The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​មេដឹកនាំ និង​សមាជិក​សហជី​ព​ក្រុមហ៊ុន​ណា​ហ្គាវើល​ដ៍ចំនួន ​៨ នា​ក់ ត្រូវបាន​ដោះ​លែង​ឱ្យ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​

​មេដឹកនាំ និង​សមាជិក​សហជី​ព​ក្រុមហ៊ុន​ណា​ហ្គាវើល​ដ៍ចំនួន ​៨ នា​ក់ ត្រូវបាន​ដោះ​លែង​ឱ្យ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​

Content image - Phnom Penh Post
អតីតបុគ្គលិក​ក្រុមហ៊ុនណាហ្គាវើល​ដ៍ ដែល​ត្រូវបាន​ដោះលែងពីពន្ធនាគារ នៅយប់ថ្ងៃទី​ ១៤ មីនា​។ រូបថត ហ្វេសប៊ុក

​មេដឹកនាំ និង​សមាជិក​សហជី​ព​ក្រុមហ៊ុន​ណា​ហ្គាវើល​ដ៍ចំនួន ​៨ នា​ក់ ត្រូវបាន​ដោះ​លែង​ឱ្យ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​

ភ្នំពេញៈ មន្រ្តីពន្ធ​នាគារបានដោះលែង​មេដឹកនាំ និង​សមាជិក​សហជី​ព​ក្រុមហ៊ុន​ណា​ហ្គាវើល​ដ៍ចំនួន ​៨ នា​ក់ ឱ្យ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​ តាម​ការបង្គាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពីយប់ថ្ងៃ​ទី ១៤​ ខែ មីនា ឆ្នាំ​ ២០២២។

ការដោះលែង​ឱ្យ​​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ជាប់​ឃុំទាំង ៨ នាក់​ បា​ន​ដាក់​លិខិត​​ ទៅ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សូមឱ្យជួយ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់ ឱ្យ​ពួកគេ​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដើម្បី​ធ្វើជា​ប្រតិភូ​តំណាង​បុគ្គលិ​ក ក្នុងការ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុនណាហ្គាវើល​។

អ្នក​ទាំង ៨ ​នាក់ ​ដែល​ត្រូវ​បាន​ដោះលែ​ង​នេះ រួមមាន ទី១- ឈឹម ស៊ីថរ ទី២- រី សុវណ្ណឌី ទី៣- ស៊ុន ស្រីពេជ្រ ទី៤- ហៃ សុភាព ទី៥- ឃ្លាំង សុបិន្ដ ទី៦- ទូច សិរី​មាស ទី៧- សុខ ណារិទ្ធ និងទី៨- ឈឹម សុខន។

នៅក្នុង​លិខិត​ស្នើសុំ​អន្តរាគមន៍​ដាក់​ទៅ​ក្រសួង​ការងារ​ តាមរយៈ​ប្រធាន​មណ្ឌល​កែប្រែ ២ លោក ខ្លូត តារា ចុះ​ថ្ងៃទី ១២ ខែមីនា ដោយមាន​ស្នាម​មេដៃ​អតីត​បុគ្គលិ​ក​ទាំង ៨ រូប មាន​ខ្លឹមសារ​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ពួកគេ​បាន​អំពាវនាវ​ដល់​បុគ្គលិក ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ទាំងអស់​ ដែល​កំពុង​ធ្វើ​កូដកម្ម​មិនទាន់បាន​ចូលធ្វើការ​វិញ សូម​ចូលធ្វើការ​ទាំងអស់គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​នៅ​កន្លែង​ការងារ និង​បង្ក​បរិយាកាស​សម្រាប់​ដោះស្រាយ​វិវាទ​តាមផ្លូវ​ច្បាប់។

លិខិតបញ្ជាក់ថា ចំពោះ​បុគ្គលិក​ដែល​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បញ្ឈប់​ពី​ការងារ សូម​សម្រាក​នៅផ្ទះ ឬ​រក្សា​ភាពស្ងប់ស្ងាត់ ដើម្បី​បង្ក​បរិយាកាស«សម្រាប់​យើងខ្ញុំ​ចរចា ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​ក្រសួង​ការងារ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទូទាត់​សំណង​តាមផ្លូវ​ច្បាប់​ជូន​ដល់​បងប្អូន»។

លិខិត​បន្តថា ចំពោះ​បុគ្គលិក ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​កន្លងមក សូមឱ្យ​ក្រុមហ៊ុន​កុំ​មាន​គំនុំគុំកួន ឬ​ដាក់ទោសទណ្ឌ ឬ​បង្ខំ​ឱ្យធ្វើ​កិច្ចសន្យា​អ្វីផ្សេង។

លិខិត​ដដែល​បាន​ស្នើថា៖ «ដើម្បី​ឈានទៅ​បញ្ចប់​បញ្ហា​ទាំងនេះ ជាពិសេស​ការ​ដោះស្រាយ និង​ទូទាត់​សំណង​តាមផ្លូវ​ច្បាប់​ជូន​កម្មករ ដែល​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បញ្ឈប់​ពី​ការងារ​យើងខ្ញុំ​សំណូមពរ​ដល់​ក្រសួង​មាន​សមត្ថកិច្ច ជាពិសេស​ក្រសួង​ការងារ សូមមេត្តា​ជួយ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់​ដើម្បីឱ្យ​ពួកយើងខ្ញុំ បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើជា​ប្រតិភូ​តំណាង​បុគ្គលិក​កម្មករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ក្នុងការដោះស្រាយ​វិវាទ​ខាងលើ ដោយ​យើងខ្ញុំ​សូម​សន្យាថា មិន​ធ្វើការ​ប្រមូលផ្តុំ​តវ៉ា ឬ​ដឹកនាំ​ការតវ៉ា​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ សង្គមជាតិ​ឡើយ»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