ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បើក​កិច្ចប្រជុំ​ក្រើនរំឭក​ដល់​បណ្តា​រាជធានី​-​ខេត្ត​នៅ​ទូទាំងប្រទេស​ឱ្យ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​តាម​ការណែនាំ​ពី​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រោយពី​ឃើញ​មាន​ភាពមិនប្រក្រតី​កើតឡើង​ក្នុង​រាជធានី​ខេត្ត​មួយចំនួន​។

កិច្ចប្រជុំ​ស្តីពី​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២២ តាម​ប្រព័ន្ធ​វីដេអូ Zoom ដឹកនាំ​ដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​,​អភិបាលរង​រាជធានី​ខេត្ត​ និង​នាយក​ទីចាត់ការ​អន្តរ​វិស័យ​រាជធានី ខេត្ត សរុប​ប្រមាណ​ ៦០ ​រូប​។

ក្រោយ​កិច្ចប្រជុំ​នេះ លោក ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ដើម្បី​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត​​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ធ្វើ​សកម្មភាព​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ឆ្នាំនេះ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំក្រោយ​។

លោក​ថ្លែងថា​៖ «​គោលដៅ​របស់​យើង​គឺ​ឱ្យ​គាត់​យកចិត្ត​ទុកដាក់​ក្នុង​ការអនុញ្ញាត​ឱ្យ​គណបក្ស​ធ្វើ​សកម្មភាព នយោបាយ​ស្របតាម​ច្បាប់​លិខិត​បទដ្ឋាន​ និង​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ទាំងអស់​ដែលមាន​សេចក្តី​ណែនាំ​របស់​សម្តេច​ក្រហោម​ជាដើម​។ ជារួម​យើង​រំឭក​ខេត្ត​ថែមទៀត​»​។

បើតាម​លោក ឈឹម កាន ដោយ​មើលឃើញ​ពី​ការមិន​យកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​លើ​សេចក្តីណែនាំ​របស់​លោក ស ខេង ទើប​មាន​កិច្ចប្រជុំ​រំឭក​បន្ថែម ដើម្បី​ធ្វើឱ្យមាន​គោលការណ៍​ឯកភាពគ្នា និង​ឱ្យ​​រដ្ឋបាល​រាជធានី​ខេត្ត​ផ្សព្វផ្សាយ​បន្ត​ដល់​រដ្ឋបាល​ស្រុក ឃុំ​សង្កាត់​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​។

លោក សោម សូរីដា អ្នកនាំពាក្យ​ គ.ជ.ប ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ មីនា ២០២២ ដោយបាន​ស្វាគមន៍​ចំពោះ​ការបើក​កិច្ចប្រជុំ​នេះ​ ដើម្បី​បង្ក​​លក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ​ក្នុង​ការធ្វើ​សកម្មភាព​នយោបាយ​របស់ខ្លួន​។

លោក​បន្តថា តាមរយៈ​ការណែនាំ​នេះ​បាន​ធ្វើឱ្យ​ដំណើរការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​កន្លង​មកនេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប៉ុន្តែ​ក៏មាន​បញ្ហា​តិចតួច​នៅតាម​ឃុំ​សង្កាត់​ខ្លះ​ដែរ​​ដោយសារ​អាជ្ញាធរ​ឃុំ​សង្កាត់​នោះ​មិនទាន់​យល់ច្បាស់​ពី​តួនាទី​ និង​ភារកិច្ច របស់​រដ្ឋបាល​ឃុំ និង​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត​ដែរ​។

ទោះជា​យ៉ាងណា បើតាម លោក សោម សូរីដា តាមរយៈ​កិច្ច​ទំនាក់​ទំនង​រវាង​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី​បាន​ធ្វើឱ្យ​កិច្ចការ​នេះ​មាន​ការយល់​គ្នា​។

លោក​ថ្លែងថា​៖ «​គ.ជ.ប ​សូម​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធរ ជាពិសេស​គឺ​ក្រសួងមហាផ្ទៃ ដែល​បានចេញ​ជាគោលការណ៍​ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ ដើម្បី​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅមុន​ដំណើរការ​បោះឆ្នោត​មកដល់​»​។

កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​មួយច្បាប់ ស្នើឱ្យ​អភិបាល​នៃ​គណៈអភិបាល​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ ធ្វើ​សកម្មភាព ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​- សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៧ ឆ្នាំ​ ២០២៣ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​ទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​៕