ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​អំពី​របៀប​ពន្លត់​អគ្គិភ័យ នៅតាម​រោងចក្រ​សហគ្រាស ​និង​បានធ្វើ​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​នៅ​បរិវេណ GMAC កាលពី​ថ្ងៃទី​ ១១ ខែមីនា​។

GMAC បានចាត់ទុក​ការធ្វើ​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​ថា មាន​សារៈសំខាន់ ហើយ​វា​ត្រូវបាន​ធ្វើឡើង ២ ដង​ក្នុង​ ១ ​ឆ្នាំ ដើម្បី​ហ្វឹកហ្វឺន​បុគ្គលិក ក៏ដូចជា​សិក្ខាកាម​ដែល​កំពុង​ចូលរួម​វគ្គ​សិក្សា​នៅ CGTI ដែលជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយនភណ្ឌ​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​ទិសដៅ​បំពេញ​នូវ​ការបណ្ដុះបណ្ដាល និង​កាត់បន្ថយ​កង្វះខាត​ជំនាញ​របស់​ក្រុម​បច្ចេកទេស កម្មករ និយោជិត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។ GMAC បញ្ជាក់ថា តាមរយៈ​សមយុទ្ធ​នេះ សិក្ខាកាម​នឹង​យល់​កាន់តែច្បាស់​អំពី​របៀប​ជម្លៀស​ខ្លួន​ចេញ និង​អ្វីដែល​អ្នក​គ្រប់គ្នា​គួរ​ធ្វើ​នៅពេល​មាន​អគ្គិភ័យ​កើតឡើង​។

អគ្គលេខាធិការរង GMAC លោក​ កាំង ម៉ូនីកា មាន​ប្រសាសន៍​ថា អ្វីដែល​បានរៀបចំ​នេះ​គឺជា​ការហាត់​សម​សម្រាប់​បុគ្គលិក ដែល​ត្រូវធ្វើឡើង ​២ ​ដង​ក្នុង​ ១​ ឆ្នាំ​ស្របតាម​ច្បាប់​ស្តីពី​ការងារ ពាក់ព័ន្ធ​ផ្នែក​សុវត្ថិភាព​អគ្គិភ័យ​។ លោក​ថា​៖«​តាមពិតទៅ​ការ​ហ្វឹក​-​ហាត់​បច្ចេកទេស​ពន្លត់​អគ្គិភ័យ​នេះ​គឺជា​កាតព្វកិច្ច​របស់​គ្រឹះស្ថាន​សហគ្រាស​ទាំងអស់​ដែល​ត្រូវ​បង្រៀន​បុគ្គលិក​របស់ខ្លួន​ឱ្យ​ចេះ​ពី​វិធីសាស្ត្រ​ពន្លត់​អគ្គិភ័យ​ក្នុងករណី​មាន​អគ្គិភ័យ​កើតឡើង​»​។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា​វគ្គបណ្តុះបណ្តាល​នេះ​នឹង​ជា​ជំនួយស្មារតី​បន្ថែម​ដល់​សិក្ខាកាម សម្រាប់​យកទៅអនុវត្ត​នៅតាម​រោងចក្រ​សហគ្រាស​នៅពេល​មាន​ករណី​អគ្គិភ័យ​ ខណៈ​រដូវក្តៅ​មកដល់​។ លោក​ថា​៖ «​ឥឡូវនេះ​ខែ​ក្តៅ ហើយ​ហានិភ័យ​អាច​នឹង​កើតមាន​ពី​ការឆេះ​ខ្សែភ្លើង ឬ​ករណី​ផ្សេងៗ​ដែល​បណ្តាលឱ្យ​ឆេះ​រោងចក្រ សហគ្រាស​។ ដូចនេះ GMAC រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​រឿង​ល្អ ដោយសារ​នៅតាម​រោងចក្រ​សហគ្រាស​ជួនកាល​គាត់​ធ្វើ​ពិបាក​រក​អ្នកបច្ចេកទេស ហើយ​ខាង​សមាគម​គេ​មាន​អ្នក​បច្ចេកទេស អ៊ីចឹង​អ្នកបច្ចេកទេស​បង្រៀន​ដល់​តំណាង​រោងចក្រ ហើយ​យកទៅ​បង្រៀន​បន្តទៀត ខ្ញុំ​គិតថា ជា​រឿង​ល្អ​»​។

