កំពង់ឆ្នាំងៈ បន្ទាប់ពី​មុខរបរ​ធ្វើស្រែ​ចម្ការ អ្នកភូមិ​ខ្លែង​ព័រ នៃ​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននាំគ្នា​លុក​ចូល​ក្នុងព្រៃ និង​តាម​ជ្រលង​ដងភ្នំ​មួយចំនួន​នៅក្នុង​ខេត្ត​នេះ ដើម្បី​រក​រុក្ខជាតិ​ឱសថ​យកមក​កាប់​ច​ញ្ច្រាំ និង​ហា​លស​ម្ងួ​ត​សម្រាប់​លក់​ឱ្យ​ឈ្មួញ​លក់​ឱសថ​បុរាណ​នៅ​ភ្នំពេញ​ តាម​​រយៈ​ឈ្មួញកណ្ដាល​ក្នុង​សហគមន៍​ពួកគាត់​។​

​លោក កៅ មឿ​ន មេភូមិ​ខ្លែង​ព័រ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា មុខរបរ​នេះ គឺជា​មុខរបរ​បន្ទាប់បន្សំ​មួយ នៅក្នុង​ការ​​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ បន្ទាប់ពី​ការធ្វើ​ស្រែចម្ការ​។ ​ដំបូង​ឡើយ​មាន​អ្នកភូមិ​របស់លោក​ប្រមាណ​ ៦-៧ ​គ្រួសារ​ប៉ុណ្ណោះ រួមទាំង​គ្រួសារ​លោក​ផង ដែល​បាន​ប្រកបមុខរបរ​នេះ​ បន្ទាប់ពី​ធ្វើស្រែ​ចម្ការ​។ ប៉ុន្តែ​បច្ចុប្បន្ន អ្នកភូមិ​សឹងតែ​គ្រប់​ផ្ទះ បាននាំគ្នា​ចាប់​រកមុខ​​របរ​នេះ ជាពិសេស​តាំងពី​មានការ​​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ ​១៩​។​

​លោក​ថ្លែងថា​៖ «​ក្នុង ​១ ​សប្ដាហ៍​ម្ដង​​ ខ្ញុំ​បាន​ឡើង​ភ្នំ ដើម្បី​កាប់ កាត់ និង​ជីក​គាស់​មើម​រុក្ខជាតិ​ឱសថ យកមក​ឱ្យ​ប្រពន្ធ​ខ្ញុំ​កាប់​ចិញ្ច្រាំ និង​ហា​លស​ម្ងួ​ត​​ទុក​លក់​ឱ្យ​ឈ្មួញកណ្ដាល​ដែល​គេ​យក​

​ទៅ​លក់​បន្ត​ឱ្យ​អ្នកលក់​ឱសថ​បុរាណ​ក្នុង​រាជធានី​ភ្នំពេញ​។ ​តាមរយៈ​មុខរបរ​បន្ទាប់បន្សំ​នេះ ​គ្រួសារ​ខ្ញុំ​អាច​រកប្រាក់​ចំណូល​បន្ថែ​ម​ពី ៣០-៤៥ ​ម៉ឺន​រៀល ​ក្នុង ​១ ​ខែ​ផងដែរ​»​។​

​បើតាម​លោក មឿ​ន គាត់​បាន​ចំណាយពេល​ ២-៣ ​ថ្ងៃ ដើម្បី​ចូល​ព្រៃ ​ឬ​ឡើង​ភ្នំ​ស្វែងរក​រុក្ខជាតិ​ឱសថ ដូចជា មើម​ទំពាំងបាយជូរ​ព្រៃ​,​មើម​រពាក់​, ​មើម​វល្លិ​គុយ​, ​ប៉ប្រក​, ​ទេព្វិរូ​, ​សម្បក​-​កណ្ដោល​, ​ពពេល​ខែ​, ​កណ្ដាប់ឈ្នាង​, ​ដំរី​ ៥​ ដក​, ​កម្រើក​គុម្ព​, ​ឆ្កែស្រែង​, ​ក្ដាំងងា​, ​ល្វា​ព្រៃ និង​ដើម​ត្រចៀកជ្រូក​ជាដើម​។​

