ក្រចេះ: មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​ចុះ​ស៊ើបអង្កេត ករណី​ស្ថានីយ​ថ្លឹងទម្ងន់​រថយន្ត​ចំនួន​ ២ ​ទីតាំងនៅ​ខេត្តក្រចេះ ដែល​រង​ការចោទ ប្រកាន់​ថា បាន​យកលុយ​ពី​អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​ធំៗ ដើម្បី​អាច​ដឹក​លើស​ទម្ងន់​តាមចិត្ត​បាន​ដោយ​មិនចាំបាច់​ចូល​ត្រួតពិនិត្យ​នោះឡើយ​។

កាលពីពេល​ថ្មីៗ​នេះ មានការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​កាំពី​ស្ថិត​ក្នុងស្រុក​ចិត្របុរី និង​ស្ថានីយ​ថ្លឹង​រថយន្ត​មានជ័យ​ស្ថិតក្នុង​ស្រុក​ស្នួល បាន​បណ្តែតបណ្តោយ​ឱ្យ​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ក្នុង​ច្បាប់ ដោយ​អាច​ឆ្លងកាត់​បាន​ដោយ​មិនបាច់​ចូល​ត្រួតពិនិត្យ​។

ការផ្សព្វផ្សាយ​នេះ អះអាងថា ការមិន​ចូល​ត្រួតពិនិត្យ​ត្រឹមត្រូវ​នេះ​គឺ​ម្ចាស់​រថយន្ត​ធំៗ​ទាំងនោះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ​១៥​ ម៉ឺន​រៀល ទៅ​ឱ្យ​មន្ត្រី​នៅតាម​ស្ថានីយ​ទាំងនោះ ដើម្បី​អាច​ដឹកទំនិញ​លើស​ទម្ងន់​បាន​តាមចិត្ត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​ដកស្រង់​សម្តី​អ្នកបើក​ឡានធំៗ ឆ្លងកាត់​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំង​ ២ ​ទីតាំង​នេះ​។

លោក​ តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រសួង​សាធារណការ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤​ មីនា​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ទាំង​នោះទេ​។ យ៉ាងណាក្តី​លោក​បញ្ជាក់ថា ក្រសួង​នឹង​ចុះ​ស៊ើបអង្កេត​ករណីនេះ​ហើយ​បើ​រកឃើញ​ដូច​ការចោទប្រកាន់​មែន ក្រសួង​នឹងមាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។

លោក​ តាំង ពៅ លើកឡើងថា​៖ «​ខ្ញុំ​នឹង​សាកសួរ ហើយ​ធ្វើការ​ស្រាវជ្រាវ​សិន ព្រោះ​ខ្ញុំ​ក៏​កំពុង​តាមដាន​ការងារ​ទាំងអស់​នេះដែរ ចាំមើល​សិន​»​។

លោក វា ថន អភិបាលខេត្ត​ក្រចេះ​ក៏បាន​ថ្លែង​ដែរ​ថា លោក នឹង​ចាត់​មន្ត្រី​ឱ្យ​ពិនិត្យមើល​លើ​ករណីនេះ​។ លោក​ថា​៖ «​គ្រាន់តែ​ថា​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ នោះ​ទាល់តែ ACU បាន​អាច​វាយតម្លៃ​បាន​ថា ជា​អំពើ​ពុករលួយ​។ យ៉ាងណា ខ្ញុំ​មិន​ច្បាស់​ទេ ចំពោះ​បញ្ហា​នេះ​ព្រោះ​ភាគច្រើន​ក្រសួង​សាធារណការ​ជា​អ្នកគ្រប់គ្រង គេ​មាន​កន្លែង​ថ្លឹង មានអី​? តែបើ​បាន​ព័ត៌មាន​នេះ ខ្ញុំ​ក៏​អរគុណ​ដែរ​ខ្ញុំ​នឹង​ឱ្យគេ​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ពិនិត្យ​មើល​រឿង​ហ្នឹង​»​។

លោក​ សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ កាលពី​ថ្ងៃទី​ ១៤ ​មីនា​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង ប៉ុន្តែ​មិនមាន​អ្នក​ទទួល​។

កាលពី​ពាក់កណ្តាល​ខែកុម្ភៈ មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បានស្នើ​សុំ​ផ្លាស់ប្ដូរ​មន្ត្រីរដ្ឋបាល​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​ ៥ ​កន្លែង បន្ទាប់ពី​មាន​ការបែកធ្លាយ ជុំវិញ​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​វិធានការ​បង្ក្រាប​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់ តាម​ស្ថា​-​នី​យ​ទាំងនោះ​។ សូមជម្រាបថា គិត​ចាប់ពី​ខែតុលា ឆ្នាំ​ ២០២១ មកទល់​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២២ ក្រុមការងារ​នៃ​ក្រសួង​សាធារណការ​បាន​បន្ត​ចាប់​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​លើសពី ២០ ​ភាគរយ បាន​ចំនួន ១៣៦ គ្រឿង​។ រថយន្ត​ទាំងនេះ​ត្រូវបាន​ឃាត់​ជា​បន្តបន្ទាប់​ពី​តាម​ស្ថានីយ​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ប្រគល់​រថយន្ត ២៤៩ ​គ្រឿង​ទៅ​ម្ចាស់​វិញ ក្នុង​អំឡុងពេល​ទទួល​រង​ការពិន័យ​ដោយ​ការរក្សាទុក​រយៈពេល​ ១ ​ឆ្នាំ​៕