ភ្នំពេញៈ គម្រោង USAID ព្រៃឡង់​បៃតង​បាន​ផ្តល់ជំនួយ​ដល់​អង្គការ​ NTFP-EP Cambodia ក្នុង​ការផ្តល់​វិញ្ញាបនបត្រ និង​រង្វាន់​លើកទឹកចិត្ត​ជា​សាច់ប្រាក់​ដល់​សហគ្រាស​សហគមន៍​ទឹកឃ្មុំ​ព្រៃ​ចំនួន ​៣ នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ព្រះវិហារ ដែល​ធ្វើឡើង​ដើម្បី​ធានាបាន​នូវ​ការប្រមូលផល​ប្រកបដោយ​និរន្តរភាព អនាម័យ និង​ការ​រក្សាទុក ព្រមទាំង​ការ​វេចខ្ចប់​ប្រកបដោយ​គុណភាព​។ នេះ​បើ​យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំខែ​របស់​គម្រោង USAID ព្រៃឡង់​បៃតង​ចេញផ្សាយ​ក្នុង​ខែមីនា​។

ព្រឹត្តិបត្រ​ព័ត៌មាន​ដដែល​បានឱ្យដឹងថា រង្វាន់​ត្រូវបាន​ផ្តល់ជូន​សហគ្រាស​សហគមន៍​ទឹកឃ្មុំ​ព្រៃ​នេះ​បាន​បង្ហាញថា ពួកគាត់​បាន​ពង្រឹង​ការអនុលោម​តាម​គោលការណ៍​ណែនាំ​បច្ចេកទេស​ក្នុង​អំឡុងពេល​ប្រមូលផល​ទឹកឃ្មុំ ការកែច្នៃ និង​ការវេចខ្ចប់ ការវាយតម្លៃ ត្រូវបាន​ធ្វើឡើង​តាមរយៈ​នីតិវិធី​វាយតម្លៃ​ដែល​ហៅថា​ស្ដង់ដា​ដែល​ធានាបាន​នូវ​ការចូលរួម (PGS)​។

វិធីសាស្ត្រ​នៃ​សវនកម្ម​ស្តង់ដា​ដែល​ធានា​នូវ​ការចូលរួម​នេះ រួមមាន​សវនកម្ម​ដែល​ធ្វើការ​វាយតម្លៃ​ជា​ក្រុម ការវាយតម្លៃ​ដោយ​ខ្លួនឯង ការសង្កេត​នៅ​ទីវាល និង​ការសម្ភាស ក៏ដូចជា​ការធ្វើតេស្ត​សរីរាង្គ (​តាម​ញាណ​) និង​តាម​មន្ទីរពិសោធន៍​។ សហគ្រាស​សហគមន៍​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់បំផុត ទទួលបាន​វិញ្ញាបនបត្រ និង​រង្វាន់​លើកទឹកចិត្ត​ចំនួន ៥០០ ​ដុល្លារ​អាមេរិក ហើយ​អ្នក​ជាប់​ចំណាត់ថ្នាក់​ទី​ ២​ ទទួលបាន​វិញ្ញាបនបត្រ និង​ទឹកប្រាក់​ចំនួន ៣០០​ ដុល្លារ​អាមេរិក និង​អ្នក​ទី​ ៣ ទទួលបាន​វិញ្ញាបនបត្រ និង​ទឹកប្រាក់ ចំនួន ២០០ ​ដុល្លារ​អាមេរិក​ផងដែរ​។ ព្រឹត្តិបត្រ​នេះ​ថា​៖ «​នៅពេលដែល​អត្ថប្រយោជន៍​នៃ​ជីវភាព​ផ្តល់​ដោយ​អនុផល​ព្រៃឈើ​មានការ​កើនឡើង សហគមន៍​នឹងមិន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​កាប់​ឈើ ប្រមាញ់​សត្វ និង​ឈូសឆាយ​ដីព្រៃ​ទេ ហើយ​ពួកគាត់​នឹង​ងាក​មក​ចូលរួម​ក្នុង​ការការពារ​ព្រៃឈើ​ដើម្បី​ធានាបាន​នូវ​អត្ថប្រយោជន៍​យូរអង្វែង​»​។

