​ភ្នំពេញៈ ធនាគារពិភពលោក​បាន​អនុម័ត​ថវិកា​ប្រមាណ ១១៣ ​លាន​ដុល្លារ ​ដើម្បី​លើក​​កម្ពស់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មានគុណ​ភាពនៅ​កម្ពុជា ខណៈ​ថវិកា​ទាំង​នោះ​សំដៅ​សំខាន់​សម្រាប់​ក្រុម​ដែល​ងាយ​​រងគ្រោះ​បំផុត និង​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ឆ្លើយតប​មាន​ប្រសិទ្ធភាព​ទៅនឹង​វិបត្តិ​ផ្នែក​សុខភាព​នានា​ដែល​អាច​កើតមាន​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក ចេញផ្សាយ​ពី​ក្រុង​វ៉ាស៊ីនតោន​ចុះ​ថ្ងៃទី ​១០ ខែមីនា បានឱ្យដឹងថា ហិរញ្ញប្បទាន​នេះ​ គឺជា​ដំណាក់កាល​ទី​២ នៃ​គម្រោងការលើកកម្ពស់​សមធ​ម៌ និង​គុណភាព​នៃ​ការថែទាំ​សុខភាព (H-EQIP-2) ក្នុង​គោលដៅ​ឆ្ពោះទៅ​ពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​សេវា​ថែទាំ​សុខ​​ភាព​ពេញ​ផ្ទៃ​ប្រទេស ខណៈ​ដំណាក់កាល​ទី​១ នៃ​គម្រោង​នេះ មាន​រយៈ​កាលពី​ឆ្នាំ ​២០១៦ រហូតដល់​ឆ្នាំ​ ២០២២​។

​ធនាគារពិភពលោក​បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាសថា​៖ «​កម្ពុជា​កំពុងតែ​រៀបចំ​បង្កើតឡើង​នូវ​រចនាសម្ព័ន្ធ​ធា​នា​រ៉ាប់រង​សុខភាព​មួយ​សម្រាប់​ពលរដ្ឋ​គ្រប់រូប ដែលជា​ជំហាន​សំខាន់​មួយ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ធ្វើឱ្យមាន​សេវា​ថែទាំ​សុខភាព​គ្របដណ្តប់​ទូទាំង​​ប្រទេសនៅត្រឹម​ឆ្នាំ ​២០៣០»​។​

​ធនាគារ​នេះ​បាន​បន្តថា​៖ «​កញ្ចប់​ហិរញ្ញប្បទាន​ថ្មី​នេះ​នឹង​ពង្រីក​ការគាំទ្រ​ដល់​មូលនិធិ​​សមធម៌​សុខាភិបាល សម្រាប់​រ៉ាប់រង​ការចំណាយ​ថ្លៃ​សេវា​ថែ​​ទាំ​សុខភាព​សម្រាប់​ជនក្រីក្រ និង​កែលម្អ​គុណភាព​សេវា​តាមរយៈ​ការលើកកម្ពស់​ការយល់​​ដឹង​, កាត់បន្ថយ​ឧបសគ្គ​នានា និង​ពង្រីក​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​សុខាភិបាល​។ គម្រោង​នេះ​នឹង ជួយ​ដល់​កម្មវិធី​ដាក់ឱ្យ​ប្រើ​​ប្រាស់​នូវ​ប្រព័ន្ធ​ស្តង់ដា​ទទួលស្គាល់​ថ្នាក់ជាតិ ពង្រីក​អំណោយ​ថវិកា​សម្រាប់​ការផ្តល់សេវា និង​ផ្តល់​ហិរញ្ញប្បទាន​ផ្អែក​តាម​សមិទ្ធកម្ម​ការងារ​។ គម្រោង​នេះ​មាន​គោលដៅ​ផងដែរ​ឆ្ពោះទៅ​បង្កើន​សេវា​ទប់ស្កាត់​ជំងឺ​ដែល​មិន​ឆ្លង​ផ្ទាល់​រវាង​មនុស្ស នៅ​ទូទាំងប្រទេស​»​។

​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម (Maryam Salim) តំណាង​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា ការពង្រីក​សមធម៌​ក្នុង​លទ្ធភាព​ទទួលបាន​ការ​ថែទាំ សុខភាព​នៅតែ​ជា​គោលដៅ​សំខាន់​ដ​​ដែល ថ្វីបើ​កម្ពុ​ជាមាន​ភាព​រី​ក​ចម្រើន​នៅក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​ដល់​ប្រជាជន​របស់ខ្លួន​ពិតមែន​ក៏ដោយ​។​

