ភ្នំពេញៈ ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្នើឱ្យ​មាន​ការចែករំលែក​ទិន្នន័យ​ទឹកទន្លេ​-​មេគង្គ​ឱ្យបាន​កាន់តែច្រើន​ ដើម្បី​វាស់​ឱ្យបាន​ត្រឹមត្រូវ​នូវ​ផលប៉ះពាល់​នៃ​លំហូរ​ទឹកទន្លេ​មេគង្គ​ទៅលើ​សុខុមាលភាព​សង្គម និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។

ការស្នើ​ឡើង​នេះ​ធ្វើឡើង​ក្នុងជំនួប​ពីថ្ងៃ​ទី​ ២ ខែមីនា រវាង លោក លឹម គានហោ ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ផង​នោះ និង​លោក​អានុល័កខិធិឃួន (Anoulak Kittikhoun) ​នាយក​ប្រតិបត្តិ​ថ្មី​នៃ​លេខាធិការដ្ឋាន MRC ក្នុង​អំឡុង​លោក​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា​ និង​វៀតណាម​នៅក្នុង​ខែ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​នឹង​មន្ត្រីជាន់ខ្ពស់​នានា​ពី​កិច្ចសហប្រតិបត្តិការ​​ទន្លេមេគង្គ​។

ទស្សនកិច្ច​របស់លោក​ Anoulak ​ធ្វើឡើង​ក៏​ដើម្បី​ពង្រីក​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​តាមដាន​ និង​វាស់​ស្ទង់​ពី​របៀប​ដែល​ការអភិវឌ្ឍ​សេដ្ឋកិច្ច គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក និង​ការប្រែប្រួល​​អាកាសធាតុ​រួមទាំង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត កាន់តែច្រើន​ជះឥទ្ធិពល​លើ​ប្រជាជន​រាប់លាន​នាក់​ដែល​រស់នៅ​តាម​អាង​ទន្លេមេគង្គ​ក្រោម​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ MRC ​នៅ​ថ្ងៃទី ​១៤ ខែ​​មីនា​បានឱ្យ​ដឹងថា​ «​លោក​ លឹម គានហោ បានបង្ហាញ​ពី​តម្រូវការ​​ក្នុងការ​តាមដាន​ និង​ចែករំលែក​​ទិន្នន័យ​ជលសា​ស្ត្រ​កាន់តែច្រើន​ ​ដើម្បី​វាស់​ឱ្យបាន​ត្រឹមត្រូវ​ពី​ផលប៉ះពាល់​នៃ​លំហូរ​ទាប ឬ​ខ្ពស់​លើ​សុខុមាលភាព​សង្គម​សេដ្ឋកិច្ច​ក្នុង​តំបន់​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​នេះ នៅ​ឆ្នាំ​ ២០២២ ប្រទេស​ចិន​បាន​ចាប់ផ្តើម​ចែករំលែក​ទិន្នន័យ​រដូវប្រាំង​បន្ថែម​ពីលើ​ទិន្នន័យ​រដូវវស្សា​ ដើម្បី​ផ្តល់នូវ​ទិដ្ឋភាព​កាន់តែ​ច្បាស់លាស់​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​​បាន​ដកស្រង់​សម្ដី​លោក លឹម គានហោ ថា​៖ «​ជាមួយនឹង​ទិន្នន័យ​កាន់តែ​ច្រើន​នៅក្នុង​រយៈពេល​កាន់តែ​យូរ​យើង​អាចបង្កើត​បាន​នូវ​និន្នាការ​ច្បាស់លាស់ ព្យាករ​ពី​លំនាំ​នាពេល​អនាគត​ និង​អនុវត្ត​ប្រព័ន្ធ​ជូនដំណឹង​ជាមុន​មួយ​ដែលមាន​ប្រសិទ្ធភាព​។ ដោយមាន​ការយល់ដឹង​រួមគ្នា​យើង​អាច​ចាត់វិធានការ​ដែល​កាន់តែ​មាន​ឥទ្ធិពល​សម្រាប់​រយៈពេល​ខ្លី​ និង​មធ្យម​បាន​»​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ ខែមីនា ថា ទន្លេមេគង្គ​គឺជា​ចំណុច​ស្នូល​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ការប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក​។ ទន្លេមេគង្គ​បានក្លាយ​ជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​របស់​ប្រទេស​មហាអំណាច​ធំៗ​ដោយសារ​កត្តាសេដ្ឋកិច្ច និង​កត្តា​ភូមិសាស្ត្រ​នយោបាយ​។

