ភ្នំពេញៈ ​លោក ​មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ចាត់ទុក​របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​ដែលថា សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ បាន​ធ្លាក់ចុះ​កាន់តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០ ​នោះ ថា គឺមាន​ចេតនា​បំភាន់​ការពិត​ដល់​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ អំពី​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន ក៏ដូចជា​ការបំពេញ​តួនាទី​ភារកិច្ច​របស់​អ្នកសារព័ត៌មាន​។

លោក មាស សុភ័ណ្ឌ ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នា​ថ្ងៃទី​ ១៣ មីនា​ថា របាយការណ៍​នោះ គឺ​មិនបាន​ធ្វើការ​វាយតម្លៃ​ក៏ដូចជា​ការសិក្សា​ស្រាវជ្រាវ​ និង​ឆ្លុះបញ្ចាំង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ អំពី​ទិដ្ឋភាព និង​បរិយាកាស​ជាក់ស្ដែង​នៃ​ការ​អនុវត្ដ​តួនាទី​ភារកិច្ច​របស់​អ្នកសារព័ត៌មាន ក៏ដូចជា​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​នោះឡើយ​។ «​ការបំពេញ​តួនាទី​ភារកិច្ច​របស់​អ្នក​សារព័ត៌មាន​ក៏ដូចជា​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សោតទស្សន៍​នៅ​កម្ពុជា​ត្រូវបាន​ធានា​យ៉ាង​គត់មត់​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​»​។

CCIM និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេមបូ​ចា​) កាលពី​ថ្ងៃទី​ ១០​ ខែមីនា​បានចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ ២០២១ ស្តីពី​ការ​ប្រឈម​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ (SURVEY REPORT 2021: CHALLENGES FOR INDEPENDENT MEDIA IN CAMBODIA)​។

របាយការណ៍​ថា​៖ «​ការប្រឈម​របស់​អ្នកសារព័ត៌មាន​ឯករាជ្យ​ប្រចាំឆ្នាំ​ ២០២១ ​យើង​រកឃើញថា ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា កាន់តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០»​។ របាយការណ៍​ក៏បាន​បង្ហាញ​ការកត់ត្រា​របស់​ខេមបូចា​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​ចំនួន​ ៥១ ​ករណី ឬ​ស្មើនឹង​អ្នកសារព័ត៌មាន​រងគ្រោះ​ចំនួន ៩៣ នាក់ (៥ នាក់​ជា​ស្ដ្រី​) ​ក្នុងនោះ អ្នកសារព័ត៌មាន​ចំនួន​ ៣២ នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ហើយ ​២៤​ នាក់​ប្រឈម​បណ្ដឹង​ផ្លូវច្បាប់ និង ១៨​ នាក់​ទៀត​អះអាង​ថា ទទួលរង​ការគំរាមកំហែង និង​ការធ្វើ​ទុក​បុក​ម្នេញ​។

CCIM ក៏​សង្កេតឃើញ​ការលេចឡើង​នូវ​តួនាទី​កាន់តែ​សំខាន់​របស់​ពលរដ្ឋ​អ្នកសារព័ត៌មាន​ក្នុង​ការរាយការណ៍​ព័ត៌មាន​ពី​​សហគមន៍​ហើយ​ពួកគេ​ក៏​ជួប​នូវ​ការ​ប្រឈម​បញ្ហា​ស្រដៀង​គ្នា​នឹង​អ្នកសារព័ត៌មាន​អាជីព​ផងដែរ​។ តាម​ការសិក្សា​ស្រាវជ្រាវ​នេះ អ្នកជំនាញ​ផ្នែក​ព័ត៌មាន និង​អ្នកពាក់ព័ន្ធ​មិន​រំពឹងថា ស្ថានភាព​សារព័ត៌​មាននៅ​ឆ្នាំ​ ២០២២ អាច​នឹង​ល្អ​ឡើងវិញ​នោះទេ ដោយសារ​ការបន្ដ​រឹតត្បិត​ផ្នែក​នយោបាយ និង​បទដ្ឋាន​ច្បាប់​ផ្សេងៗ ដែល​ផ្ដល់​អំណាច​កាន់តែច្រើន​ដល់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ប៉ុន្តែ លោក មាស សុភ័ណ្ឌ បញ្ជាក់ថា វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា គឺមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ​។ ជាក់ស្តែង ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​បែប​ទំនើប មានការ​រីកចម្រើន​ទាំង​វិសាលភាព​ និង​មធ្យោបាយ​នៅ​ក្នុងការ​ផ្តល់ព័ត៌មាន​ជូនទៅ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យ​បាន​ទទួល​ព័ត៌មាន​នឹង​ហេតុការណ៍ ព្រឹត្តិការណ៍​ក៏ដូចជា​ព័ត៌មាន​ផ្សេងៗ​ដែល​កើតឡើង​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​ពិភពលោក​ទាំងមូល​។

