ភ្នំពេញៈ មន្ត្រី​ជំនាញ​ពី​អន្តរក្រសួង​កំពុង​បន្ត​ពិនិត្យ និង​ពិភាក្សា​បន្ត​លើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ​ និង​សេវា ដែលជា​វិធាន​សម្រាប់​គ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​លក្ខណៈ​ឆបោក ឬ​បន្លំ​លើ​អ្នកប្រើប្រាស់​។

កាលពី​ថ្ងៃទី ​១៤ ខែមីនា លោក តឹករ៉េត សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ត​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ​ និង​សេវា​តាម​ប្រព័ន្ធ​អនឡាញ (Zoom)​។

កិច្ចប្រជុំ​ពិភាក្សា​នេះ​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់ តំណាង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ តំណាង​គណៈកម្មការ​ភាសា​ខ្មែរ​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក.ប.ប.។

លោក​ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ មីនា ថា នីតិវិធី​ក្នុងការ​ពិភាក្សា និង​ពិនិត្យ​ជា​អន្តរក្រសួង​លើ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​គឺ​បានបញ្ចប់ ខណៈ​នីតិវិធី​បន្ត​គឺ​រង់ចាំ​ទទួល​ធាតុ​ចូល​ខ្លះៗ​បន្ថែមទៀត​ពី​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌ ដើម្បី​ឈានទៅ​ប្រកាស​ឱ្យប្រើប្រាស់​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងពេល​ឆាប់ៗ​។

ជាមួយ​នឹង​ការអះអាង​បែបនេះ​លោក ផាន អូន បានឱ្យដឹងថា អនុក្រឹត្យ​នេះ​គឺមាន​ខ្លឹមសារ​ក្នុងការ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម និង​ការដាក់​ហាម​បម្រាម​ការផ្សាយពាណិជ្ជកម្ម​មួយចំនួន​ដែល​ឯកសារ​ផ្សេងៗ​បានកំណត់ ហើយនឹង​មានការ​សុំ​ជា​អាជ្ញាប័ណ្ណ និង​ការផ្តល់​អនុលោមភាព​ផ្សេងៗ​ដល់​អ្នកផ្សព្វផ្សាយ​ឱ្យ​គោរព​តាម​បទដ្ឋាន​ច្បាប់​។

លោក ផាន អូន ក៏​ឱ្យដឹង​បន្តថា​ក្រោយ​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន មន្ត្រី​មាន​សមត្ថកិច្ច​អាច​នឹងដាក់​ទោស​ ឬ​ពិន័យ​ជា​អន្តរការណ៍​ចំពោះ​ការផ្សព្វផ្សាយ​មួយចំនួន​ដែលមាន​លក្ខណៈ​ឆបោក ឬ​បន្លំ​ក្នុង​ការផ្សព្វផ្សាយ​ការលក់ទំនិញ​ដែល​ទាក់ទាញ​អ្នកទិញ​ហើយ​មាន​លក្ខណៈ​មិន​ពិត​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​អនុក្រឹត្យ​នេះ​ក៏​គ្រប់គ្រង​ទៅលើ​ការផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​លក្ខណៈ​មិន​ពិត​ដែរ​ដូចជា​ការផ្សាយពាណិជ្ជកម្ម​ថា​មាន​រង្វាន់​គឺ​ត្រូវតែមាន​រង្វាន់​ហើយ​កម្រិត​ការផ្សព្វផ្សាយ​»​។

បើតាម​លោក ផាន អូន បាន​អះអាងថា​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ និង​សេវា​នេះ​គឺជា​សេចក្តី​ព្រាងច្បាប់​សម្រាប់​បំពេញបន្ថែម​ឱ្យ​ច្បាប់​ដែលមាន​ស្រាប់​ចំនួន ២ គឺ​ច្បាប់​ស្តីពី​គ្រប់គ្រង​ផលិត​ទំនិញ និង​សេវា និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ខណៈ​អនុក្រឹត្យ​ចូលរួម​បំពេញបន្ថែម​រាល់​ឯកសារ​គតិយុត្ត​ដែលមាន​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ច្បាប់​៕