​លោកស្រី​បន្ថែមទៀតថា​៖ «​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យសម្រេចបាន​គោលបំណង​ខាងលើ តាមរយៈ​ការពង្រីក​លទ្ធ​​ភាព​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដើម្បី​ទទួលបាន​សេវា​ថែទាំ​សុខភាព​»​។​

​ហិរញ្ញប្បទាន​ថ្មី​នេះ​សបញ្ជាក់​នូវ​ភាពជា​ដៃគូ​យូរអង្វែង​ក្នុងចំណោម​ដៃគូ​នានា ហើយ​ក្នុង​កញ្ចប់​នោះ​រួមមាន​ទឹកប្រាក់ ៥៥ ​លាន​ដុល្លារ​អាមេរិក ដែលជា​កម្ចី​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ធនាគារពិភពលោក និង​អំណោយ​ថវិកា​សរុប​ចំនួន ៥៨ ​លាន​ដុល្លារ មកពី​ប្រទេស​អូស្ត្រាលី ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ប្រទេស​កូរ៉េខាងត្បូង និង​សេវា​ហិរញ្ញប្បទាន​សកល​។

ប្រទេស​កម្ពុជា ​នឹង​រួមចំណែក​ទឹកប្រាក់​ចំនួន ១៨៦​ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​បដិភាគ ក្នុង​គម្រោង​នេះ​។ ​នេះ​បើតាម​ការ​​អះអាង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​​លោក​។​

​លោក​ សំហេង បុរស​ ​រដ្ឋ​​លេខាធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៣ មីនា​ថា ​លោក​មិនទាន់​ច្បាស់​ពី​គម្រោង​អនុម័ត​ថវិកា​របស់​ធនាគារពិភពលោក​នេះ​នៅឡើយ​។ ប៉ុន្តែ​លោក​បាន​លើកឡើងថា​ តាមរយៈ​សកម្មភាព​កន្ល​ង​មក​ធនាគារពិភពលោក គឺ​តែងតែមាន​កិច្ចសហការ​ល្អជា​មួយ​ក្រសួង​សង្គមកិច្ច​ជាច្រើន​លើ​​កិច្ចការងារ​សេវា​ថែទាំ​សុខភាព​ និង​រដ្ឋាភិបាល​តាមរយៈ​ការ​​ទម្លាក់​កញ្ចប់​ថវិកា​ទៅកាន់​ក្រ​សួង​សេដ្ឋកិច្ច​ ដើម្បី​ធ្វើការ​បែង​​ចែង​ថវិកា​ទាំង​នោះមក​ក្រុម​​គោលដៅ​។​

​លោក សំហេង បុរស បាន​រៀបរាប់ថា​៖ «​យើង​មិនដឹងថា​ការកំណត់​ថវិកា​ថ្មី​របស់​ធនាគារ​នេះ​មាន​លំហូរ​របៀប​ម៉េច​ទេ​? គ្រាន់​ជារួម​ក្នុង​កិច្ច​គាំទ្រ​ដល់​សេវា​ថែទាំ​សុខភាព​នេះ​ រដ្ឋា​ភិ​​បាល​យើង​ក៏មាន​ថវិកា​ផ្ទាល់​ក្នុងការ​ប្រើប្រាស់​នេះដែរ​។ យ៉ាងណា​ដៃគូ​ពិភពលោក​នេះ​ ក៏បាន​ជួយ​ការងារ​យើង​ច្រើន​ដែរ​នាពេល​កន្លងមក​ ដោយ​ជួយ​ដល់​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ និង​តាមរយៈ​រដ្ឋាភិបាល​យើង​»​។​

​ជាមួយនឹង​ការអះអាង​បែបនេះ លោក សំហេង បុរស ក៏បាន​ប្រកាស​ស្វាគមន៍​រាល់​អំ​​ណោ​យ ​និង​ការជួយ​នានា​ ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​សេវា​ថែ​​ទាំ​សុខភាព​ឱ្យមាន​គុណភាព​នៅ​ប្រទេស​ឱ្យស្រប​តាម​ការ​​អនុវត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ជាពិសេស​ដើម្បី​ផ្តល់​ផល​ដល់​ក្រុម​ប្រជា​​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ប្រទេស​៕