​ភ្នំពេញៈ ចាប់ពី​ថ្ងៃ​ចន្ទ ទី ​១៤ ខែមីនា នេះ​តទៅ ក្រសួង​ប្រៃ​​ស​ណី​យ៍ និង​ទូរគមនាគមន៍ នឹង​បញ្ចុះតម្លៃ​ចែកចាយ​ឱសថ​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩ MOLNATRIS (Molnupiravir Capsules 200mg) ពី ៥៥ ដុល្លារ​មក​នៅត្រឹម ៥០ ដុល្លារ ក្នុង​ ១​ ដូ​ស ខណៈ​ក្រសួង​ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នកលក់​ដែល​លក់​បន្ត​ឱសថ​នេះ​ លើស​តម្លៃ​កំណត់​។​

​ជាមួយគ្នា​នោះដែរ លោក​​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ក៏បាន​សម្រេច​ឱ្យមាន​ការផលិត​ឱសថ​នេះ​ ដើម្បី​សម្រាល​សម្រួល​ដល់​ចរាចរណ៍​ឱសថ​ផង និងក៏ដូចជា​ធ្វើឱ្យ​ឱសថ​នេះ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ទូលំទូលាយ​ផងដែរ​។​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ផ្សព្វ​​ផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែមីនាថា កន្លងមក​ក្រសួង​បាន​នាំចូល​ឱសថ Molnatris (Molnupiravir Capsules 200mg) ដើម្បី​ចែកចាយ​បន្ត​ក្នុងតម្លៃ ​៥៥ ដុល្លារ ​ក្នុង ​១ ដូ​ស​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ ​១៩ ចាប់ពី​កម្រិត​ស្រាល​ទៅ​មធ្យម​ចំពោះ​មនុស្សពេញវ័យ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ឱសថ​នេះ និង​ចូលរួម​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​ប្រជាពលរដ្ឋ​រាជរដ្ឋាភិបាល​បានផ្តល់​ថវិកាបដិភាគ​។ ដូច​​នេះ ក្រុមការងារ​នឹង​ចែកចាយ​ឱសថ ម៉ូ​ល​ណា​ទ្រី​ស ក្នុងតម្លៃ ​៥០ ​ដុល្លារ​អាមេរិក ក្នុង​ ១​ ដូ​ស​ចាប់​ពីថ្ងៃ​ចន្ទ​ ទី ​១៤ ខែ មីនា ឆ្នាំ ​២០២២ នេះ​តទៅជូន​មន្ទីរ​​ពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណ​​ជន​»​។​

​ក្រសួង​បានឱ្យដឹង​ទៀតថា បុគ្គល​ម្នាក់​មាន​សិទ្ធិ​បញ្ជា​ទិញ​ពី ​១ ដល់ ១០ ​ដូ​ស ​ខណៈ​មន្ទីរ​ពេទ្យ​ឯកជន គ្លីនិក ឱសថ​​ស្ថាន និង​ឱសថស្ថាន​រង មាន​សិទ្ធិ​បញ្ជា​ទិញ​ពី ​១០ ​ដល់​ ១០០ ដូ​ស ហើយ​អាច​លក់​បន្ត​មិន​លើសពី ៦០ ​ដុល្លារ ​ក្នុង ១ ​ដូ​ស​។ អ្នកបញ្ជា​ទិញ អាច​បញ្ជា​ទិញ​សាជាថ្មី​យ៉ាងតិច ១​ សប្តាហ៍ ក្រោយ​បញ្ជា​ទិញ​លើក​ចុង​​ក្រោយ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​សាខា​ប្រៃសណីយ៍​នៅតាម​ខេត្ត​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់ថា​៖ «​ករណី​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង ឬ​អ្នកលក់​យកទៅលក់​បន្ត​លើសពី​តម្លៃ​កំណត់​ខាងលើ ក្រុម​ការ​​ងារ​នឹង​សហការ​ជាមួយ​អាជ្ញា​​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់​​វិធានការ តាម​នីតិវិធី​ជាធរ​មាន​»​។​

