ភ្នំពេញៈ ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ (Naturelife Cambodia)​ កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ ​២០២២ បានផ្តល់​មូលនិធិ​ខ្នាតតូច​ដល់​សហគមន៍​ចំនួន​ ៤ ស្ថិតនៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ ដើម្បី​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​ក្នុង​កិច្ចការពារ​ដែនជម្រកសត្វព្រៃ​លំផាត់​។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៣ មីនា​ថា កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ​ ២០២១ អង្គការ​ជីវិត​ធម្មជាតិ​​នៅ​កម្ពុជា​ (Naturelife Cambodia) ​បាន​ចុះកិច្ចសន្យា​ផ្តល់​មូលនិធិ​ខ្នាតតូច​ដល់​សហគមន៍​តំបន់​ការពារធម្មជាតិ​អូរគគីរ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូររ៉ៃ សហគមន៍​តំបន់​​ការពារ​ធម្មជាតិ​វាលកំបោរ និង​សហគមន៍​អភិរក្ស​ធនធាន​ជីវចម្រុះ​ស្រែ​ជ្រៃ ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​​នៅក្នុង​សហគមន៍​តំបន់​ការពារ​​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​ក្នុង​កិច្ចការពារ​ដែនជម្រក​សត្វព្រៃ​លំផាត់​។

លោក​ថ្លែងថា​៖ «​គម្រោង​ខ្នាតតូច​នេះ​មាន​រយៈពេល​ ១ ​ឆ្នាំ និង​ផ្តោតលើ​សកម្មភាព​សំខាន់ៗ​ដូចជា ការ​ល្បាត​តាមដាន​ជីវចម្រុះ និង​បទល្មើស​នៅក្នុង​សហគមន៍​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ការអប់រំ​ផ្សព្វផ្សាយ​ជាមួយ​សមាជិក​ក្នុង​សហគមន៍ ការពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ដែនជម្រក​សត្វព្រៃ​លំផាត់​ជាដើម​»​។

លោក​លើកឡើង​ថា ដែនជម្រក​សត្វព្រៃ​លំផាត់ គឺជា​ទីជម្រក​ដែលមាន​សក្តានុពល​ក្នុង​ការអនុវត្ត​គម្រោង​ឥណទាន​កាបូន​នាពេល​អនាគត​ដែល​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​ដែនជម្រក​សត្វព្រៃ​លំផាត់​នេះ​ឱ្យបាន​គង់វង្ស​។ ​ក្រៅពីនេះ​ដែនជម្រក​សត្វព្រៃ​លំផាត់​ក៏សម្បូរ​ទៅដោយ​ជីវចម្រុះ និង​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​ក្នុងនោះ​មាន​សត្វ​ត្រយង​យក្ស និង​សត្វ​ត្មាតភ្លើង ជាដើម​។

លោក​បន្តថា ច្រើន​ឆ្នាំ​កន្លងមកនេះ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​ជួយ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​ ៤ ​នេះ រហូត​មានការ​ទទួលស្គាល់​ពី​ក្រសួងបរិស្ថាន​។ ​សហគមន៍​ទាំងនេះ បាន​ចូលរួម​ថែរក្សា​ការពារ​ធនធានធម្មជាតិ ព្រៃឈើ​នៅក្នុង​តំបន់​របស់ខ្លួន ហើយ​អង្គការ​ក៏​បន្ត​ជួយ​គាំទ្រ​ផ្ដល់​ជា​មូលនិធិ​បន្ថែមទៀត​ដើម្បីឱ្យ​ការ​អនុវត្ដ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នេះ រឹត​តែមាន​ប្រសិទ្ធភាព​។

លោក វរសក្ស បានឱ្យដឹងថា តាមរយៈ​ការចុះកិច្ចសន្យា​ផ្តល់​មូលនិធិ​ខ្នាតតូច​ដល់​សហគមន៍​​ទាំង​ ៤​ នេះ សហគមន៍​នីមួយៗ​នឹង​ទទួលបាន​ថវិកា​ប្រមាណ​ ៥ ​ពាន់​ដុល្លារ សម្រាប់​អនុវត្ដ​សកម្មភាព​របស់ខ្លួន​ក្នុង​រយៈពេល​ ១ ​ឆ្នាំនេះ ​(២០២១-២០២២) ខណៈ​សហគមន៍​ទាំង​ ៤ នេះ​មាន​​ភូមិ​សរុប​ចំនួន​ ១០ ភូមិ បាន​ចូលរួម ក្នុង​នោះ ភូមិ​ចំនួន​ ៩ ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់​ខេត្ដ​រតនគិរី និង​ភូមិ ១ ​ទៀត​ស្ថិតនៅ​ដែន​សម្រក​សត្វព្រៃ​លំផាត់ ខេត្ដ​មណ្ឌលគិរី​។

រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែមករា ឆ្នាំ ​២០១៧ បានចេញ​អនុក្រឹត្យ​ស្ដីពី​ការកំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ដ​រតនគិរី និង​ខេត្ដ​មណ្ឌលគិរី​នេះ ដោយ​បាន​កំណត់ និង​បែងចែក​តំបន់​ក្នុង​ការគ្រប់គ្រង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់​ដែលមាន​ផ្ទៃដី​សរុប​ទំហំ ២៥០ ០០០ ​ហិកតា ដើម្បី​ធានា​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​នៃ​ការគ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​លំផាត់ និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​​គ្រប់គ្រង ការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​។

ដែនជម្រក​សត្វព្រៃ​លំផាត់​ដែល​ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្ដ​មណ្ឌលគិរី និង​ខេត្ដ​រតនគិរី​នេះ​​ត្រូវបាន​បែងចែក​តំបន់​គ្រប់គ្រង​ជា​ ៤ ​តំបន់ រួមមាន តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍ សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់គ្រង ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកប​ដោយ​និរន្តរភាព​៕