ភ្នំពេញៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រកាស​នៅ​ថ្ងៃទី​ ១៤ ខែមីនា​ថា ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២ បានទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន ៤១១ ៥៤៩ ៨០០ រៀល និង​ ១៥៥ ៨៤៦ ដុល្លារ​អាមេរិក​ពី​សប្បុរសជន​ចំនួន ២០ ២៤៩ រូប​។ មូលនិធិ​នេះ​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ជួយ និង​បន្ត​អំពាវនាវ​ឱ្យ​សប្បុរសជន​ចូលរួម​បន្ត​បរិច្ចាគ​ដើម្បី​ទ្រទ្រង់​ការជួយ​សង្គ្រោះ​ដល់​កុមារ​កម្ពុជា​។

មូលនិធិ​គន្ធបុប្ផា​បានចាត់ទុក​អំណោយ​ថវិកា​ថា ជាការ​ផ្តល់ឱ្យ​គ្រួសារ​កុមារ​នូវ​ក្តីសង្ឃឹម និង​ភាពរីករាយ ព្រោះ​កុមារ​នឹង​ត្រូវបាន​ជួយសង្គ្រោះ​ឱ្យ​ជាសះស្បើយ​ល្អប្រសើរ​ឡើងវិញ​។ សប្បុរសជន​អាច​ធ្វើការ​បរិច្ចាគ​តាមរយៈ​មធ្យោបាយ​បរិច្ចាគ ដោយ​ឥតគិតថ្លៃ​សេវា​ជាមួយ​បណ្តា​ធនាគារ​ដៃគូ​។ ក្នុងនោះ មានដូចជា ធនាគារ Canadia ធនាគារ ACLEDA ធនាគារ ABA ធនាគារ Chip Mong ធនាគារ Wing ធនាគារ Sathapana ធនាគារ J Trust Royal និង​ភ្នាក់ងារ True Money ឬ​តាមរយៈ​ការបរិច្ចាគ ដោយផ្ទាល់​នៅ​លេខាធិការដ្ឋាន មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែល​មាន​ទីតាំងនៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ០៦១ ៧០ ១១១១​។

មូលនិធិ​គន្ធបុប្ផា ថា​៖ «​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ក៏​អាច​បន្ត​ចូលរួម​បរិច្ចាគ ជា​សមាជិក​ដែល​រួមមាន សមាជិក​កិត្តិយស ដោយ​បរិច្ចាគ​ចាប់ពី ២០ លាន​រៀល (៥ ០០០ ​ដុល្លារ​) ក្នុង ១ ឆ្នាំ ឬ​សមាជិក​គាំទ្រ ដោយ​បរិច្ចាគ​ចាប់ពី ៥ ០០០ រៀល ក្នុង ១ ខែ ឬ ៦០ ០០០ រៀល ក្នុង ១ ឆ្នាំ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​»​។

មូលនិធិ​នេះ​ឱ្យដឹងថា ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​កុមារ​ឈឺ​ចំនួន ៤៣ ១៣០​ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ (43,130 Outpatients) កុមារ​មាន​ជំងឺ​ធ្ងន់ៗ ៥ ៩០៨ ​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ (5,908 admitted patients) កុមារ​មាន​ជំងឺគ្រុនឈាម ចំនួន ៨៤ ​នាក់ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ (84Dengue Fever cases) និង​កុមារ​ចំនួន ១ ៥៩៨​ នាក់ ត្រូវ​បានទទួល​ការវះកាត់ (1,598 surgical operations) វះកាត់​បេះដូង និង​កួត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធបុប្ផា ភ្នំពេញ និង​សៀមរាប​មាន ចំនួន​ ៨៩ ​នាក់ (89 open-heart operations and catheterizations)​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បញ្ជាក់ទៀតថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ (​គន្ធបុប្ផា​ទី​ ៣) មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ៥ ៩៥១ នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ និង​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ មន្ទីរសម្ភព និង​សម្រាលកូន​បាន​ចំនួន​ ១ ៣៤៩ ​នាក់ (5,951 pregnant women were examined and treated in the outpatient, and 1,349 deliveries)​។

