​ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​​ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក បាន​បើក​ការស៊ើបអង្កេត លើ​ករណី​ប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ កាលពី​យប់​ថ្ងៃទី ​១២ ខែ មីនា ឆ្នាំ ​២០២២ ស្ថិតនៅ​ចំណុច​ផ្លូវ​ ១៥០ ផ្ទះ ​៨៩ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​​គោក​។​

​លោក សុខ ហេង អធិការ​ខណ្ឌ​ទួល​​គោកបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា យោងតាម​របាយការណ៍​នៃ​ពាក្យបណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ហេង មួយ​គា ជនបង្ក​អំពើហិង្សា​ក្នុង​គ្រួសារ គឺជា​ស្វាមី​របស់គាត់​ឈ្មោះ ម៉ុ​ត ដា​រ៉ា មាន​តួនាទី​ជា​ព្រះរាជអាជ្ញារង អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​។ នៅក្នុង​បណ្ដឹង​នោះ ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា ប្ដី​របស់គាត់​បាន​ប្រើ​ហិង្សា​វាយ​មកលើ​គាត់ និង​ឈ្នួល​បម្រើ​ស្រី​នៅក្នុង​ផ្ទះ ព្រមទាំង​បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់ប្រហារ​ពួកគាត់​ថែមទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ករណីនេះ សមត្ថកិច្ច​យើង​កំពុងបើក​ការ​ស៊ើប​​អង្កេត​ស្រាវជ្រាវទៅតាម​នីតិវិធី​ច្បាប់​»​។​

​កាលពី​យប់​ថ្ងៃទី ​១២ ខែមីនា អ្នក​​ស្រី ហេង មួយ​គា បាន​ប្រាប់​អ្នក​សារ​​ព័ត៌មាន​ថា មុនពេល​បុរស​ជា​ប្ដី ឈ្មោះ ម៉ុ​ត ដា​រ៉ា ប្រើ​ហិង្សា​មកលើ​គាត់ និងអ្នកបម្រើ​នៅក្នុង​ផ្ទះ​នោះ បុរស​ជា​ប្ដី​បាន​បិទ​កាមេរ៉ា​សុវត្ថិភាព​ដែល​នៅក្នុង​ផ្ទះ ហើយ​រករឿង​ចោទប្រកាន់​គាត់​ថា បាន​លួច​លុយ​។ បន្ទាប់ពី​គាត់​ប្រកែក​ថា មិនបាន​លួច បុរស​ជា​ប្ដីបាន​ខឹងសម្បា​យ៉ាងខ្លាំង ហើយក៏​បាន​ប្រើ​ហិង្សា​វាយ​មកលើ​គាត់ ព្រមទាំង​យក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​បាញ់​សម្លាប់ចោល​ថែមទៀត​។

​អ្នកស្រី មួយ​គា បាន​បញ្ជាក់ថា​៖ «​នៅពេលនោះ​ខ្ញុំ​ភ័យ​តក់ស្លុត​ខ្លាំងណាស់ ហើយក៏​ស្រែកហៅ​អ្នកបម្រើ​នៅក្នុង​ផ្ទះ​មកជួយ ប៉ុន្តែ​នៅពេល​អ្នក​​បម្រើ​ស្រី​ម្នាក់​មកដល់ ប្ដី​របស់ខ្ញុំ ក៏បាន​វាយ​នាង និង​យក​កាំភ្លើង​ភ្ជង់​នាងថែមទៀត​។ បន្ទាប់មក​គាត់​ក៏​រុញ​នាង​ចូលទៅក្នុង​បន្ទប់ ហើយ​ចាក់សោ​ពី​ខាងក្រៅ​ជាប់​»​។

អ្នកស្រី​បាន​បន្តថា ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​យ៉ាង​ដូច្នេះ គាត់​ក៏បាន​សម្រេចចិត្ត​ទូរស័ព្ទ ហៅ​ឪពុកម្ដាយ​របស់គាត់​នៅ​ខេត្តកំពង់ឆ្នាំង​ឱ្យ​មកជួយ​សម្របសម្រួល​ដំណោះស្រាយ​។ អ្នកស្រី​បានឱ្យដឹង​ផងដែរ​ថា អ្នកស្រីបាន​រៀបការ​រស់​​នៅ​ជាមួយ​បុរស​ជា​ប្ដី អស់​រយៈពេល​ ១៣​ ឆ្នាំ​មកហើយ និង​មានកូន​ ៣​ នាក់ ប្រុស ​១ ​ស្រី​ ២ ជា​ចំណងអាពាហ៍ពិពាហ៍របស់​ពួកគាត់​។ ដោយ​ក្ដីបារម្ភ​ពី​សុវត្ថិ​-​ភាព​របស់​កូនស្រី ឪពុកម្ដាយ​របស់គាត់ ក៏បាន​បើករថយន្ត​មក​ភ្នំពេញ​ទាំងយប់​។

នៅពេល​មកដល់ ស្ត្រី​ជា​ម្ដាយ​របស់​អ្នកស្រី ហេង មួយ​គា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​កូនស្រី​ខ្ញុំ​បាន​រង​ការ​វាយ​ធ្វើបាបពី​ប្ដី​នាង​ឈ្មោះ​ ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​​សាលាដំបូង​រាជធានី​ភ្នំពេញ មិនមែន​តែ​ថ្ងៃនេះ​ទេ គឺ​ច្រើនដង​រាប់​ភ្លេច​ទៅហើយ​។ ប៉ុន្តែ​លើក​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់ ដោយបាន​ប្រើ​កាំភ្លើង​ភ្ជង់​គំរាម​សម្លាប់​កូនស្រី​ខ្ញុំ​ទៀត ដែល​ករណីនេះ មិនអាច​អត់ទ្រាំ​បាន​តទៅទៀត​ទេ គឺ​ចាំបាច់​ត្រូវ​ប្ដឹង​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​»​។ ទោះយ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី ​១៣ ខែ មីនា ឆ្នាំ​ ២០២២ ភ្នំពេញ​ ប៉ុស្តិ៍ ​បាន​ព្យាយាម​ទាក់ទង ដើម្បី​ស្វែងរក​ការបំភ្លឺ ពី​លោក ម៉ុ​ត ដា​រ៉ា ជុំវិញ​ការ​ចោទ​​ប្រកាន់​នេះ ប៉ុន្តែ​ទូរស័ព្ទ​មិន​ចូល​៕

វីដេអូ៖