​ភ្នំពេញៈ រថយន្ត​ដឹក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ចំនួន​ ១០ ​គ្រឿង ដែលជា​ជំនួយ​មនុស្សធម៌​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ត្រូវបាន​ប្រគល់ជូនរ​ដ្ឋា​ភិ​បាល​​ឡាវ ដែល​ជំនួយ​នេះ នឹង​ជួយ​បង្កើន​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស​ឡាវ ​ឱ្យមាន​ប្រសិទ្ធភាព និង​បង្កើន​ចំណងមិត្តភាព​ទ្វេភាគី​បន្ថែមទៀត​រវាង​ប្រទេស​ទាំង ​២​។

​ក្នុង​ពិធី​ប្រគល់​រថយន្ត​ទាំង​នេះ ​ត្រូវបាន​ធ្វើឡើង​នៅ​ច្រក​អន្ដរជាតិ​កម្ពុជា​-​ឡាវ នា​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល​-​ណុង​-​ណុ​ក​ខៀន នៅ​ព្រឹក​ថ្ងៃទី ​១២ ខែមីនា​។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណ​ឌី​ន បាន​ថ្លែងថា រថយន្ត​នេះ​សម្រាប់​បម្រើឱ្យ​ការឆ្លើយតប ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩ ជាពិសេស​សម្រាប់​ជួយ​ពង្រឹង​ដល់​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩​ នៅក្នុង​ប្រទេស​ឡាវ​។​

​លោកស្រី​បន្តថា កម្ពុជា និង​ឡាវ​ មាន​ចំណងមិត្តភាព​ប្រពៃ​​ណី​ដ៏​យូរអង្វែង ហើយ​បច្ចុប្បន្ន​ប្រទេស​ទាំង ​២ ​ក៏មាន​កិច្ច​សហ​​ប្រតិបត្តិការ​ជិតស្និទ្ធ ក្នុង​ក្រប​ខ័​ណ្ឌ​ទ្វេភាគី ពហុភាគី ក៏ដូចជា​ក្នុង​អាស៊ាន ដើម្បី​នាំមក​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិ​​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​ដែលជា​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំង​ ២ ក៏ដូចជា​សម្រាប់​ក្នុង​តំបន់​។

​លោកស្រី​ថា​៖ «​ការផ្តល់​ជំនួយ​លើក​ទី​៤ នាពេលនេះ គឺជា​ការ​​បង្ហាញ​នូវ​ការគិតគូរ​អំពី​សុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា ជា​បងប្អូន​ដែល​រស់នៅ​ជាប់​ភូមិ​​ផង​របង​ជាមួយ និង​បង្ហាញ​ពី​សាមគ្គីភាព​យ៉ាង​ជ្រាលជ្រៅ ក្នុង​កាលៈទេសៈ​ដែល​ពិភព​លោក​ទាំងមូល កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ថែមទាំង​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត របស់​ថ្នាក់ដឹកនាំ​កម្ពុជា ចំពោះ​ប្រជាជន​ឡាវ ហើយ​ជា​កាយវិការ​មនុស្សធម៌​ប្រកបដោយ​បេះដូង​ដ៏​ល្អ​ប្រពៃ​ពិតប្រាកដ​ក្នុងន័យ​ប្រទេស​កម្ពុជា ​ជា​ប្រទេស​តូចតាច តែមាន​បេះដូង​ធំ​ទូលាយ​»​។

​លោកស្រី​ជឿជាក់ថា ការផ្តល់​អំណោយ​មនុស្សធម៌​ជា​បន្តបន្ទាប់ នឹង​បង្កើន​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ដ៏​ល្អប្រសើរ​ដ៏​យូរលង់ និង​កិច្ចសហប្រតិបត្តិការ​ជិត​​ស្និទ្ធ​រវាង​ប្រទេស​ទាំង ​២ ឱ្យ​កាន់​​តែ​រីកចម្រើន និង​វឌ្ឍនភាព​សេដ្ឋ​កិច្ច​សង្គម​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង ​២​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឡាវ លោក Bounfeng Phoummalaysith ដែល​ចូលរួម​ជា​គណៈអធិបតី​ទទួល​អំណោយ​នោះ បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​ឡាវ ក្នុងនាម​ជា​ប្រទេស​ជិត​​ខាង​ភូមិ​ផង​របង​ជាមួយគ្នា​ក៏ដូចជា កិច្ចសហប្រតិបត្តិការ​ទ្វេ​​ភាគី រវាង​ប្រទេស​ទាំង ​២ ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រកប​ដោយ​ការគិតគូរ​ខ្ពស់​រួមគ្នា​ដោះ​​ស្រាយ​វិបត្តិ​នៃ​បញ្ហា​ជំងឺ​កូ​វីដ​ ១៩​ ក្នុងប្រទេស និង​ក្នុង​តំបន់​។

