​កោះកុងៈ មន្ត្រី​ក្រសួងបរិស្ថាន និង​ដៃគូ​អភិរក្ស បាន​ចុះទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​ស្តារ​សត្វ​ខ្លា​ឡើងវិញ ដែល​បាន​សង់​រួច​លើ​ផ្ទៃដី​ទំហំ ​៩០ ​ហិកតា ​ក្នុង​ដែន​​ជម្រក​សត្វព្រៃ​តា​តៃ កាលពី​សប្តាហ៍​មុន​។​

​ការចុះទៅ​ពិនិត្យ​រួមគ្នា​នេះ ត្រូវបាន​ធ្វើឡើង ក្រោយពេល​ដែលមាន​ជំនួប​រវាង លោក​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក Satya Prakash Yadav អគ្គនាយកនៃ​អាជ្ញាធរ​ជាតិ​អភិរក្ស​សត្វ​ខ្លា នៃ​ក្រសួងបរិស្ថាន ព្រៃឈើ និង​ប្រែប្រួល​អាកាសធាតុ ប្រទេស​ឥណ្ឌា កាលពី​រសៀល​ថ្ងៃទី​ ៥ ខែ មីនា ឆ្នាំ​ ២០២២ ដើម្បី​ពិភាក្សា​ការងារ និង​ពិនិត្យ​លទ្ធភាព គម្រោង​អភិ​រក្ស​ខ្លាធំ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។

​យោងតាម​ក្រសួងបរិស្ថាន លោក លឿង កេស​រោ អគ្គ​នាយ​​ករង​នៃ​អគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ កញ្ញា Suwanna Gaunlet និង​លោក ហ៊ត់ សុគន្ធ មកពី​អង្គការ Wildlife Alliance (WA) និង​លោក Thomas Gray តំណាង​អង្គ​ការ WWF និង​ប្រតិភូ​ឥណ្ឌា​ដឹកនាំ​ដោយ​លោក Satya Prakash Yadav អមដំណើរ​ដោយ​លោក Rajesh Gopal អគ្គលេខាធិការ​នៃ​វេទិកា​សត្វ​ខ្លា​ពិភពលោក ព្រមទាំង​ជំនាញការ​ឥណ្ឌា បានធ្វើ​ដំណើរ​ដោយ​ឧទ្ធម្ភាគចក្រ និង​រថយន្ត កាលពី​ថ្ងៃទី ​៦ និង​ទី ៧ ខែ មីនា ឆ្នាំ ​២០២២ ទៅ​ខេត្តកោះកុង​។

​ដំណើរ​ចុះទៅ​មើល​នេះ គឺ​ដើម្បី​ពិនិត្យ​ទីវាល និង​វាយតម្លៃ​ពី​ស្ថានភាព​ព្រៃ​ធម្មជាតិ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​តា​តៃសំ​កុះ និង​ឧទ្យាន​ជាតិ​ក្រវាញ​កណ្តាល និង​ខាងត្បូង និង​ដើម្បី​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ​(​មាន​របង​ដែក ទ្រុង​ដែក អាងទឹក​សម្រាប់​សត្វ​ខ្លា និង​សត្វព្រៃ​ចំណី​ខ្លា និង​មជ្ឈមណ្ឌល​ស្តារ​សត្វ​ខ្លា​) ដែល​បាន​សង់​រួច​លើដី​ទំហំ ​៩០ ​ហិកតា​។

