The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូពេទ្យ​ប្រមូល​សំណាក​ពី​តំបន់​កុមារ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ទៅធ្វើ​ពិសោធន៍

គ្រូពេទ្យ​ប្រមូល​សំណាក​ពី​តំបន់​កុមារ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ទៅធ្វើ​ពិសោធន៍

Content image - Phnom Penh Post
គ្រូពេទ្យ​កំពុង​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅផ្ទះ​ទារក ដែល​ឆ្លង​ជំងឺផ្តាសាយបក្សី ក្នុង​ខេត្តសៀមរាប​។ រូបថត សហការី

គ្រូពេទ្យ​ប្រមូល​សំណាក​ពី​តំបន់​កុមារ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ទៅធ្វើ​ពិសោធន៍

សៀមរាបៈ ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រមូល​សំណាក​ចេញពី​តំបន់​ដែល​កុមារ​ឆ្លង​ជំងឺ​ផ្តាសាយបក្សី A/H9 (Influenza A/H9) ​ទៅធ្វើ​ពិសោធន៍​បន្ត ខណៈ​ណែនាំ​ដល់​បុគ្គល​ទូទៅ​ដែល​មិនមាន​ភាពចាំបាច់​កុំទៅ​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ដូចជា មាន់ ទា​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងថា ជំងឺ​ផ្តាសាយបក្សី​ប្រភេទ A/H9 ដែល​ត្រូវបាន​រកឃើញ​លើ​កុមារ​នាពេល​ថ្មីៗ​នេះ​ជា​ពួក​វីរុស​ចេញពី​សត្វ​បក្សី​ដែល​ងាយ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​។ លោកស្រី​ថា​៖ «​ឥឡូវនេះ​មិនមាន​ជា​ប្រភេទ H5N1 ទៀត​ទេ វា​មាន​ប្រភេទ​មួយទៀត A/H9 (Influenza A/H9)​។ អ៊ីចឹង​ជំងឺ​នេះ​មាន​សភាព​ប្រហាក់ប្រហែល​គ្នា​ទៅនឹង​ជំងឺផ្តាសាយបក្សី H5N1 ដែល​យើង​ធ្លាប់​ស្គាល់​ហើយ វា​ជា​ពូជ​អម្បូរ​នៃ​ផ្តាសាយ​បក្សី គ្រាន់តែ​ឈ្មោះ​ខុសគ្នា វា​មិន​ខុសពី​វីរុស​កូវីដ​ទេ វា​មាន​ប្រភពដើម បន្ទាប់មក​មានកូន មាន​ចៅ ចៅទួត ហើយ​ឥឡូវ​ជំងឺ​ផ្តាសាយបក្សី​ថ្មី​នេះ​»​។

លោកស្រី​បន្តថា ចំពោះ​ករណី​ដែល​រកឃើញ​ជំងឺ​ផ្តាសាយបក្សី​នៅលើ​កុមារ​នោះ គឺ​ក្រុមការងារ​ស្រាវជ្រាវ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​ចុះ​ទៅដល់​ភ្លាមៗ​ស្រាវជ្រាវ​រកហេតុ​ការណ៍​នៅ​ទីនោះ ប៉ុន្តែ​ជារួម​មិនទាន់​រកឃើញ​ថា ករណីនេះ​ជា​ករណី​ឆ្លង​ច្រើន​ ឬក៏​ផ្ទុះ​ធំ​នៅ​តំបន់​នោះ​នៅឡើយ ពោល​គឺ​កើត​ឡើងលើ​កុមារ​ម្នាក់​ប៉ុណ្ណោះ ។

លោកស្រី​គូសបញ្ជាក់ថា ក្រុមជំនាញ​ក៏បាន​ប្រមូល​សំណាក​ចេញពី​តំបន់​ដែល​កុមារ​នោះ​រស់នៅ ហើយ​កំពុង​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​។ អ្វីដែល​ជាការ​សំខាន់ គឺ​ការការពារ​មិនត្រូវ​ធ្វេសប្រហែស​នោះទេ ហើយ​រោគសញ្ញា​នៃ​ជំងឺផ្តាសាយបក្សី​ថ្មី​នេះ​កើតឡើង​ប្រហាក់ប្រហែល​ទៅនឹង​ផ្តាសាយ​បក្សី H5N1 និង​ជំងឺ​កូវីដ ​១៩ ​ដែរ​ព្រោះ​រោគសញ្ញា មាន​ដូចជា​ក្តៅខ្លួន ក្អក ឈឺបំពង់ក​ជាពិសេស ហត់​ពិបាក​ដកដង្ហើម ដែលជា​សញ្ញា​មួយ​ដូចជា​ផ្តាសាយ​។

