សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងដីធ្លីតំបន់ ១ និងតំបន់ ២ នៃរមណីយដ្ឋានអង្គរដោយមានការចូលរួមពីមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរារួមជាមួយអាជ្ញាធរមូលដ្ឋានមកពីសង្កាត់ ឃុំ និងតំណាងរដ្ឋបាលក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំដែលមានភូមិសាស្ត្ររដ្ឋបាលក្នុងតំបន់ ១ និងតំបន់ ២ នៃរមណីយដ្ឋានអង្គរ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាក្នុងគោលបំណងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់ ១ និងតំបន់ ២ នៃរមណីយដ្ឋានអង្គរដោយមានអ្នកចូលរួមជាង ៦០ នាក់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានថ្លែងក្នុងពេលបើកសិក្ខាសាលាថា តំបន់ ១ និងតំបន់ ២ របស់រមណីយដ្ឋានអង្គរ គឺជាតំបន់សំខាន់ជាងគេ ដែលត្រូវការពារខ្ពស់បំផុត ព្រោះនៅរៀងរាល់ពេលបោះឆ្នោតម្តងៗគឺពលរដ្ឋមួយចំនួនតែងតែឆ្លៀតឱកាសលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារទាំងឡាយនៃរមណីយដ្ឋានអង្គរ។

លោកបានញ្ជាក់ថា៖ «បញ្ហាបំពានទៅលើតំបន់ការពារនៃរមណីយដ្ឋានអង្គរទាំងឡាយគឺទាំងអាជ្ញាធរជាតិអប្សរា និងទាំងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុងស្រុក និងខេត្តសៀមរាប ត្រូវតែស្វែងរកដំណោះស្រាយទាំងអស់គ្នាដើម្បីបញ្ចៀសនូវបញ្ហាទាំងឡាយដែលជាផលប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ»។

នៅឯសិក្ខាសាលានោះមេធាវីប្រចាំអាជ្ញាធរជាតិអប្សរាក៏បានចូលរួមធ្វើបទបង្ហាញអំពីឯកសារគតិយុត្តសំខាន់ៗជូនអង្គសិក្ខាសាលានិងពិភាក្សាអំពីតួនាទីកាតព្វកិច្ចរបស់ផ្នែកពាក់ព័ន្ធដើម្បីធានានូវប្រសិទ្ធភាពការងារដោយប្រកាន់នូវគោលការណ៍ច្បាប់ផងដែរ៕