​កណ្តាលៈ ប្រជាពលរដ្ឋ​ចំនួន ២៨២ ​គ្រួសារ បាន​យល់​​ព្រម​ទទួលយក​សំណង​តាម​គោលការណ៍ និង​នីតិវិធី​ដើម្បី​ជួយ​សម្រួល​ការអនុវត្ត​គម្រោង​ស្តារ​ប្រឡាយ​ទាំង ៤ ​ខ្សែ ប្រវែង ៦ ០០០​ ម៉ែត្រ ឱ្យ​រួចរាល់​តាម​ផែនការ ដើម្បី​រំដោះ​ទឹកជំនន់ និង​ទឹក​កខ្វក់​នៅក្នុង​រដូវវស្សាចេញពី​ទីក្រុង​តាខ្មៅ​។​

​អភិបាលខេត្ត​កណ្តាល លោក គង់ សោ​ភ័​ណ្ឌ បាន​អះអាងថា ក្នុងចំណោម​ប្រជាពលរដ្ឋចំនួន ២៨២ ​គ្រួសារ មាន​ប្រជា​ពល​​រដ្ឋ​ចំនួន ១១០ ​គ្រួសារ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ទាំង​​ស្រុង​ពី​គម្រោង​ស្តារ​ប្រឡាយ ៤ ​ខ្សែ ​នៅ​ក្រុង​តាខ្មៅ បាន​ឯកភាព​ផ្លាស់ប្តូរ​លំនៅឋាន​ទៅកាន់​ទីតាំង​ថ្មី​ហើយ​។​

​លោក គង់ សោ​ភ័​ណ្ឌ ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រគល់​វិ​ញ្ញាប​ន​ប​ត្រ​សម្គាល់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ចំនួន ២៨២ គ្រួសារ ដែល​ទទួលបាន​ពី​ការ​​ដោះស្រាយ​ផលប៉ះពាល់​ស្តារ​ប្រឡាយ ៤ ​ខ្សែ និង​បើក​ការ​​ដ្ឋា​ន​សាងសង់​ស្ថានីយ​បូមទឹក​ព្រែក​ដើម​លាភ ប្រវែង ៧០០ ម៉ែត្រ​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​កើត​ ១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ នា​ថ្ងៃទី ​១១ ខែមីនា​។​

​លោក​បាន​ថ្លែងថា នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រង​​ផលប៉ះពាល់​ទាំង ២៨២​ គ្រួ​សារ​នេះ​ មាន​ប្រជាពលរដ្ឋ​ចំនួន ១៧២​ គ្រួសារ ទទួលរង​ផល​​ប៉ះពាល់​សំណង់​មួយផ្នែក និង​អាច​បន្ត​រស់នៅ​ទីតាំង​ចាស់ និង​ប្រជាពលរដ្ឋ​ចំនួន ១១០ គ្រួសារ ទទួលរង​ផលប៉ះពាល់​ទាំងស្រុង​ដោយ​អស់​ដី​សម្រាប់​សាងសង់​លំនៅឋាន​ឡើងវិញ​។​

​ចំណែក​ប្រជាពលរដ្ឋ​ចំនួន ​៧ គ្រួសារ បានស្នើ​សុំ​រស់នៅ​បន្ត​លើ​ទីតាំង​ចាស់ ដែលមាន​ដី​នៅសល់​ផ្នែក​ខាងក្រោយ ក្នុង​ដី​ចំណី​ប្រឡាយ​ដដែល​។​

​លោក​អភិបាលខេត្ត ត្រូវបាន​ស្រង់​សម្ដី​ដោយ​ហ្វេ​ស​ប៊ុ​ក​សា​​លា​ខេត្តកណ្តាល​ថា​៖ «​ផ្អែក​តាម​គោលនយោបាយ​ដោះ​​ស្រាយ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់ ទាំងស្រុង និង​បាន​ឯកភាព​ផ្លាស់ប្តូរ​លំនៅឋាន ទៅ​ទីតាំង​ថ្មី​ចំនួន ១០៣ ​គ្រួសារ ដោយបាន​ចាប់ឆ្នោត យក​ដី ១ ​ឡូត៍ ទំហំ ​៩០ ​ម៉ែត្រក្រឡា គឺ​ (៥ ម៉ែត្រ x ១៨ ​ម៉ែត្រ​) ដើម្បី​ចេញពី​ទីតាំង​ចាស់​ទៅ​រស់នៅក្នុង​ទីតាំង​ថ្មី ដែល​បានរៀបចំ​រួច​​រាល់​ដោយ​គណៈកម្មការ​អន្តរ​​ក្រសួង​នៅលើ​ផ្ទៃដី​សរុប​ប្រមាណ ១,៣៩​ ហិកតា ស្ថិត​ក្នុងភូមិ​​សាស្ត្រ​សង្កាត់​ព្រែក​ហូរ​»​។​

​លោក​បន្តថា គណៈកម្មការ​​អន្តរក្រសួង​បានរៀបចំ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ ដោយ​ចាក់ដី​កិន​បង្ហាប់ ធ្វើ​ផ្លូវ ក្រាល​ក្រួស​ក្រហម ១ ​ខ្សែ ប្រវែង ៣៤២​ ម៉ែត្រ ទទឹង ៨​ ម៉ែត្រ ដាក់លូ​រំដោះ​ទឹកភ្លៀង ប្រវែង​ ៥៤៧​ ម៉ែត្រ​ដាក់​រ៉ឺ​ហ្គា​ចំនួន ២៣​ កន្លែង និង​ដាក់​បង្គោល​​ភ្លើង​តាម​បណ្ដោយ​ផ្លូវ ទីតាំង​ថ្មីចំនួន​ ១០​ បង្គោល​ដើម្បីឱ្យ​ពលរដ្ឋ​រស់នៅ​សមរម្យ និង​មាន​ផាសុកភាព​ផងដែរ​៕