សៀមរាបៈ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ១៤ មីនា កំពុង​សាកសួរ​បុរស ​២ ​នាក់ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាក់ព័ន្ធ​ការស្លាប់​បុរស​ម្នាក់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ច្នៃ​ចំ​ទ្រូង​ ខណៈ​ពួកគេ​ទាំង ​៣ ​នាក់​ ដើររក​ឃ្មុំ​លើ​ភ្នំ​ចង្ក្រាន​រយ ក្នុង​ឃុំ​ស្វាយស ក្នុង​ភូមិសាស្ត្រ​ស្រុក​វ៉ារិន ខេត្តសៀមរាប​។

លោក ហុង បូហេង អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​វ៉ារិន ឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ ខែមីនា ថា បុរស​ម្នាក់​ស្លាប់​ឈ្មោះ វឿន វ៉ុន អាយុ ​៣៧ ឆ្នាំ រស់នៅ​ភូមិ ពាក់​ស្នែង​ថ្មី ឃុំ ពាក់​ស្នែង​ក្នុងស្រុក​វ៉ារិន​។ រីឯ​បុរស​ឈ្មោះ ណែម ស៊ី អាយុ ៣២ ​ឆ្នាំ និង​ឈ្មោះ អឿម អិត អាយុ​ ៣៥ ​ឆ្នាំ​រស់នៅ​ក្នុងភូមិ​លៀប ឃុំ​ពាក់ស្នែង ដែល​ស្ថិតនៅក្នុង​ហេតុការណ៍​នោះ​កំពុង​ត្រូវ​សមត្ថកិច្ច​របស់លោក​ហៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន​។

លោក​ថា​៖ «​នៅ​ (​ថ្ងៃទី​ ១៤ ​មីនា​)​ ខ្ញុំ​កំពុង​សាកសួរ​បុរស​ ២​ នាក់​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន​ ព្រោះ​ពួកគាត់​ថា បានដឹង​ហេតុការណ៍ ហើយ​យក​ដំណឹង​នេះ​មក​ប្រាប់​អ្នកភូមិ​។ ករណីនេះ​យើង​កំពុង​សាកសួរ​ពួកគាត់​»​។

លោក​ថា សមត្ថកិច្ច​ជំនាញ​កំពុង​ចុះទៅពិនិត្យ​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ​បន្ថែមទៀត​ ដើម្បី​ប្រមូល​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​នេះ​។

លោក ឆន ខុន នាយ​នគរបាល​ប៉ុស្តិ៍​ពាក់​ស្នែង​បាន​ប្រាប់ថា មុន​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែមីនា បុរស​ទាំង​ ៣​ នាក់ ដែលជា​មិត្តភក្តិ​នឹង​គ្នា​នោះបាន​នាំគ្នា​ឡើង​ភ្នំ​ដើម្បី​រក​សត្វ​ឃ្មុំ​ដូច​សព្វមួយដង​នៅលើ​ភ្នំ​ចង្ក្រានរយ ស្រាប់តែ​ឮសូរ​សំឡេង​ផ្ទុះ​កាំភ្លើង និង​ឮ​សំឡេង​ជនរងគ្រោះ​ស្រែក​ឱ្យជួយ​។ បុរស​ទាំង​ ២​ នាក់​នោះ បាន​រត់​ទៅ​កន្លែង​ជនរងគ្រោះ​ក៏​ឃើញ​ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​កែច្នៃ ​១ ​គ្រាប់​ចំ​ដើមទ្រូង ហើយ​បាន​ដាច់ខ្យល់​ស្លាប់​នឹង​កន្លែង ហើយ​ពួកគេ​ក៏​នាំគ្នា​សែង​សព​ជនរងគ្រោះ​មក​ផ្ទះ​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​៕