ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចែក​ស្បៀង​បម្រុង​ជា​អង្ករ​សង្គ្រោះបន្ទាន់ សរុប​ចំនួន ៣ ពាន់​តោន​ជួយ​ដល់​ប្រជាពលរដ្ឋ ជាង​ ៧​ ពាន់​គ្រួសារ នៅតាម​ខេត្ត​មួយចំនួន ដែល​បាន​រងគ្រោះ​ដោយសារ​វិបត្តិ​កូវីដ​ ១៩​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង នេសាទ​បាន​ថ្លែងថា ពលរដ្ឋ​ទាំងនោះ​នៅក្នុង​ខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​។

លោក​បាន​ឱ្យដឹងទៀតថា ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង គឺជា​ខេត្ត​ចុងក្រោយ ក្នុង ចំណោម​ខេត្ត​គោលដៅ​ទាំង​ ៧ នៃ​ដំណើរ​បេសកកម្ម​នាំយក​អង្ករ​ជំនួយ​សង្គ្រោះបន្ទាន់​ចំនួន ៣០០ ​តោន​​របស់​រដ្ឋាភិបាល សាធារណរដ្ឋ​កូរ៉េ តាមរយៈ​លេខាធិការដ្ឋាន​អាស៊ាន​បូក ​៣ (​ចិន ជប៉ុន និង​កូរ៉េ​) ក្នុង​កម្មវិធី​ការផ្តល់​ស្បៀង​បម្រុង​ជា​អង្ករ​សង្គ្រោះបន្ទាន់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​យកមក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ដោយសារ​រង​ផលប៉ះពាល់​ពី​ជំងឺឆ្លង​កូវីដ​ ១៩ សរុប​ចំនួន ៧ ៥០០ ​គ្រួសារ ក្នុង​ខេត្ត​គោលដៅ​ទាំង​ ៧ ​នោះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា អង្ករ​ចំនួន ៣០០ ​តោន​នេះ​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ​៧ ៥០០ ​គ្រួសារ ក្នុងនោះ​ខេត្ត​ស្វាយរៀង​ចំនួន ១ ០០០ ​គ្រួសារ ត្បូងឃ្មុំ​ចំនួន ១ ០០០ ​គ្រួសារ បាត់ដំបង​ចំនួន ១ ០០០ ​គ្រួសារ បន្ទាយមានជ័យ​ចំនួន ១ ៥០០​ គ្រួសារ ឧត្តរមានជ័យ​ចំនួន ១ ០០០​ គ្រួសារ សៀមរាប​ចំនួន ១ ០០០ ​គ្រួសារ និង​ខេត្តកំពង់ចាម​ចំនួន ១ ០០០​ គ្រួសារ (៤០ ​គីឡូក្រាម ក្នុង ​១​ គ្រួសារ​)»​។

តាមរយៈ​ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុងការ​ចុះ​ចែក​អង្ករ​សង្គ្រោះបន្ទាន់​នេះ​លោក​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចេះ​រស់​នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​បរិបទ​កូវីដ​ ១៩ ដោយ​ត្រូវ​ចេះ​សម្រប​ខ្លួន​ឱ្យទាន់​ស្ថានភាព​នៃ​ជំងឺឆ្លង​នេះ និង​ត្រូវអនុវត្ត​វិធានការ ៣ ​កុំ ៣ ​ការពារ និង​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក​រដ្ឋមន្ត្រី​ក៏បាន​រំឭក​ឱ្យ​ពលរដ្ឋ​ត្រូវ​រស់នៅ​ស្អាត ហូបស្អាត ផឹក​ស្អាត និង​ពង្រឹង​ការធ្វើ​អនាម័យ​ខ្លួនប្រាណ លំនៅឋាន និង​ទីសាធារណៈ ដើម្បី​បង្ការ​ជំងឺ ឆ្លង​ផ្សេងៗ​ទៀតផង​ដែរ​។

ជាមួយ​គ្នា​នោះ លោក វេង សាខុន ក៏បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​យកចិត្ត​ទុកដាក់​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ តាមរយ:​ខិតខំ​បង្កបង្កើនផល ពិសេស​ដំណាំ ជា​ស្បៀង​ប្រចាំថ្ងៃ​មាន​បន្លែ ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ និង​ត្រី ធ្វើយ៉ាងណា​អាច​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ដោយ​មិនចាំបាច់​ទៅ​ចំណាយ​ប្រាក់​។ ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវបញ្ជូន​កូនចៅ​ទៅ​សាលារៀន​ឱ្យបាន​ទៀងទាត់​តាម​កម្មវិធី​សាលា ចៀសវាង​យក​ឱកាស​នេះ ពួកគាត់​ដើរលេង​ដែល​អាច​ប្រឈម​ការឆ្លង​ជំងឺ និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ព្រមទាំង​ត្រូវ​ចូលរួម​ថែរក្សា ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ដែល​កម្ពុជា​ទទួលបាន​យ៉ាង​លំបាក​។