​ចំណែក​តម្លៃ​វិញ ​គឺ​អាស្រ័យទៅលើ​ប្រភេទ​នៃ​រុក្ខជាតិ​ឱសថ​នីមួយៗ និង​អាស្រ័យ​ទៅតាម​រដូវ​កាល​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​រដូវ​​ប្រាំង​តម្លៃ​មិនសូវ​ជា​បាន​ថ្លៃ​នោះទេ គឺ​ប្រមាណ​ពី​ ៥០០ ​រៀល​ទៅ ​៣ ០០០ ​រៀល​ ​ក្នុង ​១ ​គីឡូក្រាម អាស្រ័យ​ដោយ​ប្រ​​ភេទ​រុក្ខជាតិ​នីមួយៗ​ដែល​គេ​ពេញ​​និយម​។ ម្យ៉ាងទៀត​ក្នុង​រដូវប្រាំង​អ្នក​ភូមិ​ជាច្រើន បា​នរក​រុក្ខជាតិ​ឱសថ​នេះ ដើម្បី​កាប់​ចិញ្ច្រាំ និង​ហាល​លក់ ព្រោះ​វា​មាន​ថ្ងៃ​ងាយ​ហា​លស​ម្ងួ​ត​»​។​

​ស្រដៀង​គ្នា​នេះដែរ លោក ឈឿង ឃា អាយុ​ ៥៦ ​ឆ្នាំ ជា​ជាងឈើ​នៅក្នុង​ភូមិ​ខ្លែង​ព័រ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កាលពីមុន​គាត់​មិនដែល​ចូល​ព្រៃ​ ដើម្បី​រក​រុក្ខជាតិ​ឱសថ​ទុក​លក់​នោះទេ​។​

​ក្រៅពី​ការងារ​ស្រែចម្ការ​គាត់​តែងតែ​ដើរ​ម៉ៅការ​សាងសង់​នៅក្នុង​ភូមិ​ជា​​មួយ​គ្នា ​ឬ​នៅតាម​ភូមិ​ស្រុក​ផ្សេងទៀត​ ប៉ុន្តែ​តាំងពី​មានការ​បិទ​ខ្ទប់​ប្រទេស​ដោយ​​សារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ​១៩ ​មក​គាត់​មិនអាច​រកប្រាក់​បន្ថែម​តាមរយៈ​ការ​ម៉ៅការ​សំណង់​ទៀតឡើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ធ្វើស្រែ​តែ​មួយ​មុខ​មិនអាច​លើកស្ទួយ​ជីវភាព​គ្រួសារ​យើង​បានទេ​។ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ ​រួមទាំង​កូន​ ២ ​នាក់​ទៀត​ បាននាំគ្នា​ចូល​ព្រៃ​រក​វល្លិ​ឫស​ឈើ សម្បកឈើ ផ្សិត និង​មើម​រុក្ខជាតិ​​ឱសថ​ ១ ​ចំនួន​ទៀត​ មក​កាប់​ចិញ្ច្រាំ​ហាលថ្ងៃ​ទុក​លក់ ​ដើម្បី​ជួយ​ទំនុកបម្រុង​ក្នុង​ជីវភាព​គ្រួសារ​»​។​

​ថ្វីបើ​ការងារ​បន្ទាប់បន្សំ​ថ្មី​នេះ​អាចជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ក្ដី ប៉ុន្តែលោក ឃា ហាក់​មិនសូវ​រីករាយ​នោះទេ នៅពេល​សួរថា​ តើ​ក្នុង ​១ ​ខែ​ ​គ្រួសារ​លោក​ទទួលបាន​ប្រាក់ចំណូល​ពី​ការរុករក​រុក្ខជាតិ​ឱសថ​ប៉ុន្មាន​?