​ទន្ទឹមនឹង​នេះដែរ នាយក​​រដ្ឋមន្ត្រីបានអនុញ្ញាត​ឱ្យ​រោង​​ចក្រ​ក្នុងស្រុក​មាន​សិទ្ធិ​ផលិត​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩ ប្រភេទម៉ូ​ល​នូ​ពី​រ៉ា​វា (Molnupiravir) នៅក្នុង​ស្រុក​ដើម្បី​សម្រួល​ដល់​ច​រា​​ចរណ៍​នៃ​ឱសថ​នេះ​ និង​ឱ្យ​ឱសថ​នេះ​មាន​វត្តមាន​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​រដ្ឋលេខាធិការ​ក្រសួង​សុខា​​ភិ​បាល លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​​មាន​ដូចនេះ ក្នុង​ពិធី​ប្រគល់​​ទទួល​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ​២០ ​គ្រឿង ​ទៅដល់​មន្ទីរ​​សុខាភិបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃទី ​១០ ខែ មីនា ឆ្នាំ ២០២២ កន្លងទៅ​។​

​ជាមួយគ្នានេះ លោកស្រី​បានឱ្យដឹងថា ប្រភេទ​ឱសថ​ម៉ូ​ល​នូ​ពី​រ៉ា​វា​នេះ ទទួល​បានការ​​សម្រេច​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​លោក ហ៊ុន សែន ឱ្យ​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុ​ជា មាន​សិទ្ធិ​ផលិត​ឱសថ​នេះ​ ដើម្បី​សម្រាល​សម្រួល​ដល់​ការ​ចរាចរណ៍​ឱសថ​ផង និង​ក៏ដូចជា​ធ្វើឱ្យ​ឱសថ​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ​យើង​បាន​ទូលំ​​ទូលាយ​ផងដែរ​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថា​៖ «​គោល​​បំណង​ទី​២ គឺក្នុងទិសដៅ​មួយ​ឱ្យ​តម្លៃ​នៃ​ឱសថ​នេះ មានការ​​ធ្លាក់ចុះ​មួយកម្រិត​ផងដែរ​។ អ៊ីចឹង​! បច្ចុប្បន្ននេះ មិន​ត្រឹម​តែមាន​ការផលិត​ក្នុងស្រុក​ទេ​ដែល​ក្រសួងសុខាភិបាល មានការ​​សម្រេច​ពីស​ម្តេច​តេ​ជោ​រួច​​ហើយ យើង​ក៏​មានការ​ផ្តល់នូវ​បញ្ជិកា​ដល់​ឱសថ​មួយចំនួនទៀត​ដែល​នាំចូល​មកពី​ប្រទេសក្រៅ ដែល​បងប្អូន​យើង​អាច​រកបាន​នៅលើ​ទីផ្សារ​តាម​ឱសថ​​ស្ថាន​នានា ​ដែលមាន​ច្បាប់​​អនុញ្ញាត​ត្រឹមត្រូវ​ផងដែរ​»​។​

​លោកស្រី​បានធ្វើការ​បញ្ជាក់​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​​ខ្វះ​ឱសថ​ប្រភេទម៉ូ​ល​នូ​ពី​រ៉ា​វា​នេះ ហើយ​ប្រសិនបើ​មិនមាន​ឱសថ​នេះ ក៏មាន​ឱសថ​ផ្សេងទៀត​ផងដែរ ពិសេស​ឱសថ​​បុរាណ​ចិន​ក៏​នៅតែមាន​ប្រសិទ្ធ​​ភាព​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ដូចគ្នា​ដែរ​។​

​លោកស្រី ឱ វណ្ណឌី​ន មានប្រសាសន៍ថា​៖ «​យើង​បាន​ផលិត​រួចហើយ នូវ​ឱសថ​នេះ និង​ក៏បាន​ចរាចរណ៍​រួចហើយ​ដែរ ហើយ​យើង​ក៏មាន​គម្រោង​នាំចេញ​ទៅ​លក់​នៅ​ប្រទេសក្រៅ​ផងដែរ​»៕

វីដេអូ៖