
ពពកខ្មៅដេរដាសរកកល់ចង់ភ្លៀងនៅរាជធានីភ្នំពេញ នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី ១៥ មីនា បានព្រមានថា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងសម្ពាធទាបតូចៗមួយចំនួនក្នុងតំបន់នឹងបង្កឱ្យមានភ្លៀងលាយឡំខ្យល់កន្ត្រាក់បក់បោកខ្លាំង និងផ្គររន្ទះកើតឡើងច្រើននៅក្នុងតំបន់ទំនាបកណ្ដាល និងទំនាបភាគពាយព្យនៃប្រទេសកម្ពុជា។
លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យោងតាមការពិនិត្យអង្កេតអំពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ១៦-២២ ខែមីនា ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ។
លោកបានថ្លែងថា៖ «យោងតាមស្ថានភាពខាងលើនេះបណ្ដាខេត្តមួយចំនួនក្នុងតំបន់វាលទំនាបកណ្ដាល និងបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅភាគពាយព្យនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បក់បោកខ្លាំងដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។
បើតាមលោក រីណា ក្នុង ១ សប្ដាហ៍នេះ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៧ អង្សាសេ និងអតិបរមាមានពី ៣៤-៣៦ អង្សាសេ។ ប៉ុន្តែចាប់ពីថ្ងៃទី ១៩-២១ ខែមីនា សីតុណ្ហភាពអតិបរិមានឹងធ្លាក់ចុះបន្តិចមកវិញនៅផ្នែកខ្លះនៃបណ្ដាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាលជួរភ្នំដងរែក និងខ្ពង់រាបឦសាន ជាពិសេសខេត្តជាប់មាត់សមុទ្រ និងជាប់ទីទំនាបនៃភាគពាយព្យសីតុណ្ណភាពអតិបរិមាធ្លាក់ចុះមកនៅក្នុងរង្វង់ ៣២-៣៤ អង្សាសេ និងមានបរិមាណភ្លៀងកើនឡើងច្រើនជាងផ្នែកផ្សេងៗ ។
យ៉ាងណាក្ដី លោក រីណា បានអំពាវនាវដល់ប្រជាកសិករប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចៀសវាងនូវហានិភ័យដែលអាចកើតឡើងក្នុងអំឡុងរដូវប្រាំងក្ដៅហួតហែងនេះ ។
លោកថា៖ «ជាទូទៅក្នុងរដូវប្រាំងយើងតែងតែជួបប្រឈមការខ្វះទឹកសម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម ដោយសារក្នុងរដូវប្រាំងអាកាសធាតុក្ដៅហួតហែងខ្លាំង និងមានភ្លៀងកក់ខែកើតឡើងមិនទៀងទាន់ព្រមទាំងមានបរិមាណទឹកភ្លៀងតិចដែលទាមទារឱ្យមានការចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ»។
ជុំវិញការអំពាវនាវនេះប្រជាកសិករនៅឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លោក ប៉ក់ អិត ថ្លែងថា ពេលនេះលោកបានជីកស្រះ ១ នៅចំកណ្ដាលដីស្រែជាង ២ ហិកតាដែលលោកកំពុងដាំស្រូវប្រាំងវគ្គ ២ ដែលប្រមូលផលនៅដើមខែមេសា។ «ដូច្នេះបើមានភ្លៀងកក់ខែក្នុងសប្ដាហ៍នេះដូចការព្យាករមែនខ្ញុំនឹងអាចដាំដំណាំរួមផ្សំផ្សេងទៀតបានក្រោយការប្រមូលផលស្រូវប្រាំងនៅខែមេសា»៕
វីដេអូ៖