លោក​ថា​៖ «​អ្វីដែល​លេចធ្លោ​ជាងគេ​នោះ​គឺ​សារៈសំខាន់​នៃ​ការរីកចម្រើន​របស់​តំបន់​ទន្លេមេគង្គ​ក្នុង​ផ្លូវ​ពាណិជ្ជកម្ម​ពិភពលោក​ដែលជា​ទីតាំង​ភូមិសាស្ត្រ​​នៅក្បែរ​ចំណុច​ភូមិសាស្ត្រ​ក្តៅ ដែល​ជាប់​នឹង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​ម៉ាឡាកា​»​។

លោក រ៉ូ វណ្ណៈ បាន​បន្តថា​៖ «​សកម្មភាព​នៅក្នុង​តំបន់​របស់​ចិន​ដែល​កំពុងតែ​កើនឡើង​នេះ​គឺ​យើង​ដឹង​ហើយ​ថា ទន្លេមេគង្គ​ក្លាយជា​ចំណុចប្រសព្វ​នៃ​ការប្រទាញប្រទង់​រវាង​លោក​ខាង​លិច​ជាមួយនឹង​ប្រទេស​ចិន​»​។

MRC អះអាងថា ការដែល​លោក ​Anoulak Kittikhoun ​ជួប​ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​ MRC នេះ​គឺ​ដើម្បី​ការពារ​ផ្លូវទឹក​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឱ្យបាន​កាន់តែ​ប្រសើរ ជាពិសេស​សំដៅ​កាត់បន្ថយ​ការគំរាមកំហែង​កំពុង​កើនឡើង​លើ​ជីវិត និង​​ជីវភាព​របស់​ប្រជាជន​។

លោក​ថ្លែងថា​៖ «​កិច្ចពិភាក្សា​ដោយ​បើកទូលាយ​នេះ​នឹង​ជួយ​ខ្ញុំ​ឱ្យ​អនុវត្ត​កម្មវិធី​កិច្ចការ​កាន់តែ​មាន​ឥទ្ធិពល​បន្ថែមទៀត​សម្រាប់​អាង​ទន្លេ​ដែល​អនុលោម​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​អាទិភាព​ថ្នាក់ជាតិ​ និង​តំបន់​។

យើង​ត្រូវតែ​មានគំនិត​បែប​​នវានុវត្តន៍ ព្រោះថា MRC បាន​ក្លាយជា​ស្ថាប័ន​ថ្នាក់​តំបន់​ដ៏​រឹងមាំ​មួយ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទាន់សម័យ និង​ចំណេះដឹង​ទំនើប​ដែល​អាច​ផ្តល់​សេវាកម្ម​ទាន់ពេលវេលា​ដល់​ប្រទេស​នានា​ និង​ពលរដ្ឋ​របស់ខ្លួន​»​។

MRC រួមមាន ប្រទេស​ចំនួន​ ៤ ដែល​ទទួលបាន​ប្រយោជន៍​ផ្ទាល់​ពី​ការអភិវឌ្ឍ​ពាក់ព័ន្ធ​ទន្លេមេគង្គ​នោះ គឺ​ប្រទេស​កម្ពុជា ឡាវ ថៃ​និង​វៀតណាម​ព្រមទាំង​ឋានៈ​ពិសេស​សម្រាប់​ប្រទេសជិតខាង​នៅ​ភាគ​ខាងជើង​ ២ ​គឺ​ចិន និង​មីយ៉ាន់ម៉ា​៕