​ទីតាំង​នេះ​ស្ថិតនៅក្នុង​ដែន​​ជម្រក​សត្វព្រៃ​តា​តៃ​សម្រាប់​បន្ស៊ាំ​សត្វ​ខ្លាធំ មុន​លែង​ចូលទៅក្នុង​តំបន់​ស្នូល​នៃ​តំបន់​អភិ​​រក្ស​សត្វ​ខ្លា​។ ជាមួយគ្នានេះ តំណាង​ប្រតិភូ​ឥណ្ឌា បាន​វាយ​​តម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​បានចាត់ទុក​ប្រទេស​កម្ពុជា គឺជា​ទីតាំង​ភូមិ​​សាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​ឥណ្ឌា​ក្នុង​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ អ្នក​នាំ​​ពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែង​នៅ​ថ្ងៃទី ​១៣ ខែមីនាថា លោក​មិនទាន់មាន​លទ្ធផល​នៅឡើយ​ទេ ខណៈ កញ្ញា Suwanna Gaunlet តំណាង​អង្គការ Wildlife Alliance (WA)​ មិន​ឆ្លើយតប​ជា​មួយ​ ភ្នំពេញ ​ប៉ុស្តិ៍ បន្ទាប់ពី​ឃើញ​សំណួរ​ដែល​ត្រូវ​បានដាក់​ទៅជូន​លោកស្រី​តាម​តេ​ឡេ​ក្រាម​។​

​ចំណែក​លោក​លឿង កេស​រោ មិនអាច​ទាក់ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ហើយ​តែ​ពុំមាន​អ្នកទទួល​។​

​លោក​ ឡាំ សុផល ​មន្ត្រី​សាលាស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្លែង​នៅ​ថ្ងៃទី ​១៣ ខែមីនាថា លោក​ស្វាគមន៍​រាល់​គម្រោង និង​ការអភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្ម​​ជាតិ ជួរ​ភ្នំក្រវាញ ដែល​តំបន់​ទាំងនេះ មាន​ភាព​អំ​ណាយ​ផល សម្រាប់​អភិរក្ស និង​ការពារ​សត្វ​​ព្រៃ​គ្រប់​ប្រភេទ​។ «​វា​ជា​ការល្អ​ហើយ​នៅពេល​មាន​គេ​នាំ​សត្វ​ព្រៃ​ពូជ​យកមក​លែង និង​អភិ​ រក្ស នៅក្នុង​តំបន់​ការពារ ដើម្បី​ចៀសវាង​បាត់​ពូជ​សត្វព្រៃ​យើង​។ ខ្ញុំ​គាំទ្រ​ហើយ ប៉ុន្តែ​កិច្ចការ​ផ្សេង​​ទៀត ខ្ញុំ​អត់​ដឹង​ទេ​»។

លោ​ក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ពាក់ព័ន្ធ​នឹង​គម្រោង​សត្វ​ខ្លាធំ គឺជាគម្រោង​មួយ​ដែល​ក្រសួងបរិស្ថាន សហការ​រៀបចំ និង​ចូលរួម​ធ្វើ​កិច្ចការ​នេះ​រួមគ្នា​រវាង អង្គការ Wildlife Alliance (WA) និង អង្គការ WWF ​ក្នុងការ​ស្តារឡើងវិញ​នូវ​សត្វ​ខ្លាធំ។ សត្វ​ខ្លាធំ​នេះ ត្រូវបានគេ​ជឿថា​ បាន​ដាច់​ពូជនៅក្នុង​ប្រទេស​កម្ពុជា ​ហើយ​ការរកឃើញ​ចុងក្រោយនៅ​អំឡុង​ឆ្នាំ ២០០០ ជាង​។​

