​ភ្នំពេញៈ ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា បានបង្ហាញ​ពី​មោទនភាព ក្នុងការ​វះកាត់​ជំងឺ​រលាក​ខ្នែងពោះវៀន ដោយ​វិធី​ចោះ​ឆ្លុះ​ទំនើប ដោយ​មិនបាច់​វះកាត់ តែមាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​ក្នុង​ខែកុម្ភៈ​កន្លងមក មន្ទីរពេទ្យ​នេះបានទទួល​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ឱ្យ​សម្រាក​ព្យាបាលចំនួន ៥ ៩០៨ ​នាក់​។​

​យោង​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក Dr. Beat Richner ដែលជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ មីនា​ថា ជំងឺ​រលាក​ខ្នែងពោះវៀន ជា​ជំងឺដែល​ត្រូវតែ​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យបាន​លឿន​ទាន់ពេល និង​ទាមទារ​ឱ្យមាន​ការវះកាត់ ឬ​អន្តរាគមន៍​យក​ខ្នែងពោះវៀន ដែល​រលាក រលួយ​ស្អុយ​នោះ​ចេញ​ជាបន្ទាន់​បំផុត​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Dr. Beat Richner ដដែល​ឱ្យដឹងថា ជាទូទៅ​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ ច្រើន​កើត​លើ​ក្រុមមនុស្ស​អាយុ​ពី ១០ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​មាន​ក្រុម​គ្រូ​ឯកទេស​ពេទ្យវះកាត់​យ៉ាង​ជំនាញ ក្នុងការ​ព្យាបាល​ជំងឺ​រលាក​ខ្នែងពោះវៀន​ដោយ​វិធី​ចោះ​ឆ្លុះ​ទំនើប (interventional laparoscopic technique) ដោយ​មិន​ចាំ​​បាច់​វះកាត់​។ ប្រភព​ដដែល​បាន​បន្តថា វិធី​ព្យាបាល​ដោយ​ចោះ​ឆ្លុះ​នេះ មាន​អត្ថប្រយោជន៍​ច្រើនជាង​ការវះកាត់​ពោះ​ដូចជា ចោះ​តែ ៣ ​រន្ធ មិនមាន​ស្នាម​វះ​ពោះ ពុំ​សូវ​មានការ​ឈឺចាប់ កាត់​​បន្ថយ​រយៈពេល​សម្រាក​ពេទ្យ និង​ចៀសវាង​បាន​នូវ​ហានិភ័យ​នៃ​ការ​ស្អិត​ពោះវៀន​ក្រោយ​វះកាត់​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បានឱ្យដឹងថា​៖ «​ក្មេងប្រុស​ម្នាក់នេះ​អាយុ ១៤ ឆ្នាំមាន​ជំងឺ​រលាក​ខ្នែងពោះវៀន ត្រូវបាន​អន្តរា​​គម​ន៍​ចោះ​ឆ្លុះ​ទាញយក​ខ្នែងពោះវៀន​រលាក តែ​រយៈពេល ២៥ នាទី ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ កែវ សុខា នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី៧ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី៣»​។​

​មន្ទីរពេទ្យ​គន្ធបុប្ផាបានឱ្យដឹងថា ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២ មាន​កុមារ​ឈឺ​ចំនួន ៤៣ ១៣០ ​នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ ក្នុងនោះ កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ៥ ៩០៨ ​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ រីឯ​កុមារ​មាន​ជំងឺគ្រុនឈាម​ចំនួន​ ៨៤​ នាក់ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ ចំណែក​កុមារ​ចំនួន ១ ៥៩៨ នាក់ ត្រូវបាន​ទទួល​ការ​វៈ​កាត់ ក្នុងនោះ​វៈ​កាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​ចំនួន ៨៩ ​នាក់​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​គ្រប់ៗ​រូប ដែល​តែងតែ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា ហើយ​រាល់​ការព្យាបាល​ទាំងអស់​ គឺ​ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង​៕​

វីដេអូ៖