​លោក ឃា បាន​ដក​ដង្ហើមធំ​ហើយ​បាន​និយាយថា​៖ «​បានតែ​ ២០-៣០ ​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​ ព្រោះ​ពេលខ្លះ​ឈ្មួញកណ្ដាល​គេ​មិន​ទិញ ដោយ​អះ​​អាង​ថា គ្មាន​ការបញ្ជាទិញ​ពី​ភ្នំពេញ​»​។​

​ទន្ទឹមនឹងនេះ លោក ឃា បាន​និយាយ​​ថា គាត់ និង​អ្នកភូមិ​ខ្លែង​ព័រ ស្គាល់ឈ្មោះ​ដើម​រុក្ខជាតិ​ឱសថ ប៉ុន្តែ​គ្មាន​នរ​​ណា​ម្នាក់​ចេះ​ផ្សំ​រុក្ខជាតិ​ឱសថ​ទាំង​​នោះ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ​។ ​នេះ​ជា​មូលហេតុ​ដែលនាំឱ្យ​ពួកគាត់​មិនអាច​ផ្សំ​រុក្ខជាតិ​ឱសថ​ទាំងនោះ ដើម្បី​លក់​ក្នុងតម្លៃ​ខ្ពស់​បាន​។​

​បើតាម​លោក ឃា ឥឡូវនេះ​អ្នកភូមិ​របស់លោក​ប្រមាណ ​៣០-៤០ ​គ្រួសារ​ ហើយ​បាននាំគ្នា​ប្រកបមុខរបរ បន្ទាប់​​បន្សំ​នេះ​។​ វា​ក៏​ជា​និ​ន្ន​នា​ការ​មួយ​ដែល​ធ្វើឱ្យ​តម្លៃ​នៃ​រុក្ខជាតិ​ឱសថ​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់ ហើយ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ពូជ​រុក្ខជាតិ​ឱសថ​មួយចំនួន​ពី​ក្នុងព្រៃ​ធម្មជាតិ​ទៀតផង​។​

​នៅ​កែង​ផ្សារ​អូរឫស្សី​មាន​ហាង​លក់​ឱសថ​បុរាណ​យ៉ាងច្រើន​។​ ហាង​ខ្នាតតូច​ជាច្រើន​ទាំងនោះ​ គឺជា​ការបញ្ជាក់​ពី​ជំនួញ​ឱសថ​បុរាណ​របស់​កម្ពុជា​ដែល​កំពុង​រីកលូតលាស់​។​ រុក្ខជាតិ​ឱសថ​ភាគច្រើន​ប្រមូល​ទិញ​ពី​ឈ្មួញកណ្ដាល ដែល​នាំ​មកពី​បណ្ដា​ទីជនបទ​ដាច់​​ស្រយាល​នៃ​ប្រទេស​កម្ពុជា ហើយ​ខ្លះទៀត​នាំចូល​ពី​ក្រៅប្រទេស​។​

​អ្នកស្រី គង់ ខៀវ​ឆេង អាយុ​ ៣៦​ ឆ្នាំ ម្ចាស់​ហាង​ឱសថ​បុរាណ សញ្ញា​មើម​ប្រង់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ជាទូទៅ​ហាង​របស់​អ្នកស្រី​ប្រមូល​ទិញ​រុក្ខជាតិ​ឱសថ​ពី​តាម​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស ប៉ុន្តែ​ភាគច្រើន​មកពី​ខេត្តកំពង់ឆ្នាំង បាត់ដំបង និង ខេត្ត​ព្រះសីហនុ​។

​អ្នកស្រីបាន​បញ្ជាក់ថា​៖ «​ហាង​យើង​​ខ្ញុំ​មិន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ទេ ហើយក៏​មិន​គ្រប់​ប្រភេទ​រុក្ខជាតិ​ឱសថ​ដែរ គឺ​យើង​បញ្ជា​ទិញ​ពី​ឈ្មួញកណ្ដាល​នៅតាម​ខេត្ត តាម​ការ​​បញ្ជា​ទិញ​ពី​គ្រូ​ផ្សំ​ថ្នាំ​ឱសថ​បុរាណ​មួយចំនួន​តែប៉ុណ្ណោះ​»​។​

