ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យធ្វើ​ការកំណត់​លក្ខណសម្បត្តិ​របស់​មន្ត្រីនគរបាល​ជាតិ​ឱ្យបាន​ត្រឹមត្រូវ​ក្នុងការ​តែងតាំង​មុខតំណែង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ ក្នុង​សេចក្តីណែនាំ​នា​ថ្ងៃទី​ ១១ ខែមីនា លោក​បញ្ជាក់ថា កន្លងមក ក្រសួង​មហាផ្ទៃ​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់ អនុវត្ត​កម្មវិធី​កំណែទម្រង់​កងកម្លាំង​នគរបាលជាតិ​ជា​បន្តបន្ទាប់​ឱ្យ​បាន​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ទៅតាម​ដំណាក់កាល​នីមួយៗ​។

លោក ស ខេង ​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​បានធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ និង​កែសម្រួល​តួនាទី ភារកិច្ច​ព្រមទាំង​កំណត់​នូវ​លក្ខណសម្បត្តិ និង​ណែនាំ​នូវ​នីតិវិធី​សម្រាប់​ការងារ​តែងតាំង មុខតំណែង​មន្ត្រី​នគរបាល​ជាតិ​ជា​បន្តបន្ទាប់​។

លោក​បានបញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​នេះ​ថា​៖ «​ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ​ដើម្បី​ពង្រឹង​ការងារ​តែងតាំង​មុខតំណែង មន្ត្រីនគរបាល​ជាតិ​ឱ្យ​កាន់តែ​ល្អ​​ប្រសើរ​ថែមទៀត សំដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្រសួង​មហាផ្ទៃ ធ្វើការ​ណែនាំ អំពី​ការកំណត់​លក្ខណសម្បតិ្ត និង​នីតិវិធី​ក្នុងការ​ត្រួតពិនិត្យ​វាយតម្លៃ សម្រាប់​ការស្នើសុំ តែងតាំង​មុខតំណែង​ជូន​ដល់​មន្ត្រី​នគរបាលជាតិ​»​។

លោក​ថា មន្ត្រី​នគរបាលជាតិ​ត្រូវមាន​មនសិការ​ស្នេហា​ជាតិ ស្មោះត្រង់ និង​មាន​ភក្តីភាព​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព និង​ប្រតិបត្តិ​បាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា​ផ្ទៃក្នុង គោលនយោបាយ និង​ច្បាប់​របស់​រដ្ឋ​។ មន្ត្រី​នគរបាលជាតិ​ត្រូវ​មានគំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត មុខជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ឧស្សាហ៍​ព្យាយាម​ក្នុង​ការបំពេញ​ការងារ និង​មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​មាន​បទពិសោធ​ល្អ ព្រមទាំង​មាន​សីលធម៌​រស់នៅ​ស្អាតស្អំ មិន​ប្រព្រឹត្ត​អំពើ​ដែល​បណ្តាល​ឱ្យមាន​ការប៉ះពាល់​ដល់​កិត្យានុភាព​អង្គភាព និង​កិត្តិយស​របស់​ជាតិ​។

មន្ត្រី​នគរបាលជាតិ​ត្រូវមាន​សាមគ្គី​ភាពល្អ ទំនាក់ទំនង​ទូលំទូលាយ​ជាមួយ​មន្ត្រី​រួមការងារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចេះ​កៀរគរ​កម្លាំង​សាធារណៈ ចូលរួម​សហការ​បំពេញភារកិច្ច សម្រេចបាន​លទ្ធផល​ល្អ​។

បន្ថែម​ពីនេះ មន្ត្រី​នគរបាលជាតិ​គឺជា​សេវា​បម្រើ​ជា​អ្នកការពារ​ដ៏ស្មោះត្រង់ និង​ទទួលបាន​ទំនុកចិត្ត​ពី​អង្គភាព និង​ប្រជាពលរដ្ឋ​។ មន្ត្រី​នគរបាលជាតិ​ត្រូវមាន​សមត្ថភាព​គ្រប់គ្រង​បញ្ជា​ដឹកនាំ និង​បំពេញភារកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព មានការ​គាំទ្រ គោរព​ស្រឡាញ់​ជឿជាក់​ទុកចិត្ត​ពី​មន្ត្រី​ក្រោមឱវាទ និង​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ និង​កាយសម្បទា​មាំមួន និង​បាន​ឆ្លងកាត់​វគ្គបណ្តុះបណ្តាល​ជំនាញ នគរបាលជាតិ​យ៉ាងតិច​ ២ ​ខែ​។ សេចក្តី​ណែនាំ​ថា «​រាល់​ការតែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមរបៀប​របប​ការងារ គោលការណ៍ លក្ខណសម្បត្តិ​នៃ​ការតែងតាំង និង​ត្រូវ​បំពេញបែបបទ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​»​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៣ ខែមីនា ថា ទាំង​ការតែងតាំង និង​ការជ្រើស​មន្ត្រី​នគរបាលជាតិ​ត្រូវតែ​ឈរលើ​តម្លាភាព និង​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​ដោយ​ធ្វើយ៉ាងណា​កុំ​ឱ្យមាន​បក្ខពួកនិយម និង​អំពើ​ពុករលួយ​។ ក្រសួង​ត្រូវធ្វើ​ការត្រួតពិនិត្យ​ថា តើ​ការតែងតាំង​មន្ត្រីនគរបាល​បាន​បំពេញ​នូវ​លក្ខខណ្ឌ ដែល​ក្រសួង​បានកំណត់​បាន​កម្រិតណា​?

លោក​ថ្លែងថា​៖ «​ដើម្បី​វាស់វែង​បាន ដើម្បី​ដឹងបាន លុះត្រាតែ​ក្រសួង​ពង្រឹង​ការធ្វើ​អធិការកិច្ច​របស់ខ្លួន ពង្រឹង​ការធ្វើការ​តាមដាន ត្រួតពិនិត្យ​ឱ្យបាន​ដិតដល់​បាទ​»៕