បាត់ដំបង​/​កំពង់ឆ្នាំងៈ នគរបាល​ក្នុង​ខេត្តបាត់ដំបង​ និង​កំពង់ឆ្នាំង​កំពុង​បន្ត​អនុវត្ត​វិធានការ​ផាកពិន័យ​ និង​ផ្សព្វផ្សាយ​អប់រំ​ដល់​ក្រុម​ប្រើ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង​សំឡេង​ ឮ​ខ្លាំង ស្របពេល​សកម្មភាព​នេះ​បាន​ស្ងប់ស្ងាត់ បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ទាំង​ ២​ នេះ បាន​ផាកពិន័យ​ម្ចាស់​ម៉ូតូ​ជា​បន្តបន្ទាប់ ខណៈ​នៅ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ទើប​ឃាត់​ម៉ូតូ​ច្នៃ​បាន​ ៥​ គ្រឿង​កាលពី​ថ្ងៃ​​ទី​ ១២ មីនា​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង​ និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ មីនា​ថា ករណី​ក្មេង​ទំនើង​ប្រើប្រាស់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង ​ឮ​នេះ បច្ចុប្បន្ន​ហាក់​មិនសូវមាន​ប៉ុន្មាន​ទេ នៅតាម​ស្រុក​ទូទាំង​ខេត្តកំពង់ឆ្នាំង​។ ​ប៉ុន្តែ​បើ​មាន​ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​នៅ​គ្រប់​ប៉ុស្តិ៍​ក្នុងស្រុក​នីមួយៗ​ចាប់​ផាកពិន័យ​ដែរ​។

លោក​បន្តថា ការងារ​នេះ មិន​ត្រឹមតែ​សមត្ថកិច្ច​មាន​ចំណាត់ការ​ទៅលើ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង​សំឡេង​ឮ​ទេ សូម្បីតែ​រថយន្ត​ដែល​បំពាក់​ភ្លើង​ខុស​បច្ចេកទេស ក៏ត្រូវ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​ចាប់​ផាកពិន័យ​ដែរ​។ ​នៅ​ឆ្នាំ​ ២០២១​ កន្លងមក សមត្ថកិច្ច​ខេត្ត​អនុវត្ត​ស្ទើរតែ​អស់​នូវ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង ខណៈ​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​ចុះ​តាម​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ជា​រៀងរាល់​យប់ តាម​បទបញ្ជា​ពី​លោក ខូវ លី ស្នងការ​នគរបាល​ខេត្ត​។

លោក ប៊ុនធឿន ថ្លែងថា​៖ «​នៅ​ខេត្តកំពង់ឆ្នាំង ឥឡូវ​ហាក់​គ្មាន​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ទៀត​ទេ​។ ការងារ​នេះ​ដោយសារ​យើង​បាន​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បំពាន​ច្បាប់​ស្របពេល​គ្នា​នេះ​យើង​ក៏​ផាកពិន័យ​តាមច្បាប់​ដែរ​។ យើង​ឃើញថា​ប្រជាពលរដ្ឋ​លោក​យល់ដឹង​ច្រើន​»​។

លោក​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​តែងតែ​អប់រំ​ដល់​បុគ្គល​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​បើ​ថ្ងៃក្រោយ​បុគ្គល​នោះ​នៅតែ​មិន​ព្រមស្ដាប់​តាម​ការណែនាំ​ទៀត​នោះ​គឺ​សមត្ថកិច្ច​នឹង​ដោះ​បំពង់​ស៊ីម៉ាំង​ម៉ូតូ​នោះ​រក្សាទុក​តែ​​ម្តង​។ ​ចំពោះ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង​សំឡេង​​ឮ​នេះ មិនមាន​ច្រើន​ទេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង តែ​ច្រើន​មាន​រថយន្ត​បំពាក់​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស​ទៅវិញ​។

ដោយឡែក លោក​ ចាន់ សុធី នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១៤ មីនា​​ថា ករណី​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង​នេះ ហាក់ដូច​មិនឃើញ​មាន​ទៀត​ទេ នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​គឺ​នៅក្នុង​ក្រុង​បាត់ដំបង​តែម្តង​។ ​តែបើ​មាន​ក៏​មិនអាច​គេច​ផុតពី​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​របស់​លោក​ឡើយ​។ តែ​ទោះយ៉ាងណា​ក៏​នៅតែ​មិនទាន់​អស់​ដែរ​។

លោក​ថ្លែងថា​៖ «​កាលណា​យើង​កំពុង​ត្រួតពិនិត្យ​តាម​គោលដៅ​ក្នុង​ក្រុង​បាត់ដំបង ហើយ​បើ​ជួប​អ្នក​ប្រើ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង យើង​នឹង​ហៅ​គាត់​ទៅ​អប់រំ និង​ផាកពិន័យ​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​គឺ​ ១០​ ម៉ឺន​រៀល​ម៉ូតូ​ ១ ​គ្រឿង​តាម​មាត្រា​ ៦ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​»​។

ទាក់ទង​នឹង​ករណី​នេះដែរ កាលពី​ថ្ងៃទី​ ១២ មីនា នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បាន​ឃាត់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ីម៉ាំង​បាន​ចំនួន​ ៥ ​គ្រឿង​យកមក​ផាកពិន័យ​ និង​អប់រំ​មុនពេល​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅវិញ​។ នេះ​បើតាម​លោក ទៀង ច័ន្ទសារ អធិការនគរបាល​ខណ្ឌ​ដូនពេញ​ប្រាប់​នៅ​ថ្ងៃទី​ ១៤ មីនា​។

លោក​បាន​ថ្លែងថា ការឃាត់​ម៉ូតូ​​នេះ​គឺ​សមត្ថកិច្ច​មានបំណង​ឱ្យ​ម្ចាស់​ម៉ូតូ​ធ្វើការ​បំពាក់​បំពង់​ស៊ីម៉ាំង​ដូចដើម​វិញ និង​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​​ម៉ូតូ​ឱ្យមាន​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច អ៊ីចឹង ហើយ​បើ​ពលរដ្ឋ​គាត់​បានធ្វើ​ខុស​ដែលជា​បទល្មើស​លហុ​គឺ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​ដល់​ពួកគាត់​ហើយ​ពួកគាត់​យល់​នៅ​ចំពោះមុខ​​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ យើង​តម្រូវឱ្យ​គាត់​ប្តូរ​ពី​បំពង់​ស៊ីម៉ាំង​កែច្នៃ​មក​បំពង់​ស៊ីម៉ាំង​ដើម​វិញ​»៕