The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - CHRC បង្ហាញ​លទ្ធផល​ការពារ​របាយការណ៍​ជាតិ​នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស UN

CHRC បង្ហាញ​លទ្ធផល​ការពារ​របាយការណ៍​ជាតិ​នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស UN

Content image - Phnom Penh Post
លោក ជិន ម៉ាលីន នៅ​ក្នុង​កិច្ច​ប្រជុំកាលពីថ្ងៃទី​ ១២​ ខែ មីនា​​​ ឆ្នាំ ២០២២។ រូបថត CHRC

CHRC បង្ហាញ​លទ្ធផល​ការពារ​របាយការណ៍​ជាតិ​នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស UN

​ភ្នំពេញៈ គណៈកម្មាធិការ​​សិទ្ធិមនុស្ស​កម្ពុជា (CHRC) បានបង្ហាញ​លទ្ធផល​នៃ​ការ​ការ​​ពារ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កតិកាសញ្ញា​អន្តរ​​ជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​បន្ទាប់ពី​បាន​ចូលរួម​ពិនិត្យ​របាយការណ៍​ជាមួយ​ភាគី​ពាក់ព័ន្ធ​អស់​រយៈពេល ៣ ​ថ្ងៃ ​នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CHRC ចុះ​ថ្ងៃទី ​១១ ខែមីនា ​បានឱ្យដឹងថា អនុប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន បាន​ដឹកនាំ​ប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រតិភូ​អន្តរក្រសួង រួមមានក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួង​កិច្ចការនារី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ព័ត៌មានចំនួន ៩ ​រូប ចូលរួម​ការ​ពិនិត្យ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កតិកាសញ្ញា​អន្តរ​​ជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) ជុំ​ទី​៣ ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​១១ ខែ មីនា ឆ្នាំ​ ២០២២ ក្នុងសម័យ​​ប្រជុំ​លើក​ទី​១៣៤ របស់​គណៈ​​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​អង្គការ​​សហប្រជាជាតិ​។​

​ការពិនិត្យ​របាយការណ៍​ជាតិ​របស់​កម្ពុជា បាន​ប្រព្រឹត្ត​ទៅក្នុង​ទម្រង់​ហាយ​ប្រ៊ី​ដ (Hybrid) ដោយ​គណៈប្រតិភូ​អន្តរក្រសួង​/​ស្ថាប័ន ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ ហើយ​ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃ​យ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ចូលរួម​នៅក្នុង​សាលប្រជុំ​ដោយផ្ទាល់​ជាមួយ សមាជិក​​សមាជិការបស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​អង្គការ​​សហប្រជាជាតិ​។​

CHRC បន្តថា ការពិនិត្យ​របាយ​​ការណ៍​ជាតិជា​យន្តការ​មួយ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​ធ្វើឡើង​ដើម្បី​តាមដាន​ការ​អនុ​​វត្តបទ​ប្បញ្ញត្តិ​ទាំងឡាយ ដែល​មានចែង​នៅក្នុង ICCPR ដោយ​រដ្ឋ​ភាគី​។ ការពិនិត្យ​របាយ​ការ​​ណ៍​នេះ​ មិនមែនជា​វេទិកា​បន្តុះ​​បង្អាប់ រិះគន់ ឬ​វាយប្រហារ​គ្នា អំពី​បញ្ហា​សិទ្ធិមនុស្ស​នោះទេ តែ​ជា​កិច្ចសន្ទនា​បែប​ស្ថាបនា រវាង​គណៈប្រតិភូ​នៃ​រដ្ឋ​ភាគី និង​សមា​​ជិ​ក​សមាជិកា​នៃ​គណៈកម្មាធិការ ក្នុង​គោលដៅ ចែករំលែក​ ឬ​ផ្លាស់​ប្តូរ​គ្នា​ទៅវិញទៅមក​នូវ​ការ​អនុ​​វត្ត​ល្អៗ បទពិសោធ ចំណុច​ខ្វះ​​ខាត កង្វល់ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ ព្រមទាំង​ទិសដៅ​ការងារ​ទៅ​ថ្ងៃ​អនាគត ដើម្បី​ធានា​នូវ​ការអនុវត្ត និង​ការគោរព តាម​បទ​ប្បញ្ញត្តិ ICCPR​។​

