ្នក​គ្រប់គ្នា​គួរ​ធ្វើ​នៅពេល​មាន​អគ្គិភ័យ​កើតឡើង​៕