ភ្នំពេញៈ បុរស​ខ្មែរ​ម្នាក់ និង​អាមេរិកាំង​ម្នាក់​ត្រូវបាន​ចៅ​​ក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជ​​ធានី​ភ្នំពេញ​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃទី​ ១២​ មីនា បន្ទាប់ពី​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅដល់​តុលាការ​បាន​ប៉ុន្មាន​ម៉ោង​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ជាង​ ៤០​ គីឡូក្រាម​ ដែល​ក្រោយពី​ចាប់ខ្លួនបាន ​៦ ​ថ្ងៃ ​នៅ​ខណ្ឌទួលគោក និង​ខណ្ឌចំការមន​។​

​លោក អ៊ិ​ន សុង នាយករងនៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣​ មីនា​ថា ជន​សង្ស័យ​ឈ្មោះ USSTTERIAB DURRAHMANA ភេទប្រុស អាយុ ៣៣​ ឆ្នាំ ជា​ជន​​ជាតិ​អាមេរិកកាំង និង​ឈ្មោះ ឆាយ ទី ភេទ​ប្រុស អាយុ ២៩ ​ឆ្នាំ ជនជាតិខ្មែរ​។​

​លោក​ថ្លែងថា​៖ «​ករណី​ជន​ទាំង ​២ ​នាក់​នេះ ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ (​ថ្ងៃទី ​១២ ​មីនា​)​។ ​ពួកគេ​ត្រូវបាន​ចោទ​ក្នុង​បទ​ជួញដូរ​គ្រឿងញៀន និង​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​»​។​

​លោក​បញ្ជាក់ថា ក្នុង​ប្រតិ​​ប​ត្តិ​ការបង្ក្រាប​នេះ​ ធ្វើឡើង​កាលពី​ថ្ងៃទី ​៦ មីនា ឆ្នាំ ​២០២២ ​នៅ​ចំណុច​មុខផ្ទះ​ក្នុង​បុរី​ទន្លេ​​បាសាក់ ខណ្ឌចំការមន និង​ម្តុំ​វត្ត​នាគ​វន្ត ខណ្ឌទួលគោក រាជ​​ធានី​ភ្នំពេញ​។

ការបង្ក្រាប​នេះ​ ជា​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រ​​ឆាំង​គ្រឿងញៀន​ (​ក​៥) ​ដឹក​​នាំ​ដោយ​លោក សាន សុ​ទ្ធី លោក ឆាយ ហូត លោក​ គឹម តូ និង​លោក ទេព វ៉ាន់​ណា​រ៉ា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​។ ចំណែក​នីតិវិធី​ផ្លូវច្បាប់​វិញ​មានការ​សម្របសម្រួល​ដោយ​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​​សាលាដំបូង​រាជធានី​ភ្នំពេញ​សហការ ជាមួយ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនល្មើស​មាន​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ​(ICE) ​ទម្ងន់​សុទ្ធ ៤២ គីឡូក្រាម និង​ ៧២៤ ​ក្រាម​។

​បើតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បានឱ្យដឹង​កាលពី​ចុង​​ឆ្នាំ​ ២០២១​ ថា ក្នុង​រយៈពេល​ពេញ​ ១​ ឆ្នាំ​ ២០២១ ពោលគឺ​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ ​២០២១ សមត្ថកិច្ចបាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​សរុប​ចំនួន​ ៦ ៣០៨ ​ករណី ស្មើនឹង​ ៦០,៣០​ ភាគរយ គិត​លើ​ឆ្នាំ​ ២០២០ ពោលគឺ​បាន​ថយ​​ចុះ ៤ ១៥៣​ ករណី ស្មើនឹង​ ៣៩,៧០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​កន្លង​ទៅនោះ​។ ក្នុងចំណោម​ករណី​បង្ក្រាបបានករណី​ជួញដូរ រក្សាទុក​មាន​ចំនួន​ ៤ ៤៧៣ ​ករណី ករណី​ប្រើ​​ប្រាស់​មាន​ចំនួន​១ ៧៨៩ ​ករណី ករណី​ដាំ​ដុះ​មាន​ចំនួន​ ៣៧​ ករណី ករណី​កែច្នៃ ​៩ ​ករណី និង​ឃាត់​​ខ្លួន​ជនសង្ស័យ​សរុប ​១៣ ៩៧៩ ​នាក់ ក្នុងនោះ​ជនសង្ស័យ​ករណី​ជួញដូរ រក្សាទុក ៨ ៦៧២ ​នាក់ ប្រើប្រាស់​គ្រឿងញៀន​ ៥ ២៦៤ ​នាក់ ដាំ​ដុះ​ ៩​ នាក់ និង​កែច្នៃ ​៣៤ ​នាក់​។ ក្នុងចំណោម​ជន​​សង្ស័យ​នោះ មាន​ជនបរទេស​ចំនួន​ ៣៦៥ ​នាក់​៕