លោក​បន្តថា គម្រោង​នេះ គឺជា​គម្រោង ដែល​អាច​នឹង​នាំយក​សត្វ​ខ្លាធំ មក​ដាក់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បន្សាំ និង​លែង​វា ឱ្យចូល​ទៅក្នុង​ព្រៃ ដើម្បី​បង្កើតឱ្យមាន​វត្តមាន​ស​ត្វ​ខ្លាធំ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​។ ប៉ុន្តែដើម្បី​អាចដាក់​សត្វ​ខ្លាធំ​នៅក្នុង​ព្រៃ​បាន តម្រូវឱ្យមាន​ការថែរក្សា​ទីតាំង (​ព្រៃ​) ដែលមាន​សុវត្ថិភាព ជាពិសេស​ចំណី​របស់​សត្វ​ខ្លា ព្រោះ​យើង​ដឹង​ហើយ​ថា សត្វ​ខ្លា វា​ស៊ីសាច់​ជា​អាហារ។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ង​សត្វរំពា​ដែលជា​ប្រភេទ​សត្វ​ចំណី​របស់​វា គឺ​ត្រូវតែមាន ហើយ អាហ្នឹង ដែល​យើង​ត្រូវ​រៀបចំ​ផែនការ​សិក្សា ឱ្យបាន​លម្អិត​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​។ នៅពេលដែល​យកមក​ហ្នឹង​តើ វា​បន្សាំ​តំបន់​រស់នៅ ឬ ក៏​ការរស់នៅ ចំណី​វា​យ៉ាងម៉េច​។ ដូច្នេះ ក្រុមបច្ចេកទេស អង្គការ WWF អង្គការ WA និង​ខាង​ឥណ្ឌា ដែលជា​មន្ត្រី​ជំនាញ ខាង​ផ្នែក​អភិរក្ស​សត្វ​ខ្លាធំ និង​ក្រសួងបរិស្ថាន គឺ​ធ្វើ​កិច្ចការ​រួមគ្នា ដើម្បី​រៀបចំ​បច្ចេកទេស មុននឹង​យក​សត្វ​ខ្លាធំ យក​ដាក់​បន្សាំ​សម្រាប់ធ្វើ​សមាហរណកម្ម​នៅក្នុង​ព្រៃរបស់​កម្ពុជា​»​។​

​បើតាម លោក នេត្រ ភក្ត្រា កម្ពុ​ជាមាន​ប្រភេទ​សត្វ​ខ្លា​ច្រើន​នៅក្នុង​ព្រៃ និង​តំបន់​ការពារ​មានដូចជា ខ្លា​ពពក មាន​ខ្លា​លឿង​ពណ៌​មាស មាន​ខ្លារខិន ឆ្មា​ដាវ និង​ខ្លាត្រី ជាដើម ប៉ុន្តែ កម្ពុជា​បាន​បាត់​ប្រភេទ​ពូជ​ខ្លាធំ​នេះ ខណៈ​ការនាំយក​ខ្លាធំ​មកកាន់​កម្ពុជា​នឹងធ្វើ​ឱ្យ​កម្ពុ​ជាមាន​សត្វ​ខ្លាធំ​ឡើងវិញ​។ ជាមួយគ្នានេះ វា​ជាការ​មួយ​ល្អ​ដែល​កម្ពុជា ត្រូវការ​បង្កើត​វត្តមាន​សត្វ​ខ្លាធំ​នៅក្នុង​ប្រទេស​។​

​ទោះជា​យ៉ាងណា​លោក​ថា ជាការ​គួរឱ្យ​សោកស្តាយ​ចំពោះ​ការបាត់បង់​ប្រភេទ​សត្វ​ខ្លាធំ​នេះ និង​ត្រូវបាន​គេ​ជឿជាក់ថា វា​បង្កឡើង​ដោយ​ការបាញ់​សត្វ​ខុសច្បាប់​។ ដូច្នេះ បានជា​ក្រសួងបរិស្ថាន​ធ្វើ​យុទ្ធនាការ «​អន្ទាក់​សូន្យ​» ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​ការប្រើប្រាស់​នៅក្នុង​តំបន់ការពារធម្មជាតិ បង្កើត​វត្តមាន​សត្វ​ឡើងវិញ និង​ធ្វើការ​សិក្សា ប្រភេទ​សត្វ​ណា​ដែល​ផុត​ពូជ និង​សត្វ​ណា​ដែល​អាចធ្វើ​សមាហរណកម្ម​នៅក្នុង​ព្រៃ​បាន យើង​នឹង​ជំរុញឱ្យមាន​ការដាក់​រៀ​ប​ចំ​បន្ថែម​។​

​លោក​ថ្លែងថា​៖ «​យើង​ជឿជាក់​គម្រោង​សមាហរណកម្ម​ខ្លាធំ​នៅក្នុង​ព្រៃ​នេះ ដែលមាន អង្គការ WA , WWF ទៅ​ថ្ងៃ​អនាគត​យើង​នឹងមាន​វត្តមាន​សត្វ​ខ្លាធំ​នៅក្នុង​ប្រទេស​កម្ពុជា ឡើងវិញ​»៕​