លោក​ថ្លែងថា​៖ «​បងប្អូន​ក៏ត្រូវ​ចូលរួម​ថែរក្សា ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ដែល​រកបាន​មក​ដោយ​លំបាក ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្របតាម​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​កាលពី​ពេល​ថ្មីៗ​នេះ​ថា សន្តិភាព​គឺជា​នយោបាយ​អាទិភាព​ខ្ពស់បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​សន្តិភាព មាន​អ្វីៗ​ទាំងអស់​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ទៅ​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​ពិនិត្យ​លទ្ធភាព​បន្ត​ដោះស្រាយ​ជា​គ្រាប់ពូជ​ដំណាំ បន្លែ ត្រី និង​មាន់​ជូន​កសិករ​តាម​ការចាំបាច់ ហើយ​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ បំណង​ស្វះ​ស្វែងរក​ជំនួយ​បន្ថែម ដើម្បី​យកមក​ជួយ​ប្រជាកសិករ​ឱ្យបាន​ទាន់ពេលវេលា​។

លោក សុខ សុទ្ធាវុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែមីនា ថា សម្រាប់​ខេត្តស្វាយរៀង​ទទួលបាន​អង្ករ​ ៤០ ​តោន សម្រាប់​ចែកជូន​មាន​ប្រជាពលរដ្ឋ ១០០០ ​គ្រួសារ ដែល​ក្នុង​ ១​ គ្រួសារ ៤០ ​គីឡូក្រាម​។ លោក​បន្តថា កន្លងមក​មន្ទីរ​បាន​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់ជូន​គ្រាប់ពូជ​បន្លែ ត្រី មាន់​ជាដើម​សម្រាប់​ប្រជាពលរដ្ឋ​បង្កបង្កើនផល​តាម​កម្មវិធី ASPIRE​។ លោក​ថា មន្ត្រី​កសិកម្ម​នឹង​ពិនិត្យមើល​ចំពោះ​កិច្ចខិតខំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​ការដាំដុះ​ និង​ចិញ្ចឹមសត្វ បើ​មានការ​ខ្វះខាត​នឹង​ធ្វើការ​បំពេញបន្ថែម​ទៀត​តាម​ជាក់ស្តែង​។ លោក​ថ្លែងថា​៖ «​គ្រប់​កសិករ​ទាំងអស់​គាត់​បានទទួល​ពី​រដ្ឋាភិបាល​ទាំងអស់​គ្រប់គ្នា ទោះ​មាន​ការចន្លោះ​តិចតួច​គឺ​តាម​កម្មវិធី បើ​កម្មវិធី​ដាក់​ចំ កន្លែង​ណា យើង​ធ្វើការ​ជ្រើសរើស​គាត់​ជា​ក្រុម​កសិករ​ដាំ​បន្លែ​ដាំ​អីហ្នឹង អ៊ីចឹង​បើ​គាត់​មានការ​ខ្វះខាត​អី​គាត់​អាច​ទំនាក់ទំនង​តាម​បណ្តាញ​ក្រុម​អ៊ីចឹងទៅ ហើយ​បើ​ខ្វះខាត​យ៉ាងណា​ទៀត​យើង​បំពេញបន្ថែម​» ។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែមីនា​ថា ខេត្ត​ត្បូងឃ្មុំ​បានទទួល​អង្ករ ៤០ ​តោន សម្រាប់​ចែកជូន​ប្រជាពលដ្ឋ​នៅ​ស្រុក​ចំនួន​ ៣ គឺ​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​អូររាំងឪ​។

លោក​បន្តថា ក្នុង​ឆ្នាំ​ថ្មី​នេះ​ដើម្បី​លើកកម្ពស់​ស្ថិរភាព​ស្បៀង​មន្ទីរ​មាន​គម្រោង​ណែនាំ​បច្ចេកទេស និង​ធ្វើការ​តម្រង់ទិស​ពលរដ្ឋ​រួមទាំង​មាន​ការចែក​ពូជ​ដំណាំ​បន្លែ និង​សត្វ​ចិញ្ចឹម​ជូន​ដល់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ពិនិត្យ​ជាទូទៅ​តែម្តង ជាពិសេស​គឺ​ផ្តោត​ទៅលើ​ការតាម​មើលថែ​គាត់ យើង​ផ្តល់​បច្ចេកទេស តម្រង់ទិស​គាត់ ជា​រឿង​សំខាន់ ចំណែក​ការចែក​គ្រាប់ពូជ​នោះ​គឺ​យើង​មាន​មិន​ច្រើន​ដែរ អ៊ីចឹង​យើង​មិនអាច​យក​ជា​មូលដ្ឋាន​ធំ​បានទេ គឺ​យើង​ចែក​តាមរបៀប​ចូលរួមចំណែក​ជួយ​សម្រាប់​អ្នកណា​ដែល​ទាល់​ខ្លាំង​ទេ​»​។ លោក​ ហេង ពិសិដ្ឋ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ទៅតាម​បច្ចេកទេស ដោយ​ព្យាយាម​យក​កាក​សំណល់​កសិកម្ម​ធ្វើ​ជីកំប៉ុស​ ដើម្បី​ជំនួស​ជី​ដែល​ពលរដ្ឋ​ធ្លាប់ប្រើ​ដោយ​ទិញ​ពី​ផ្សារ ព្រោះ​បច្ចេកទេស​នេះ ជា​ជំនួយ​សំខាន់​មួយ​ក្នុង​ការសន្សំសំចៃ​ធនធាន​បាន​ច្រើន​៕