ព្រះសីហនុៈ នាវា​កងស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​ ២​ គ្រឿង URAGA និង HIRADO ដែលមាន​កង​នាវិក​ ១៨០ ​នាក់​បាន​សុំចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ថ្ងៃទី​ ១៥-១៧ ខែមីនា ដើម្បី​លើកកម្ពស់​មិត្តភាព ពង្រឹង​ការយល់ដឹង​ពីគ្នា​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា និង​សម្រេចបាន​នូវ «​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​។

ក្នុង​ពិធី​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន នា​ថ្ងៃទី​ ១៥ ខែមីនា​នៅ​ខេត្ត​ព្រះសីហនុ​លោក​ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​កម្ពុជា​ថ្លែងថា ការចូល​ចត​នាវា URAGA ដែលមាន​នាវិក​ចំនួន​ ១២៦ ​នាក់ និង​នាវា HIRADO មាន​នាវិក​ចំនួន ៥៤ ​នាក់​ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នាពេលនេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​​រវាង​កងទ័ព​ជើង​ទឹក​ទាំង​ ២ ​កម្ពុជា-​ជប៉ុន កាន់តែ​មាន​ភាពជិតស្និទ្ធ និង​រីកចម្រើន​ថែមទៀត និង​ជា​ការចូលរួម​អបអរសាទរ​ខួប​លើក​ទី​ ៣០ ដែល​កងស្វ័យ​ការពារ​ជប៉ុន​ចេញ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា​ជា​លើកដំបូង​។

លោក​ ទៀ បាញ់ ថ្លែងថា​៖ «​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា តាមរយៈ​ការបំពេញ​ទស្សនកិច្ច​ចូល​ចត​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នាពេល​នេះ ភាគី​ជប៉ុន​នឹង​ជំរុញ​ផែនការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ជប៉ុន កាន់តែ​សកម្ម​ថែមទៀត​ដូចជា ការផ្លាស់ប្តូរ​ទស្សនកិច្ច​នាយទាហាន​វ័យក្មេង និង​នាយទាហាន​ថ្នាក់ដឹកនាំ ជាន់ខ្ពស់ បណ្តុះបណ្តាល​លើកកម្ពស់​សមត្ថភាព​ជូន​ដល់​កងទ័ព​ជើងគោក​កម្ពុជា​លើ​ការងារ​មនុស្សធម៌​ និង​សង្គ្រោះ​គ្រោះមហន្តរាយ ​(HADR) ផ្តល់​វគ្គ​សិក្សា​នាយទាហាន​សកម្ម បញ្ជាការ​សេនាធិការ​វិស្វកម្ម និង​សុខាភិបាល​»​។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ស្នើ​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​បង្កើន​ចំនួន​នាវា​កងទ័ព​ស្វ័យការពារ​ជើង​ទឹក​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ឱ្យបាន​កាន់តែ​ច្រើន​ដើម្បី​ហ្វឹកហ្វឺន​រួមគ្នា​លើកកម្ពស់​សមត្ថភាព​លើ​ជំនាញ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​វិស័យ​មនុស្សធម៌​។

លោក​ក៏​ស្នើឱ្យ​ភាគី​ជប៉ុន​បន្ត​ជួយផ្តល់​ឧបករណ៍​សម្ភារ មធ្យោបាយ​ និង​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ដល់​កង​រក្សា​សន្តិភាព​កម្ពុជា ដើម្បី​បំពេញ​បេសកកម្ម​របស់​អង្គការ​ប្រជាជាតិ​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​។

នាវា​កងទ័ពជើងទឹក​ជប៉ុន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ១៥​ខែមីនា​។ រូបថត ហ្វេសប៊ុក

ចាប់ពី​ឆ្នាំ​ ២០០៨​ ដល់​ឆ្នាំ​ ២០២២ ​នេះ កង​ស្វ័យការពារ​ជើងទឹក​ជប៉ុន​បាន​ចូល​ចត​ទស្សនកិច្ច​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ចំនួន​ ៩​ លើក ដែលមាន​នាវា​ចំនួន​ ២៤ ​គ្រឿង​ទាំង​លើក​នេះ និង​បានធ្វើការ​ហ្វឹកហ្វឺន​រួមគ្នា​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើកកម្ពស់​សមត្ថភាព​កងទ័ពជើងទឹក​ទាំង​ ២ ​កម្ពុជា​-​ជប៉ុន លើ​វិស័យ​មនុស្សធម៌​សុខាភិបាល សង្គម គ្រោះមហន្តរាយ និង​ប្រឆាំង​ភេរវកម្ម​។