​ក្រោយពី​បញ្ចប់​កិច្ចសន្ទនា គណៈកម្មាធិការ​សិទ្ធិមនុស្ស អង្គ​​ការ​សហប្រជាជាតិ នឹង​ចេញ​ជា​អនុសាសន៍​ផ្សេងៗ​សម្រាប់​ឱ្យ​រដ្ឋ​ភាគី ពិនិត្យ និង​ពិចារណា​ក្នុងការ​អនុវត្ត​បន្តទៀត ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត និង​ធ្វើឱ្យ​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​ថែមទៀត​។​

CHRC បន្តថា នៅក្នុង​កិច្ច​សន្ទនា​រយៈពេល​៣​ថ្ងៃនេះ សមា​​ជិ​ក​សមាជិកា​នៃ​គណៈកម្មាធិការ​បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​វឌ្ឍនភាព​នានា ដែល​កម្ពុជា​សម្រេចបាន ក្នុងការ​អនុវត្ត​បទ​ប្បញ្ញត្តិ​នៃ ICCPR ព្រមទាំង​លើក​ជា​សំណួរ ដើម្បី​ទទួលបាន​ព័ត៌មាន ការបំភ្លឺ ការបកស្រាយ និង​ការពន្យល់​បន្ថែម ពាក់ព័ន្ធ​នឹង​វិស័យ​មួយចំនួន​។ ក្នុងនោះ​មាន ដូចជា​ក្របខ័ណ្ឌ​ច្បាប់​ជាតិ ការបង្កើត​ស្ថាប័ន​សិ​ទិ្ធ​មនុស្ស​​ជាតិ ការប្រឆាំង​អំពើពុករលួយ ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​អាសន្ន ច្បាប់​កូ​វីដ​ ១៩ វិធានការ​ច្បាប់​ក្នុងស្ថានភាព​កូ​វីដ បញ្ហា​និ​ទណ្ឌ​ភាព ការមិន​រើសអើង អំពើហិង្សា​ប្រឆាំង​នារី​ភេទ ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​​តុលាការ អំពើ​ទារុណកម្ម ការ​​ដកហូត​សេរីភាព ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​ការ​​ងារ ឯករាជភាព​ប្រព័ន្ធតុលាការ សេរីភាព​បញ្ចេញមតិ សមាគម​និង​ការជួបប្រជុំ លម្ហ​ប្រជា​ធិ​ប​​តេ​យ្យ និង​សង្គម​ស៊ីវិល សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ច​ការធ្វើ​នយោបាយ ប្រព័ន្ធ​​យុត្តិធម៌​អនីតិជន បញ្ហា​យុត្តិធម៌​សង្គម បញ្ហាដីធ្លី និង​សិទ្ធិ​ជន​​ជាតិ​ដើម​ភាគតិចជាដើម​។​

CHRC បញ្ជាក់ថា ជាការ​ឆ្លើយតប គណៈប្រតិភូ​កម្ពុជា​បានរួម​សហការគ្នា​បាន​យ៉ាង​ល្អ ដោយ​ភាពម្ចាស់ការ និង​ការ​​ទទួលខុសត្រូវ​ខ្ពស់ ក្នុងនាម​ជា​តំណាង​រដ្ឋ​អធិបតេយ្យ ធ្វើការ​ឆ្លើយតប បកស្រាយ និង​បំភ្លឺ​លើ​បញ្ហា​ដែល​បានលើកឡើង​ទាំងអស់នោះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ជាតិ និង​អន្តរជាតិ ការអនុវត្ត ជា​អន្តរជាតិ ទិដ្ឋភាព​នយោបាយ និង​បច្ចេកទេស ពាក់​​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​ព្រមទាំង​បានធ្វើ​​ការបង្ហាញ​ពី​វឌ្ឍនភាព និង​កិច្ច​​ខិតខំ​ប្រឹងប្រែង​នានា​របស់​រាជ​រដ្ឋា​ភិ​បាល​ផងដែរ​ ក្នុង​កិច្ច​ការលើក​​ស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​ជាពិសេស​ក្នុងស្ថានភាព​កូ​វីដ និង​ការកសាង ថែរក្សា​បាន​នូវ​សន្តិភាព​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​។​

