
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលការណ៍ណែនាំស្ដីពីការរៀបចំនីតិវិធីប្រតិបត្ដិស្ដង់ដាសម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិ ក្នុងការស៊ើបអង្កេតលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត និងមន្ត្រីនគរបាលយុត្តិធម៌បំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះបើយោងតាមលិខិតរបស់លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) នៃរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៤ ខែមីនា កន្លងទៅនេះ។
សេចក្ដីណែនាំបានឱ្យដឹងថា ប្រទេសកម្ពុជាជាសមាជិករបស់ក្រុមអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG)។ ប្រទេសកម្ពុជា បានអនុវត្តអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) និងអនុវត្តកាតព្វកិច្ចនានាក្នុងនាមសមាជិក APG ដោយរួមបញ្ចូលទាំងការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ ព្រមទាំងការស្វែងរកទ្រព្យពាក់ព័ន្ធនឹងបទល្មើស និងការរឹបអូសផល និងទ្រព្យសម្បត្តិខុសច្បាប់ទាំងនោះ។ អាជ្ញាធរអនុវត្តច្បាប់របស់កម្ពុជាដែលមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌បានខិតខំបំពេញភារកិច្ច របស់ខ្លួនតាមការកំណត់ដោយច្បាប់ក្នុងការស៊ើបអង្កេតសំអាងនៃបទល្មើស បទល្មើសសម្អាតប្រាក់ ការស្វែងរកទ្រព្យពាក់ព័ន្ធនឹងបទល្មើស និងការរឹបអូសផល និងទ្រព្យសម្បត្តិខុសច្បាប់ទាំងនោះស្របតាមក្រមនីតិវិធី ព្រហ្មទណ្ឌ ឆ្នាំ២០០៧ ក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ឆ្នាំ ២០២០ ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌឆ្នាំ ២០២០ និងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។
«ជាលទ្ធផល សំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ត្រូវបានស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ហើយទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសភាគច្រើន ក៏ត្រូវបានកំណត់អត្តសញ្ញាណតាំងពីដំណាក់កាលដំបូងនៅពេលចាប់ផ្ដើមស៊ើបអង្កេត ឃាត់ទុក បង្កក និងរឹបអូសផងដែរ»។ នេះបើតាមសេចក្ដីណែនាំ។
បើតាមសេចក្ដីណែនាំដើម្បីជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត និងមន្ត្រីនគរបាលយុត្តិធម៌បំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានតាមសមត្ថកិច្ចរបស់ខ្លួន រួមទាំងការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ស្របគ្នា និងការស្វែងរកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសនោះ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដាក់ចេញនូវគោលការណ៍ណែនាំនេះ។
គ.ស.ហ. បានណែនាំចំពោះ «ការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត» ដោយអាជ្ញាធរអនុវត្តច្បាប់ដែលមិនទាន់មាននីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត (Standard Operating Procedure-SOP) ត្រូវរៀបចំ SOP សម្រាប់អនុវត្តក្នុងស្ថាប័នរបស់ខ្លួន។ SOP នេះ គួរបញ្ចូលនូវស្តង់ដាគោលអប្បបរមាមួយចំនួន ដូចជា SOP ជាការកំណត់របៀបរបបការងារឱ្យមន្ដ្រីនគរបាលយុត្តិធម៌បំពេញការងាររបស់ខ្លួនលើការងារស៊ើបអង្កេតបទល្មើសក្នុងសមត្ថកិច្ចរបស់ខ្លួន។ ត្រូវពិនិត្យស្វែងរកបទល្មើសសម្អាតប្រាក់ ឈានដល់ការស៊ើបអង្កេតស្របគ្នាតាំងពីដំណាក់កាលដំបូង និងធ្វើការស៊ើបអង្កេតហិរញ្ញវត្ថុ ហើយនៅក្នុង SOP គួរកំណត់នូវអ្វីដែលក្រសួង-ស្ថាប័ន ឬអង្គភាពអាចជួយដល់មន្ត្រីនគរបាលយុត្តិធម៌របស់ខ្លួនឱ្យបំពេញភារកិច្ចក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សេចក្ដីណែនាំថា៖ «ក្រសួង- ស្ថាប័ន ឬអង្គភាពអាចជួយដល់មន្ត្រីនគរបាលយុត្តិធម៌របស់ខ្លួនលើ ២ ផ្នែក រួមមាន ត្រូវប្រើយន្តការដែលខ្លួនមាន ដើម្បីជួយដល់មន្ត្រីនគរបាល យុត្តិធម៌ក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវស្នើទៅក្រសួង-ស្ថាប័ន ឬអង្គភាពផ្សេង ដើម្បីជួយដល់ការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
គ.ស.ហ. បានណែនាំឱ្យក្រសួង-ស្ថាប័ន ឬអង្គភាពដែលទទួលបន្ទុកត្រូវយកចិត្តទុកដាក់លើករណីក្រសួង- ស្ថាប័ន ឬអង្គភាពបានព័ត៌មានជារបាយការណ៍ស៊ើបការណ៍ហិរញ្ញវត្ថុ ដែលបញ្ចូនដោយឯកឯង ដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួង- ស្ថាប័ន ឬអង្គភាពនោះត្រូវធ្វើការសិក្សា វិភាគ និងចាត់នីតិវិធីបន្ត ដែលមានកំណត់នៅក្នុងនីតិវិធីប្រតិបត្តិតាមក្រសួង ស្ថាប័ន ឬអង្គភាពរៀងៗខ្លួន ដើម្បីស្វែងរកអត្តសញ្ញាណបុគ្គល និងភ័ស្តុតាងពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្រោយពីអនុវត្តការស៊ើបអង្កេតដោយគោរពតាមបច្ចេកទេសដូចមានកំណត់ក្នុង SOP ប៉ុន្តែ ការស៊ើបអង្កេតនៅតែមិនអាចបានលទ្ធផល និងឈានដល់ការកសាងសំណុំរឿងសម្អាតប្រាក់ ក្រសួង-ស្ថាប័ន ឬអង្គភាពដែលទទួលបន្ទុក ត្រូវមានបញ្ជីស្ថិតិ និងបន្តធ្វើបច្ចុប្បន្នភាពលើស្ថិតិនៃការស៊ើបអង្កេតទាំងនោះជាប្រចាំ ហើយគួររៀបចំជាករណីសិក្សាទាំងការស៊ើបអង្កេតដែលអាចឈានដល់ការកសាងសំណុំរឿងសម្អាតប្រាក់ ទាំងការស៊ើបអង្កេតដែលមិនអាចឈានដល់ការកសាងសំណុំរឿងសម្អាតប្រាក់។
គ.ស.ហ. បញ្ជាក់ថា៖ «គ្រប់ករណីដែលបានស៊ើបអង្កេតទាំងអស់ ទោះជាបានទទួលលទ្ធផល ឬមិនបានលទ្ធផល ដែលអាចឈានដល់ការចោទប្រកាន់បទល្មើសសម្អាតប្រាក់ ក្រសួង-ស្ថាប័ន ឬអង្គភាពដែល ទទួលបន្ទុកត្រូវបន្តចាត់ការតាមនីតិវិធីច្បាប់ជាធរមាន»។
គ.ស.ហ. បន្តថាដើម្បីបម្រើដល់ប្រសិទ្ធភាពនៃការស៊ើបអង្កេត រួមទាំងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រសួង-ស្ថាប័ន ឬអង្គភាពដែលទទួលបានសំណើដូចបានរៀបរាប់ខាងលើ ត្រូវ ឆ្លើយតបតាមសំណើជាបន្ទាន់។ ក្រសួង-ស្ថាប័ន ឬអង្គភាពដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវមានទំនាក់ទំនងទ្វេភាគី ដើម្បីជួយគ្នាទៅវិញទៅមក។ ក្រុមការងារក្រសួងយុត្ដិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យ ដើម្បីឱ្យកម្ពុជាអាចបំពេញលក្ខខណ្ឌរបស់ក្រុម-ប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG)។
រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ នៅដើមខែមីនានេះ បានដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការចំពោះកិច្ច អនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងបញ្ហាដែលនៅដក់សល់សំដៅធានាឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អប្រសើរលើរបាយការណ៍វឌ្ឍនភាពជុំទី ៩ ដែលមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងសម្រេចនាពេលខាងមុខពោលគឺធ្វើយ៉ាងណាដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ៕