ភ្នំពេញៈ មន្ត្រី​ពន្ធនាគារ​បាន​ដោះលែង​មេដឹកនាំ និង​សមាជិក​សហជីព​នៅកាស៊ី​ណូណាហ្គាវើលដ៍​ចំនួន​ ៨​ នាក់​ក្នុង​ចំណោម​ ១១​ នាក់ ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការបង្គាប់​របស់​សាលាដំបូង​រាជធានី​-​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២២​។

ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ​ធ្វើឡើង​ បន្ទាប់ពី​អ្នក​ជាប់ឃុំ​ទាំង ៨ ​នាក់​បានដាក់​លិខិត​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សូម​ឱ្យ​ជួយ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់​ឱ្យ​ពួកគេ​បាន​នៅក្រៅ​ឃុំ​ ដើម្បី​ធ្វើជា​ប្រតិភូ​តំណាង​បុគ្គលិក​ក្នុង​ការចរចា​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​សន្យា​មិនឱ្យ​មានការ​ប្រមូលផ្តុំ​ទៀតឡើយ​។

ក្នុង​លិខិត​ស្នើសុំ​អន្តរាគមន៍​ដាក់​ទៅ​ក្រសួង​ការងារ​តាមរយៈ​ប្រធាន​មណ្ឌល​កែប្រែ​ ២ លោក ខ្លូត តារា ចុះ​ថ្ងៃទី ​១២ ខែមីនា ដោយ​មាន​ស្នាម​មេដៃ​អតីត​បុគ្គលិក​ទាំង​ ៨ ​រូប​មាន​ខ្លឹមសារ​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ពួកគេ​បាន​អំពាវនាវ​ដល់​បុគ្គលិក ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាំងអស់​ដែល​កំពុង​ធ្វើ​កូដកម្ម​មិនទាន់​បាន​ចូល​ធ្វើការ​វិញ​សូម​ចូលធ្វើការ​ទាំងអស់​គ្នា​ ដើម្បី​ការពារ​ផលប្រយោជន៍​នៅ​កន្លែង​ការងារ និង​បង្ក​បរិយាកាស​សម្រាប់​ដោះស្រាយ​វិវាទ​តាមផ្លូវ​ច្បាប់​។

សកម្មជន​សហជីព​លោកស្រី ស៊ុន ស្រីពេជ្រ ដែល​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែមីនា​​ថា ក្រុម​សកម្មជន​សហជីព​​កំពុង​រក​វិធី​ជួបប្រជុំ​ជាមួយ​កូដករ​ផ្សេងទៀត​ ដើម្បី​ពិភាក្សា​ និង​ប្រមូល​មតិរួម​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​។

លោកស្រី​ថា​៖ «​ព្រោះ​ខ្ញុំ​ទើបតែ​បាន​ចេញ​នៅក្រៅ​ឃុំ អ៊ីចឹង​អត់​ទាន់​បាន​ជួប​សមាជិក​ផ្សេង​នៅឡើយ​ទេ​ថា អាច​នឹង​ផ្លាស់ប្តូរ​លក្ខខណ្ឌ​អ្វីខ្លះ ព្រោះ​ឥឡូវ​ចង់ដឹង​ពី​ស្ថានភាព​ និង​មតិ​របស់​សមាជិក​ផ្សេងទៀត​ដែល​ធ្វើ​កូដកម្ម​នៅ​ខាងក្រៅ​សិន​»​។

លោកស្រី​បន្តថា ពួកគេ​នឹង​រក​ទីតាំង​សមស្រប​មួយ​ ដើម្បី​ជួបជុំ ឬ​ប្រជុំ​តាម​អនឡាញ​​ដើម្បី​ប្រមូល​មតិរួម បន្ទាប់មក​នឹង​ស្នើ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

យ៉ាងណាមិញ លោកស្រី ស៊ុន ស្រីពេជ្រ ប្រាប់ថា ជា​បណ្តោះអាសន្ន ក្រុម​សកម្មជន​ និង​មេដឹកនាំ​សហជីព​ដែល​ត្រូវបាន​ដោះលែង​ស្នើឱ្យ​សមាជិក​ដែល​ធ្វើ​កូដកម្ម​នៅ​ខាងក្រៅ​ផ្អាក​ការតវ៉ា​សិន ហើយ​អ្នក​ដែល​នៅមាន​ឈ្មោះ​មិនទាន់​បណ្តេញ​ចេញពី​ក្រុមហ៊ុន​ឱ្យ​គាត់​ចូលធ្វើការ​ធម្មតា​វិញ​សិន​ ​ដើម្បី​ទុកពេល​ឱ្យ​ក្រុម​ពួកគាត់​រក​ពេលវេលា​ជជែក​គ្នា​។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ​លោកស្រី ចក់ សុភាព បាន​បង្ហោះ​សារ​នៅ​បណ្តាញ​សង្គម​របស់ខ្លួន​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ថ្នាក់ដឹកនាំ​សហជីព​ដែល​ត្រូវ​ដោះលែង​ និង​មាន​សេរីភាព​ជួបជុំ​ក្រុមគ្រួសារ​ និង​សមាជិក​ឡើងវិញ​។

លោកស្រី​បន្តថា​៖ «​នៅមាន​សមាជិក ​៣ ​រូប​ទៀត ដែល​ត្រូវ​​បាន​ចាប់​ និង​ឃុំខ្លួន​ក្រោយ​បំផុត​ពាក់ព័ន្ធ​នឹង​វិធាន​ច្បាប់​កូវីដ​នៅ​មិនទាន់​ដោះលែង​នៅឡើយ​ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹងមាន​សេរីភាព​ទាំងអស់​គ្នា​ និង​ភាគី​ពាក់ព័ន្ធ​អាច​ជជែក​រក​ដំណោះស្រាយ​លើ​វិវាទ​ការងារ​ដែល​ភាគី​ទាំងអស់​អាច​ទទួលយក និង​មាន​យុត្តិធម៌​»​។

ពាក់ព័ន្ធ​ការដោះស្រាយ​វិវាទ​​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះដែរ​នាយកដ្ឋាន​វិវាទ​ការងារ​​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ទទួលស្គាល់​អង្គការ​វិជ្ជាជីវៈ សហជីព​សិទ្ធិ​ និង​ប្រយោជន៍​រួម​នៃ​បុគ្គលិក​ណាហ្គាវើលដ៍ កាលពី​ថ្ងៃទី​ ១៤ ខែមីនា​ឆ្នាំ​ ២០២២​។

សូមជម្រាបថា ក្រុម​កូដករ​​ណាហ្គាវើលដ៍​បានចាប់ផ្តើម​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃទី​ ១៨ ខែ​​ធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ជាង​ ៣៦០ ​នាក់​ឱ្យចូល​ធ្វើការ​​វិញ​។ ប៉ុន្តែ​រហូតមកទល់​ពេល​​នេះ​មាន​ថ្នាក់ដឹកនាំ​សហជីព និង សមាជិក​សហជីព​សរុប​ចំនួន​ ៨ ​នាក់​ក្នុងចំណោម​ ១១ ​នាក់​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ​រីឯ​ ៣​ នាក់​ទៀត​ទើប​​បានធ្វើ​លិខិត​ទៅ​ក្រសួង​ការងារ​ ដើម្បី​ស្នើសុំ​ឱ្យបាន​នៅក្រៅ​ឃុំ​ផងដែរ កាលពី​រសៀល​ថ្ងៃទី​ ១៥ មីនា​៕