វិញ្ញាបនបត្រ និង​រង្វាន់​ត្រូវបាន​ផ្តល់ទៅឱ្យ​សហគ្រាស​សហគមន៍​ទឹកឃ្មុំ​ព្រៃ ដើម្បី​លើកទឹកចិត្ត​ក្នុង​ការអនុលោម តាម​គោលការណ៍​ណែនាំ​ស្ដង់ដា​។ លើសពី​នេះទៅទៀត ស្ដង់ដា​នៃ​គុណភាព និរន្តរភាព និង​ការតាមដាន​ត្រូវបាន​ធានា​តាមរយៈ សវនកម្ម​ស្តង់ដា​ដែល​ធានា​នូវ​ការចូលរួម​។ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព និង​ផលិតកម្ម​នឹងមាន​ឥទ្ធិពល​ដោយផ្ទាល់​ទៅលើ​ការលក់ ហើយ​ជួយ​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​នៅក្នុង​តំបន់​ទេសភាព​ព្រៃឡង់ និង​តំបន់​ជុំវិញ​។

លោក ម៉ែន សុខហេង មន្ត្រី​អង្គការ​ NTFP-EP Cambodia ​ថ្លែង​នៅ​ថ្ងៃទី ១៣ ខែមីនា​ថា ជំហាន​បន្ទាប់​ខាង​អង្គការ​មាន​គោលដៅ​ពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​ក្រុម​ប្រមូល​ឃ្មុំ​បច្ចេកទេស​ប្រមូល ការវេចខ្ចប់ ការរក្សាទុក និង​ជាពិសេស​ទីផ្សារ​សម្រាប់​ការលក់​ចេញ​ផងដែរ​។ លោក​ថ្លែងថា​៖ «​នៅពេលដែល​គាត់​ធ្វើ​គោរព​ទៅតាម​គោលការណ៍​បច្ចេកទេស​ហើយ មានន័យថា នៅពេលដែល​គេ​ជឿទុកចិត្ត​ហើយ គឺ​ទីផ្សារ​គាត់​ទូលំទូលាយ គាត់​អាច​រក​ម៉ូយ​រក​អតិថិជន​ទិញ​ទឹកឃ្មុំ​បាន​កាន់តែច្រើន អ៊ីចឹង​យើង​ត្រូវ​ជួយ​រក​​ទីផ្សារ និង​ភ្ជាប់​ទីផ្សារ​ជូន​ពួកគាត់​»​។

លោក ម៉ែន សុខហេង បញ្ជាក់ថា ប្រតិបត្តិការ​ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ប្រមូល​ឃ្មុំ​ព្រៃ​ជា​ផ្នែក​មួយ​ជួយ​ដល់​ការថែរក្សា​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ជីវចម្រុះ​ឱ្យ​គង់នៅ​បានយូរ​អង្វែង​។

លោក​បន្តថា ជាការ​កត់សម្គាល់ ការបរបាញ់ ការដាក់​អន្ទាក់ មិនសូវ​កើតមាន​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជាសហគមន៍​គឺ​នៅមាន​ជនខិលខូច​មួយចំនួន បន្ត​រុករាន​កាប់​ទន្ទ្រានព្រៃ​។ លោក​​ថា​៖ «​ឥឡូវ​ការដាក់​អន្ទាក់​ដាក់​អី​វា​អត់​សូវ​មាន​ទេ ប៉ុន្តែ​បទល្មើស​ដែល​សហគមន៍​គាត់​ពិបាក​ទប់ទល់​នោះ​គឺ​ទាក់ទង​ការ​លួច​កាប់​រាន​ព្រៃ​យក​ដី ព្រោះ​រាល់ថ្ងៃ​បញ្ហា​ហ្នឹង​កើតមាន​ស្ទើរតែ​គ្រប់​សហគមន៍​ទៅហើយ​»៕