ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (NACD) ​បាននិង​កំពុង​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការហាមឃាត់​សារធាតុ​គីមី​គ្រោះថ្នាក់ (GRIDS) ដោយសារ​និន្នាការ​ថ្មី​របស់​ពិភពលោក មាន​ការប្រែប្រួល គឺ​ការផ្លាស់ប្តូរ របៀបរបប និង​ឥរិយាបថ​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ពី​ធម្មជាតិ និង​ពាក់កណ្តាល​សំយោគ ប្តូរ​មកជា​ការផលិត​គ្រឿងញៀន​សំយោគ​វិញ​។ នេះ​បើតាម​លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែមីនា​ថា ការប្តូរ​មកជា​ការផលិត​គ្រឿងញៀន​សំយោគ គឺមាន​ភាពងាយស្រួល​ក្នុង​ការផលិត មិន​រើស​ទីតាំង ហើយ​ប្រើ​រយៈពេល​ខ្លី​ដោយសារ​តែ​ការផលិត​របស់​វា គឺ​ធ្វើឡើង​ដោយសារ​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​គឺ​ថ្នាំញៀន​សំយោគ​ដែល​ផលិត​ចេញពី​សារធាតុ​គីមី​ផ្សំ​។

ជាមួយ​គ្នានេះ លោក​ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយក​ខុទ្ទកាល័យ លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានស្នើ​ឱ្យមាន​ការសហការ​ផ្តល់​ទទួល​ព័ត៌មាន​ច្បាស់លាស់​ទាន់ពេលវេលា​ ដើម្បី​ធ្វើឱ្យ​ការបង្ការ ទប់ស្កាត់​បង្ក្រាប​បទល្មើស​បង្វែរ​សារធាតុ​គីមី​ផ្សំ យក​ទៅ​ផលិត​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​។

ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១០ ​មីនា ក្នុងពេលដែល​លោក​ធ្វើជា​អធិបតី​ក្នុង​ការបិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ តាម​ប្រព័ន្ធ​ទំនាក់ទំនង ឧបទ្ទវហេតុ SINCB​។

លោក​ ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជា​អ្នក​សម្របសម្រួល កម្មវិធី​គំនិត​ផ្ដួចផ្ដើម​ប្រតិបត្តិការ​របស់​កម្មវិធី​សកល​ស្ដីពី​ការហាមឃាត់​សារធាតុ​គ្រោះថ្នាក់​ (GRIDS ) ​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ចូលរួម​ជួយ​ពង្រឹង​នូវ​សមត្ថភាព ប្រសិទ្ធភាព ក្នុងការ​ត្រួតពិនិត្យ​សារធាតុគីមី​ផ្សំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​។ នេះ​បើ​យោងតាម​អគ្គលេខាធិការដ្ឋាន NACD​។

លោក​ ឡាយ គឹមលី បាន​សាទរ​ដល់​សិក្ខាកាម ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាំងអស់ ដែល​ទើប​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធ​ល្អៗ​យកទៅ​បម្រើ​ការងារ តាម​វិស័យ​របស់ខ្លួន ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការចរាចរ​សារធាតុគីមី​ផ្សំ​ខុសច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ការសហការ​ផ្តល់​ទទួល​ព័ត៌មាន​ច្បាស់ ទាន់ពេលវេលា ធ្វើឱ្យ​ការបង្ការ ទប់ស្កាត់​បង្ក្រាប​បទល្មើស​ការបង្វែរ​សារធាតុគីមី​ផ្សំ យក​ទៅ​ផលិត​គ្រឿងញៀន មាន​ប្រសិទ្ធភាព ជាពិសេស​សមត្ថកិច្ច​ជួរមុខ​នៅតាម​ច្រកព្រំដែន​ត្រូវតែ​ជួយ​សង្កេត តាមដាន ផ្តល់ព័ត៌មាន ពី​ករណី​សង្ស័យ​នានា ពាក់ព័ន្ធ​នឹង​ការ​នាំចូល​សារធាតុ​គីមី​ផ្សំ​យកទៅ​ប្រើប្រាស់​ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម និង​វិស័យ​វេជ្ជសាស្ត្រ​»​។