​បន្ថែម​ពីនេះ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​ឡាវ លោក ផន​ខាំ វី​ជា​វ៉ាន់ ក៏បាន​ផ្ញើលិខិត​ថ្លែង​​អំណរគុណ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផងដែរ កាល​​ពីថ្ងៃ​ទី ​១២ ខែ មីនា ឆ្នាំ ​២០២២​។ ក្នុង​លិខិត​ថ្លែងអំណរគុណបានឱ្យដឹងថា​៖ «​ក្នុងនាម​បក្ស រដ្ឋា​ភិ​បាល និង​ប្រជាជន​ឡាវ ខ្ញុំ​សូម​យក​ឱកាស​នេះ សម្តែង​នូវ​ការដឹងគុណ និង​ថ្លែង​អំណរ​​គុណ​យ៉ាង​ស្មោះត្រង់ ជូន​ចំពោះ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន គណបក្ស​ប្រជាជន​​កម្ពុជា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​ផ្តល់ជំនួយ​ចំពោះ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ជាពិសេស​ក្នុងពេលដែល​ប្រទេស​យើង​ទាំង​ ២ ​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​យ៉ាងធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ ​១៩ ហើយ​កម្ពុជា​ខ្លួន​​ឯង​នៅតែមាន​ទឹកចិត្ត​ដោយបាន​ផ្តល់ជំនួយ​ដល់​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែលជា​ផ្នែក​មួយ​នៃ​ការចូលរួម​ជួយ​ឱ្យ​យើងខ្ញុំ​អាចឈាន​ទៅ​សម្រេច​គោលដៅ នៃ​ការចាក់​​វ៉ាក់សាំង ជូន​ពលរដ្ឋ​ឡាវ តាម​ការគ្រោងទុក​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ចាត់ទុកថា ជំនួយ​ដ៏​ថ្លៃថ្លា​ទាំង​នេះ បានបង្ហាញ​ឱ្យឃើញ​នូវ​សេចក្តី​ព្រួយបារម្ភ ការយកចិត្ត​​ទុកដាក់ និង​ទឹកចិត្ត​ជ្រះថ្លា​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​​កម្ពុជា ដែលមាន​ចំពោះ​រដ្ឋា​​ភិ​បាល និង​ប្រជាជន​ឡាវ ក៏​ដូច​ជាស​បញ្ជា​ក់នូវ​ទំនាក់ទំនង​មិត្ត​ភាព​ដ៏​ស្និទ្ធស្នាល សាមគ្គី​ភាពជា​ប្រពៃណី​ដែលមាន​ជា​យូរលង់​មកហើយ និង​កិច្ចសហការ​ក្នុងនាម​ប្រទេស​ភូមិ​ផង​របង​ជាមួយ ក្នុង​ស្មារតី​ភាពជា​ដៃគូ​យុទ្ធ​សា​​ស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិត​​ស្ថេ​រ​រឹងមាំ​រវាង​ប្រទេស​យើង​ទាំង​ ២​ ឱ្យ​កាន់តែ​រីកចម្រើន និង​ប្រកបដោយ​ផ្លែផ្កា​ជា​និរន្តរ៍​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ធ្លាប់បាន​ផ្តល់ជំនួយ​ស​ប្បុ​រសធម៌​ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​ចំនួន ៣ ​លើក រួចមកហើយ​។ លើក​ទី​១ នៅ​ថ្ងៃទី​ ១៦ ខែ វិច្ឆិកា ឆ្នាំ ​២០២០ បានប្រគល់​ជំនួយ​ជា​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ចំនួន ​១២ ​មុខ​។ លើក​ទី​២ នៅ​ថ្ងៃទី ​២៨ ខែ កញ្ញា ឆ្នាំ ​២០២១ បានប្រគល់​ជំនួយ​ជា​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ២០០ ០០០​ ដូ​ស​។ លើក​ទី​៣ នៅ​ថ្ងៃទី​ ៣ ខែ ធ្នូ ឆ្នាំ ​២០២១ បានប្រគល់​ជំនួយ​ជា​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​ ៥០០ ០០០ ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ៣​ គ្រឿង​៕