ព្រះសីហនុៈ ​សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​ ១០ ​នាក់​ទៅ​​តុលាការ បន្ទាប់ពី​ឃាត់ខ្លួន​ករណី​ដឹកនាំ​ក្រុម​អនាធិបតេយ្យ​ជិត​ ៣០០ ​នាក់ ធ្វើ​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ភូមិ​ចាំស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ១៤​ មីនា​ថា ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​ដី​រដ្ឋ​ពី​ក្រុម​អនាធិបតេយ្យ​ប្រមាណ ២៩៥ ​នាក់ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​នៅ​​ចំណុច​គីឡូ​លេខ ​១៥ ដល់​គីឡូ​លេខ​ ១៧ ស្ថិតក្នុង​ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ​ស្រុក​កំពង់សីលា​គឺ​បាន​ផ្អាក​សកម្មភាព​​ទាំងស្រុង​ហើយ ចំណែក​ក្រុម​អនាធិបតេយ្យ​បាន​ចាកចេញ​ពី​ទីតាំង​នោះ​អស់ហើយ ក្រោយ​សមត្ថកិច្ច​ចុះបង្ក្រាប​​ចាប់ខ្លួន​មេខ្យល់​បាន ​១០ ​នាក់​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​បរិស្ថាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​​ជា​មេខ្យល់​ចំនួន​ ១០​ នាក់​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​»​។

បើតាម​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រុមការងារ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​បរិស្ថាន ចុះទៅ​បង្ក្រាប​ចលនា​ប្រមូលផ្ដុំ បំផុសបំផុល​ក្រុម​អនាធិបតេយ្យ​ប្រមាណ​ជា​ ២៩៥ ​នាក់​ក្នុង​នោះ​​ស្រី​ ១១៣ នាក់ ឱ្យចូល​ទន្ទ្រាន​កាន់កាប់​​ដី​រដ្ឋ ស្ថិត​នៅ​ចំណុច​ខាងលើនេះ​។

មន្ទីរ​បរិស្ថាន​បញ្ជាក់​ថា នៅវេលា​ម៉ោង​ ១១ និង​ ៣០ ​នាទី ព្រឹក​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ២០២២ គណៈបញ្ជាការ​​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា​បាន​​ដឹកនាំ​កម្លាំង​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​កាប់ឆ្ការ​នេះ​គឺជា​ដី​របស់​រដ្ឋ សូម​បងប្អូន​បញ្ឈប់​សកម្មភាព​រុករាន​កាន់កាប់​ដោយ​ខុសច្បាប់​ជាបន្ទាន់​។

ក៏ប៉ុន្តែ ទោះបី​មាន​ការណែនាំ​ក្ដី ក៏​ពួកគាត់​ពុំបាន​ស្ដាប់​ឡើយ ជាហេតុ​ធ្វើឱ្យ​ក្រុមការងារ​ត្រូវ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​មេខ្លោង​បាន​ចំនួន​ ១០ ​នាក់ និង​បាន​ដកហូត​​វត្ថុតាង មាន​ចបកាប់​ចំនួន​ ១ ចបជីក​ចំនួន ៥ ​ដើម ញញួរ​ចំនួន ៣ ​ដើម ពូថៅ​ចំនួន​ ១៨ ​ដើម ដែកគាស់​ចំនួន​ ២ ដែកគោល​ចំនួន​ ៥ ​គីឡូ កាំបិតផ្គាក់ ចំនួន​ ២៣ ​ដើម កាំបិត​តូច​ចំនួន​ ៣ ​តង់​ចំនួន​ ៤ រថយន្ត​ចំនួន​​ ៤​គ្រឿង និង​​ម៉ូតូ​ចំនួន​ ២ ​គ្រឿង និង​កំពុង​បំពេញ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ​ ៨៩ ចុះ​ថ្ងៃទី​ ៩ ខែឧសភា ឆ្នាំ ២០១៦ ដែល​ជាប់​ព្រំប្រទល់​រវាង​ភូមិសាស្ត្រ​ខេត្តកោះកុង ព្រះសីហនុ ពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ដើម្បី​ធានា​កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ប្រកបដោយ​និរន្តរភាព​។

បើតាម​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះសីហនុ​កន្លងមក​សកម្មភាព​បទល្មើស រុករាន កាប់ឆ្ការ​ព្រៃ ដាំ​ដំណាំ សង់​ខ្ទម និង​បោះ​បង្គោលរបង​ហ៊ុមព័ទ្ធ កាន់កាប់​ជា​កម្មសិទ្ធិ ដោយ​ខុសច្បាប់​ក្នុង​តំបន់​នេះ​ត្រូវបាន​សមត្ថកិច្ច​ចុះ​អនុវត្ត​វិធានការ​ទប់ស្កាត់ ជា​បន្តបន្ទាប់​ផងដែរ​។

មន្ទីរ​បរិស្ថាន​បញ្ជាក់​ថា យោងតាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ត្រង់​មាត្រា​ ៥៦ និង​មាត្រា​ ៦២ បាន​ចែងថា ជនសង្ស័យ​ណា​ដែល​ធ្វើ​សកម្មភាព​​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី ​៤ ដោយ​ដាក់ពន្ធនាគារ​ពី​ ៥ ​ឆ្នាំទៅ ​១០ ​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ពី​ ១៥​ លាន​រៀល​ទៅ​ ១៥០ លាន​រៀល​ចំពោះ​បុគ្គល​ប្រព្រឹត្ត​ជា​នីតិបុគ្គល​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១៥០​ លាន​រៀល ទៅ ២៥០ ​លាន​រៀល​។

វត្ថុតាង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។ ក្នុងករណី​មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ទ្វេដង​៕