លោក​ ឡាយ គឹមលី ក៏បាន​សំណូមពរ​ដល់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​សហការ​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ទំនាក់ទំនង​ឧបទ្ទវហេតុ​សារធាតុ​គីមី ឱ្យ​ទទួល​ផលប្រយោជន៍​ខ្ពស់​ក្នុង​ការងារ​របស់ខ្លួន លើកកម្ពស់​ការផ្លាស់ប្តូរ​ព័ត៌មាន​ស្តីអំពី​ការ​ចរាចរ​ជួញដូរ​សារធាតុ​គីមី​ផ្សំ ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ដៃគូ​ក្នុង​តំបន់​។

ក្រៅពីនោះ​លោក​ក៏​សំណូមពរ​ឱ្យ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ល្អ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​ជួរមុខ បម្រើ​ការងារ​នៅតាម​ព្រំដែន និង​កំពង់ផែ ក្នុង​ការចែករំលែក​ព័ត៌មាន​អំពី​សកម្មភាព និង​ទិសដៅ​នៃ​ការដឹកជញ្ជូន​សារធាតុ​គីមី​ក្នុងប្រទេស​កម្ពុជា លើកកម្ពស់​កិច្ចសហប្រតិបតិ្តការ​ក្នុងការ​តាមដាន​ត្រួតពិនិត្យ​ការប្រើប្រាស់ សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន តាមរយៈ​ការធ្វើជា​សេនាធិការ​ដល់​ស្ថាប័ន អង្គភាព​របស់ខ្លួន ទាំង​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ និង​គ្រប់​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន ត្រូវ​បន្ត​យកចិត្តទុកដាក់​លើកកម្ពស់ ការកសាង​សមត្ថភាព ចំណេះដឹង ជំនាញ​បន្ថែមទៀត ដើម្បី​បម្រើ​ដល់​សកម្មភាព​ការងារ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ដទៃទៀត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ មាស វិរិទ្ធ បានលើកឡើង​ទៀតថា បច្ចុប្បន្ននេះ​ទាំង​អាស៊ាន និង​ពិភពលោក​បាន​កំណត់ មិន​ឱ្យមាន​សារធាតុ​គីមី​ផ្សំ​នៅក្នុង​គ្រឿងញៀន ។ ដូច្នេះ កម្ពុជា​មាន​ការខិតខំ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្កើត និង​រៀបចំ​ឱ្យមាន​យន្តការ​ប្រកបដោយ​គុណភាព​ក្នុងការ​រួមចំណែក​ធ្វើ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ រាប់ទាំង​ការ​ជួញដូ និង​ការប្រើប្រាស់ និង​ដឹកជញ្ជូន និង​ទប់ស្កាត់​កុំឱ្យ​មានការ​បង្វែរ​ពី​ជំនួញ​សារធាតុ​គីមី​ផ្សំ​ស្របច្បាប់​យកទៅ​ផលិត​គ្រឿងញៀន​ខុសច្បាប់​។ «​យើង​ត្រូវមាន​យន្តការ​នេះ ដែលជា​យន្តការ​ចាំបាច់​បំផុត​។ យើង​នឹង​បង្រៀន​សមាជិក​នូវ​យន្តការ​នោះ​ឱ្យ​គាត់​កំណត់​ឱ្យបាន​នូវ​អត្តសញ្ញាណ​នៃ​សារធាតុគីមី​ផ្សំ និង​របៀបរបប​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជាទិញ និង​ការស្តុកទុក ការប្រើប្រាស់ ហើយនឹង​ការ​កាត់​ស្តុក (​សន្និធិ​សារធាតុ​គីមី​ផ្សំ​)»៕