​ថ្វី​ដ្បិត​ជា​អ្នក​ប្រកបមុខរបរ​លក់​រុក្ខជាតិ​ឱសថ​បុរាណ ប៉ុន្តែ​អ្នកស្រី ខៀវ​ឆេង មិនចេះ​ផ្សំ​រុក្ខជាតិ​ឱសថ​ទាំងនោះ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ ក្រៅពី​អាច​យល់ដឹង​ខ្លះៗ​ថា​ រុក្ខជាតិ​ឱសថ​ខ្លះ​អាច​ព្យាបាល​ជំងឺ ក្រពះ ពោះ​​វៀន រ៉ាំ​រ៉ៃបាន ហើយ​រុក្ខជាតិ​ឱសថ​ខ្លះទៀត អាច​ព្យាបាល​ជំងឺ​សន្លាក់​​ និង​សរសៃ និង​ជំងឺលើសឈាម​ ឬ​​លើស​ជាតិ​ស្ករ​បាន​។​

​អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​អាច​ដឹង​ខ្លះៗ​ពី​ប្រភេទ​រុក្ខជាតិ​ឱសថ ដែល​អាច​ព្យា​បាល​ជំងឺ ដូចជា ក្រពះ ពោះវៀន សន្លាក់ សរសៃ លើស​សម្ពាធ​ឈាម ឬ​លើស​ជាតិ​ស្ករ ប៉ុន្តែ​ខ្ញុំ​មិនមែនជា​គ្រូឱសថបុរាណ​ទេ ដូច្នេះនៅពេល​មាន​អតិថិជន​មករក​ទិញ​ហើយ​សុំឱ្យ​ខ្ញុំ​ជួយ​ផ្សំ​ថ្នាំ​ឱសថ​បុរាណ​នោះ គឺ​ខ្ញុំ​តែងតែ​បដិសេធ​»​។​

​ជុំវិញ​ការ​ជាវ​រុក្ខជាតិ​ឱសថ​មក​ផ្សំ​ដើម្បី​ព្យាបាល​ជំងឺ​ខ្លួនឯង​ដោយ​មិនបាន​ពិគ្រោះ​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​ឱសថ​បុរាណ និង​ដោយ​គ្មាន​ការ​ថ្លឹង​ឱ្យបាន​ត្រឹមត្រូវ​តាម​កម្រិត​ដូ​ស​នៃ​សារ​ធាតុគីមី​ដែលមាន​នៅក្នុង​រុក្ខជាតិ​ឱសថនោះ អាច​បង្ក​ជា​ហានិភ័យ​ធ្ងន់​​ធ្ង​រ​ដល់​សុខភាព ដូចជាបង្កឱ្យមាន​ជំងឺ​ក្រិន​ថ្លើម ឬ​បង្ក​ឱ្យ​ពុល​ស្លាប់​ភ្លាម​។ នេះ​បើតាម លោក ចាន់ ស៊ី​ណេ​ត គ្រូពេទ្យ​ឯកទេស​ផ្នែក​ឱសថ​រុក្ខជាតិ​និង​ថ្នាំ​បន្ទាប់បន្សំ​នៃ​មន្ទីរពេទ្យបង្អែក​កម្ពុជា​-​ចិន សែន​សុខ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ផ្សំ​ឬ លាយ​បញ្ចូល​គ្នា នៃ​មើម ដើម ឫស និង​សម្បក​រុក្ខជាតិ​ឱសថ ដោយ​មិនបាន​ថ្លឹង​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​កម្រិត​ដូ​ស ហើយ​យកមក​ដាំទឹក ឬ​ត្រាំ​ស្រា​សម្រាប់​ព្យាបាល​ជំងឺ​នោះ អាច​បង្ក​ផលប៉ះពាល់​ដល់​កោសិកា​ថ្លើម ធ្វើឱ្យ​ក្រិន​ថ្លើម និង​អាច​បង្ក​ឱ្យ​ពុល​ស្លាប់​​ភ្លាមៗ​បាន នៅពេលដែល​អ្នកជំងឺ​ប្រើ​លើស​ចំណុះ​»៕