លោក សុង កុសល ប្រធាន​អង្គការ​ស្ម័គ្រចិត្ត​ ដើម្បី​មនុស្សធម៌ ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែមីនា​ថា ការជួយ​ឧបត្ថម​គាំទ្រ​ដល់​មូលនិធិ​គន្ធបុប្ផា​ប្រៀប​ដូចជា​ជួយ​ដល់​ខ្លួនឯង ព្រោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទទួល​ធ្វើការ​ព្យាបាល​ដោយ​មិន​រើសអើង​ឡើយ​។

លោក​បន្តថា អង្គការ​ស្ម័គ្រចិត្ត​ ដើម្បី​មនុស្សធម៌ ក៏មាន​គម្រោង​ធ្វើ​សកម្មភាព​មួយចំនួន ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផា​ផងដែរ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ ១៩ មិនទាន់​អំណោយផល​ទើប​មិន​អាចធ្វើ​សកម្មភាព​ជួបជុំ​គ្នាច្រើន​បាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់​ទូទាំង​ប្រទេស​ជាពិសេស​អំពាវនាវ​ដល់​អតិថិជន​យើង​រួមគ្នា​មិន​ថា​តិច​ ឬ​ច្រើន​ទេ ត្រឹមតែ​ម្នាក់​ ១​ ដុល្លារ​ឬក៏ ២ ០០០ រៀល​ក៏​យើង​អាចជួយ​បាន​ច្រើន​ដែរ​»​។

បើតាម​មូលនិធិ​គន្ធបុប្ផា​តម្លៃ​នៃ​ការបរិច្ចាគ​ជាប្រចាំ​របស់​សប្បុរសជន​ពិតជា​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ជាច្រើន​ក្នុង​នោះ​ថ្មីៗ​នេះ មាន​កុមារា​អាយុ​ ១៣ ឆ្នាំ​ម្នាក់​បាន​រស់រាន​មានជីវិត​ឡើងវិញ​ បន្ទាប់ពី​ទទួលបាន​ការខិតខំ​ប្រឹង​ប្រែង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​រយៈពេល​ ៤០ ​ថ្ងៃ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​គន្ធបុប្ផា​។

កុមារ​ម្នាក់នេះ​របួស​មុត​ជើង​អំឡុង​លេង​កីឡាបាល់ទាត់ និង​ ៧ ​ថ្ងៃ​បន្ទាប់​ក៏​ពិនិត្យ​ឃើញ​ថា មាន​ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ និង​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ និង​ថ្នាំ​សណ្ដំ​បំបាត់​ការកន្ត្រាក់​សាច់ដុំ​អស់​រយៈពេល​ ៣៥ ​ថ្ងៃ​ និង​ថែទាំ​ព្យាបាល​ពេល​ ៤០ ​ថ្ងៃ​នៅ​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​។

ការជួយ​សង្គ្រោះ​កុមារ​រូបនេះ​ឱ្យទទួល​បាន​ស្នាមញញឹម និង​មានជីវិត​ឡើងវិញ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង និង​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមគ្រូពេទ្យ​ឯកទេស​កម្ពុជា​។ រាល់​ការសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺ​ឥតគិតថ្លៃ និង មិនមាន​ការរើសអើង​នោះទេ​។ ដូចនេះ រាល់​ការបរិច្ចាគ​របស់​សប្បុរសជន គឺ​ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​ក្នុង​ការជួយ​ជីវិត​កុមារ​កម្ពុជា​។

មូលនិធិ​នេះ​បញ្ជាក់ថា​៖ «​ការមុត​របួស​ដោយ​វត្ថុ​មិន​ស្អាត ដែលមាន​មេរោគ​តេតាណូស​គឺអាច​បណ្តាលឱ្យ​កើត​ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​។ ដើម្បី​ការពារ​ជំងឺ​នេះ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ឱ្យបាន​ទៀងទាត់​»៕