ទោះយ៉ាងណា​លោក អ៊ិត សូធឿត ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ CCIM លើកឡើងថា ការរកឃើញថា ស្ថានភាព​សេរីភាព​អ្នកសារព័ត៌មាន​មានការ​ធ្លាក់ចុះ​នេះ គឺ​បណ្ដាលមកពី​កត្តា​មួយចំនួន​ទាក់ទង​ទៅនឹង​អ្នកសារព័ត៌មាន​មួយចំនួន ដែល​មាន​បទពិសោធ​រង​ការគំរាមកំហែង​ទៅលើ​ផ្លូវកាយ និង​ផ្លូវ​ចិត្ដ​គឺមាន​ការកើនឡើង​។ លោក​ថាបើ​យោងទៅតាម​ករណី​គំរាមកំហែង យាយី​ទៅលើ​អ្នកសារព័ត៌មាន​ពេល​កំពុង​បំពេញ​មុខងារ​ក៏មាន​ការកើនឡើង​ដែរ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដែល​បង្ហាញថា អ្នកសារព័ត៌មាន​រង​ការគំរាមកំហែង រឹតត្បិត​កាន់តែខ្លាំង​។

លោក​ថ្លែងថា​៖ «​អ្នក​សារព័ត៌មាន​គួរតែមាន​សេរីភាព​ពេញលេញ​ដើម្បី​ធ្វើ​ការងារ​របស់ខ្លួន ប៉ុន្ដែ​នៅពេលដែល​គាត់​រាយការណ៍​លើ​បញ្ហា​រសើប គឺ​ពួកគាត់​នៅតែមាន​ការព្រួយបារម្ភ​ពិសេស​ទាក់ទង​នឹង​ការរាយការណ៍​អំពី​អំពើពុករលួយ​ និង​បញ្ហា​ផ្សេងៗ​ដែល​ធ្វើឱ្យ​សេរីភាព​អ្នកសារព័ត៌មាន​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​»​។

លោក ណុប វី នាយក​ប្រតិបត្តិ ខេមបូចា​ លើកឡើងថា របាយការណ៍​បានបង្ហាញ​ពី​ការងារ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ដែលជា​ការកត់សម្គាល់​លើ​ទិដ្ឋភាព​ផ្លូវច្បាប់​បច្ចុប្បន្ន ក៏មាន​ច្បាប់​មួយចំនួន​បន្ត​គំរាមកំហែង​ដល់​ការងារ​របស់​អ្នកសារព័ត៌មាន​ដែរ​។​ «​ដូចជា ក្រមព្រហ្មទណ្ឌ ដែល​នៅតែ​ត្រូវបាន​ប្រើប្រាស់​យកទៅ​ចោទប្រកាន់​អ្នកសារព័ត៌មាន និង​ការបង្កើត​ច្បាប់​ និង​អនុក្រឹត្យ ថ្មីៗ​មួយចំនួន​ទៀត ដូចជា​អនុក្រឹត្យ​ស្ដីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ជាដើម ក៏​ជា​ផ្នែក​មួយ​ដែលមាន​ទំនោរ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​រឿង​ការរឹតត្បិត​ទៅដល់​សេរីភាព​របស់​អ្នកសារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ដែរ​»​។

លោក​សង្កេតឃើញ​ថា ដោយសារតែ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ កាលពី​ឆ្នាំ​ ២០២១ ក៏​នាំឱ្យ​មានការ​រឹតត្បិត​ដល់​សិទ្ធិសេរីភាព​អ្នក​សារព័ត៌មាន​ចំពោះ​ការចុះ​យក​ព័ត៌មាន រហូត​ទៅដល់​មានការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន និង​ការដក​អាជ្ញាប័ណ្ណ​ជាដើម ក្រោយពី​ពួកគេ​បាន​រាយការណ៍​ពី​បញ្ហា​ជំងឺ​កូវីដ​១៩​។ លោក​បន្តថា​៖ «​ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​មួយចំនួន​ដែល​យើងទាំងអស់គ្នា​ទាមទារ​ឱ្យមាន​ការយក​ចិត្ដ​ទុកដាក់​បន្ថែមទៀត ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ធ្វើឱ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​កាន់តែ​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​»​។

យ៉ាងណាក្តី​លោក​ មាស សុភ័ណ្ឌ លើកឡើងថា បើ​ពិនិត្យ​ទៅលើ​ចំនួន​នៃ​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​នៅពេល​បច្ចុប្បន្ននេះ មាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមបែប​ទំនើប​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត មាន​គេហទំព័រ និង​ទូរទស្សន៍​អនឡាញ បើ​គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២១ មានការ​កើនឡើង​រហូត​ទៅដល់​ ៧៨៧ អង្គភាព ហើយ​ចំនួន​នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​ ២០២០ គឺ​កើន​ឡើងដល់​ទៅ​ ១១៨ អង្គភាព​។

ក្រៅពីនេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​មាន​ទាំង​វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី ជាច្រើន​ផងដែរ​ក៏​កំពុងតែ​បម្រើការ​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​សម្បូរបែប​ទៅដល់​ប្រជាជន​ហើយ​ចំនួន​អ្នក​សារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​ក៏មាន​ការកើនឡើង​ផងដែរ​។ ក្នុង​ឆ្នាំ ​២០២១ ​មាន​អ្នកសារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ជិត ៦ ​ពាន់​នាក់​បាន​បំពេញ​តួនាទី​ក្នុង​ការផលិត​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ទៅដល់​ពលរដ្ឋ​៕