លោក ​មិកាមិ ម៉ាសាហ៊ីរ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ខណៈពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ មាន​ការរីកចម្រើន​ក្នុង​រយៈពេល​មួយ​យ៉ាង​វែង លោក​មានជំនឿថា ប្រទេស​ជប៉ុន​នឹង​អាចធ្វើ​កិច្ចសហប្រតិបត្តិបត្តិការ និង​ការសម្របសម្រួល​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ​កម្ពុជា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​។

លោក​បន្តថា ប្រទេស​ជប៉ុន និង​កម្ពុជា​បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ ដើម្បី​សម្រេចបាន​នូវ ​«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​។ ប្រទេស​ជប៉ុន​នឹង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ដល់​តំបន់​ទាំងមូល ដោយ​ធានា​ឱ្យបាន​នូវ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​គោលការណ៍​ច្បាប់​។

លោក​ មិកាមិ ថ្លែងថា​៖ «​យើងខ្ញុំ​មាន​ជំនឿថា ការចូល​ចត​នៃ​នាវា​នាពេលនេះ​ក៏​ជា​កិច្ចសហប្រតិបត្តិការ​មួយ​ដ៏សំខាន់​ផងដែរ​ដែល​នឹង​រួមចំណែក​សម្រេចបាន​នូវ​“​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​។

ឆ្នាំ​ ២០២២​ នេះ គឺជា​ខួប​លើក​ទី​ ៣០ ដែល​ជប៉ុន បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ជា​លើកដំបូង​មកកាន់​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩២ ខណៈ​ឆ្នាំ​ក្រោយនេះ​គឺ​ឆ្នាំ​ ២០២៣ គឺជា​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស ជប៉ុន និង​កម្ពុជា​។

លោក Nogochi Yasushi មេបញ្ជាការ​កងពលធំ​បោសសម្អាត​មីន​ទី​ ១ នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន (JMSDF) ​ថ្លែង​ក្នុង​ពិធី​នេះ​ដោយ​សង្ឃឹមថា ការចូល​ចត​បំពេញ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​ដល់​ការពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​មិត្តភាព មិន​ត្រឹមតែ​រវាង​កងកម្លាំង​ស្វ័យការពារ​ជើងទឹក​ជប៉ុន និង​កងទ័ពជើងទឹក​កម្ពុជា​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​រវាង​ប្រទេស​ទាំងពីរ​ជាទូទៅ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការចូល​ចត​បំពេញ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​ដល់​ការសម្រេចបាន​នូវ “​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​ និង​បើកចំហ​”​។ សម្រាប់​ហេតុផល​នេះ យើង​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​កម្រិត​យោធា​តាមរយៈ​ការហ្វឹកហ្វឺន​សុច្ឆន្ទៈ (goodwill training) ជាមួយ​កងទ័ព​នៃ​ប្រទេស​នីមួយៗ នៅពេល​ចូល​ចត​បំពេញ​ទស្សនកិច្ច ហើយ​បានរួម​ចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ និង​មជ្ឈិមបូព៌ា​។

នៅ​ថ្ងៃទី​ ១៥ ខែមីនា កង​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​បាន​ធ្វើការ​ហ្វឹកហ្វឺន បោសសម្អាត​មីន​ដែលជា​លំហាត់​សុច្ឆន្ទៈ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ខណៈ​ថ្ងៃទី​ ១៦ ខែមីនា កង​នាវា​នេះ គ្រោង​ជួប​ជាមួយ​មេបញ្ជាការ​មូលដ្ឋានទ័ព​ជើងទឹក​រាម ដើម្បី​ពង្រឹង​ការយល់ដឹង​ពីគ្នា​ និង​ទំនាក់ទំនង​ទៅវិញទៅមក ផ្អែកលើ​ទំនុកចិត្ត​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៥ ខែមីនា​ថា ការសុំ​ចត​នាវា​កងស្វ័យការពារ​ជើង​ទឹក​ជប៉ុន​នេះ​គឺជា​ទំព័រ​នៃ​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ខណៈ​ជប៉ុន​គឺជា​តួអង្គ​ស្នូល​មួយ​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ក៏​ចង់បង្ហាញ​ទៅ​ប្រទេស​ដទៃទៀត​ថា កម្ពុជា​បើក​លទ្ធភាព​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​អាច​ចុះចត​នៅ​កំពង់ផែ​របស់ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ល្អ​ជាមួយគ្នា​។ អ៊ីចឹង​ហើយ​កម្ពុជា​មិនមែន​ស្វាគមន៍​តែ​ចិន​នោះទេ​។ អ៊ីចឹង ជប៉ុន​ជា​ប្រទេស​សេរី​មួយ​ក៏​ជា​ឧទាហរណ៍​។ កម្ពុជា​កំពុងតែ​ធ្វើ​នយោបាយ​ពិពិធកម្ម​ខាង​ផ្នែក​នយោបាយ​ការបរទេស និង​ខាង​ផ្នែក​ការទូត​បែប​សេដ្ឋកិច្ច​»៕