លោក​បានឱ្យដឹងថា ជាទូទៅ​នៅតាម​រោងចក្រ​កាត់ដេរ​តែង​មាន​ឧបករណ៍​សង្គ្រោះ​បឋម​សម្រាប់​ការទប់ស្កាត់​ករណី​អគ្គិភ័យ ដូច​ជាមាន​ឧបករណ៍​បាញ់​ផ្សែង ហើយ​នៅ​រោងចក្រ​គេ​តែង​ធ្វើ​ ១ ​ឆ្នាំ​ម្តង​ ឬ​ ២​ ដង​។ បើតាម​លោក​ អាត់ ធន់ ករណី​កើតមាន​អគ្គិភ័យ​ភាគច្រើន​នៅតាម​រោងចក្រ​សហគ្រាស បណ្តាល​មកពី​ទុស្សេ ឬ​ឆ្លង​ចរន្តអគ្គិសនី ដោយសារ​ការរៀបចំ​ប្រព័ន្ធ​ភ្លើង​មិនបាន​ល្អ ខណៈ​លោក​ស្នើ​ដល់​ថៅកែ​រោងចក្រ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពាក់ព័ន្ធ​ការរៀបចំ​ប្រព័ន្ធ​អគ្គិសនី ចៀសវាង​ហានិភ័យ​កើតឡើង​ជាយថាហេតុ​។

លោក​​ថា​៖ «​ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ចង់​កែ ឬត​ភ្លើង​ទៅ​កន្លែង​ផ្សេង​ក្នុង​បរិវេណ​រោងចក្រ គឺ​កុំ​ព្យាយាម​តភ្ជាប់​ដោយ​ខ្លួនឯង ដោយ​គ្មាន​បច្ចេកទេស ហើយ​គួរតែ​វិនិយោគ​លើ​ឧបករណ៍​ការពារ​ខ្សែភ្លើង ព្រោះ​ខ្ញុំ​ធ្លាប់​ប្រទះ​ភាគច្រើន​មិនមែន​ឆេះ​ក្រុមហ៊ុន​មេ​ទេ គឺ​ឆេះ​កន្លែង​ត​ភ្លើង​ចូល​ទៅក្នុង​ចង្វាក់​ផលិតកម្ម​ដូចជា​ឃ្លាំង​ ឬ​កន្លែង​ស្តុក​ទំនិញ​»​។

ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក នេត វន្ថា ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្នុង​រដូវក្តៅ​នេះ ក្រុមការងារ​កំពុង​ពង្រឹង​ការអនុវត្ត វិធានការ​ផ្សព្វផ្សាយ​វិធានការ​បង្ការ​ដល់​គោលដៅ​ទូទាំង​ប្រទេស និង​ជាពិសេស​រាជធានី​ភ្នំពេញ​ក្នុង​នោះ​មាន​ក្រុមការងារ​ចល័ត​ចុះ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​ច្បាប់​ដល់​បណ្តា​គោលដៅ​ងាយ​រងគ្រោះ​សំខាន់​។

លោក​ថា​៖ «​យើង​ចុះ​ផ្សព្វផ្សាយ​ដល់​គាត់ និង​ពិនិត្យ​មើលថា មាន​ឧបករណ៍​គ្រប់គ្រាន់​អត់ ឬ​មាន​ហើយ តែ​ខ្វះ​អ្វី​ទៀត យើង​ណែនាំ​គាត់​ឱ្យ​បន្ថែមទៀត ងាយស្រួល​នៅពេល​មាន​ហេតុការណ៍​អី​ទៅ​ទាន់ពេលវេលា​»​។

លោក​បន្តថា បន្ថែម​ពីនេះ លោក​ក៏បាន​ណែនាំ​នៅតាម​បណ្តា​អធិការនគរបាល​រាជធានី​ស្នងការ​ខេត្ត​ឱ្យ​គាត់​យកចិត្ត​ទុកដាក់ ថែទាំ​ឱ្យបាន​ត្រឹមត្រូវ​នូវ​ឧបករណ៍ និង​ត្រៀម​ឧបករណ៍​បន្ថែម​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ករណី​មាន​អគ្គិភ័យ​កើតឡើង​នៅ​មូលដ្ឋាន​របស់ខ្លួន​។

របាយការណ៍​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ មាន​ករណី​អគ្គិភ័យ​នៅ​ទូទាំងប្រទេស​ចំនួន​ ៦៧០​ លើក មានការ​ថយចុះ​ចំនួន ២៦៧ ​លើក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។ របាយការណ៍​បន្តថា អគ្គិភ័យ​នៅ​ឆ្នាំ​ ២០២១​ បាន​បណ្ដាលឱ្យ​មនុស្ស​ចំនួន​ ១៨​ នាក់​បាន​ស្លាប់ រងរបួស​ ៣៥​ នាក់ ឆេះ​ផ្ទះ​អស់​ ៤៧២ ​ខ្នង​ និង​ឆេះ​តូប​លក់ដូរ​អស់​ចំនួន​ ២២០ ​តូប​៕