លោកស្រី​ថា​៖ «​អ៊ីចឹង​បើ​លោកអ្នក​ដែលមាន​កូនចៅ សូមកុំ​ប្រហែស សូមកុំ​ប៉ះពាល់​ជាមួយ​សត្វ​មាន់​សត្វ​ទា ហើយ​អ្នក​គាត់​ប្រកបរបរ​រកស៊ី​ជាមួយ​សត្វ​បក្សី​ត្រូវ​ចេះ​អនាម័យ​ខ្លួន​មានន័យថា ប្រសិនបើ​យើង​ធ្វើ​មាន់ ប៉ុន្តែ​មិនមាន​លទ្ធភាព​ទិញ​ស្រោមដៃ ពេលធ្វើ​មាន់​ហើយ​ភ្លាម ត្រូវតែ​ឆាប់​លាងដៃ​ជាមួយ​សាប៊ូ ហើយ​ក្នុង​រយៈពេល​ដែល​យើង​ធ្វើ​គឺត្រូវធ្វើ​ឱ្យ​លឿន ហើយ​ចៀសវាង​យកដៃ​ដែល​បោចរោម​មាន់ ទា ទៅ​ប៉ះ​ច្រមុះ និង​មុខមាត់​»​។

លោកស្រី​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖ «​ប៉ុន្តែ​សម្រាប់​បុគ្គល​ជាទូទៅ ដែល​មិនមាន​ភារកិច្ច​អី សូមកុំ​ទៅកាន់​កន្លែង​ដែលមាន​បក្សី​ច្រើន ដូចជា​កសិដ្ឋាន​ដែលមាន​មាន់ ទា​ច្រើន កុំឱ្យ​កូនចៅ​ទៅលេង ព្រោះ​ក្មេងៗ​គាត់​ចូលចិត្ត​ណាស់ ឃើញ​មាន់ គាត់​ចូល​ដេញ​លេង ចាប់​លេង​»​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៥ ខែមីនា​ថា ក្រោយ​ការរកឃើញ​នេះ មន្ទីរ​កសិកម្ម បាន​ចុះទៅ​ចាត់វិធានការ​សុវត្ថិភាព​អនាម័យ​សត្វ​ដោយ​បាញ់ថ្នាំ​នៅផ្ទះ​អ្នកជិតខាង​នោះ​ប្រមាណ ៦​ ខ្នង​ផ្ទះ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​។

លោក​ឱ្យដឹងថា​៖ «​នៅ​ទីនោះ​មាន​មាន់​ឈឺ​ហើយ​ងាប់​ច្រើន ហើយ​យើង​ចាត់​វិធានការ​បាញ់​ថ្នាំ​សុវត្ថិភាព​នៅ​តំបន់​នោះ បន្ទាប់មក យើង​យក​វត្ថុ​វិភាគ​ (​មាន់​) ​កន្លែង​ដែល​ក្មេង​កើត​ជំងឺ​នោះ​ទៅ​អគ្គនាយក​ពេទ្យសត្វ​ឃើញថា មាន់​កើត​ជំងឺ​ផ្តាសាយ ហើយ​យើង​បាន​យក​សំណាក​ (​មាន់​) ទៅពិនិត្យ​ឡាបូ​នៅ​មន្ទីរ​ពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ពិតជា​ឃើញ​ឆ្លង​ពី​មាន់​មែន​»​។

យ៉ាងណា​ក៏ដោយ​លោក​ថា មន្ត្រី​ជំនាញ​កំពុង​បន្ត​តាមដាន​លើ​ករណីនេះ​ដោយ​យកចិត្ត​ទុកដាក់ ហើយ​បើសិន​ជាមាន​ផ្ទុះ​ជំងឺ​នេះ​ទៀត នឹង​ចាត់វិធានការ​ភ្លាមៗ ខណៈ​កុមារ​ដែល​ឆ្លង​ជំងឺ​នោះបាន​ព្យាបាល​ជាសះស្បើយ​ហើយ ហើយ​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​រួចហើយ​ផងដែរ​។ លោក​ឱ្យដឹង​ទៀតថា ជំងឺផ្តាសាយបក្សី​ដែល​ឆ្លង​ពី​សត្វ​មាន់​ទៅ​ទារក​នោះ ឆ្លង​ចេញពី​មាន់​ដែល​ចិញ្ចឹម​នៅតាម​ផ្ទះ​មិនមែន​ជាមាន់​ចិញ្ចឹម​របស់​កសិដ្ឋាន​នោះទេ​។

សូមជម្រាបថា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ (CDC) ​បានប្រកាស​រកឃើញ​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ A/H9 (Influenza A/H9) ​តាមរយ:​ប្រព័ន្ធ​តាមដាន​ជំងឺ​រលាក​សួត​លើ​ទារិកា​អាយុ ជាង​ ១​ ឆ្នាំ ដែល​នៅ​ភូមិ​ត្រពាំងរុន ឃុំ​ឫស្សីលក ស្រុក​ជីក្រែង និង​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