CHRC ធ្វើការ​សន្និដ្ឋានថា ដំណើរការ​នៃ​កិច្ចសន្ទនា​បែប​ស្ថាបនា​នេះ បានផ្តល់​ជា​វេទិកា​មួយ​សម្រាប់​កម្ពុជាដែលជា​រដ្ឋ​​ភាគី​នៃ ICCPR ក្នុងការ​បង្ហាញ​នូវ​សមិទ្ធផល​នានា​ដែល​សម្រេចបាន ពន្យល់ បកស្រាយ ចំពោះ​ការចោទប្រកាន់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ន​យោ​​បាយ ដើម្បី​បង្ហាញ​ពី​កម្ពុជា​ពិត ហើយក៏​ជា​ឱកាស​ក្នុង​ការទទួល​​បាន​នូវ​អនុសាសន៍​ពី​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ផងដែរ​។​

​នាយករង​អង្គការសិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងថា ដោយសារ​កម្ពុជា ជា​ភាគី​មួយ​ដែល​បានផ្តល់​សច្ចា​ប័ន​លើ​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដូចនេះ​កម្ពុជា​គួរ​អនុវត្ត​ឱ្យបាន​ពេញលេញ ខណៈ​លោក​មើលឃើញ​សិទ្ធិ​មួយចំនួន​ត្រូវបាន​រិត​​ត្បិត​។

លោក​ថា​៖ «​កម្ពុជា​ត្រូវតែមាន​កាតព្វកិច្ច​ក្នុងការ​អនុវត្ត ទៅលើ​កតិកាសញ្ញា​នេះ ឱ្យបាន​ត្រឹមត្រូវ​ហើយ​ជំរុញ​ការអនុវត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សិទ្ធិ​ពេញលេញ​។ គួរតែ​ពិនិត្យថា អ្វី​ជា​ចំណុច​ខ្វះខាត ដែល​យើង​មិនទាន់​កែលម្អ គួរតែ​កែលម្អ​ទៅលើ​បញ្ហា​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​អាច​ទទួលបាន​ផលចំណេញ​»​។​

​លោក​បន្តថា បើ​ផ្អែក​តាម​របាយ​​ការណ៍រ​របស់ CHRC មានការ​​លើកឡើង​ពី​ការដកហូត សេរីភាព​បញ្ចេញមតិ សមាគម និង​ការជួបប្រជុំ​លម្ហ​ប្រជា​ធិ​ប​តេ​យ្យ និង​សង្គម​ស៊ីវិល សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយជាដើម ដូច្នេះ​កម្ពុជា​គួរតែ​កែលម្អ​ទៅលើ​ចំណុច​ខ្វះខាត​ទាំងនោះ​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ព័​ត៌​មាន​ចុះផ្សាយ​ក្នុង Thai Examiner ថ្ងៃទី​ ១២ ខែ​ មិនា ឆ្នាំ ​២០២២ អំពី​ករណី​មាន​ស្ត្រីជន​​ជាតិ​ថៃ​ម្នាក់អះអាងថា ខ្លួន​បាន​ប្រឈម​នឹង​គ្រោះ​ថា្នក់នៃ​ការ​​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី បំភ្លឺថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បានប្រកាស​បដិសេធ​រួចហើយ​ថា នោះ​គឺជា​ការលើកឡើង​
​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពិតប្រាកដ​។​

​លោក​បន្តថា ទន្ទឹមនឹងនេះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ក៏បាន​ទាក់ទង​ជាមួយ​អាជ្ញា​​ធរមាន​សមត្ថកិច្ច​ថៃ ស្វែងរក​ការបញ្ជា​ក់លើ​ព័ត៌មាន​នេះ តែ​រហូតមក​ដល់ពេលនេះ (​ព្រឹក​ថ្ងៃទី​១៣ ខែមីនា​) ពុំទាន់​ទទួល​​បានការ​បញ្ជាក់​ណាមួយ​ថា នេះ​ជា​ករណី​ដែល​បាន​កើតមានឡើង​នៅ​កម្ពុជា​ដូច​ព័ត៌មាន​ដែល​បាន​ផ្សាយ​នោះឡើយ​៕

អត្ថបទគួរចាប់អារម្មណ៍