
លោក ហ៊ុន ម៉ាណែត ក្នុងពិធីនៅខេត្តក្រចេះនៅថ្ងៃ ១៥ មីនា។ ហុង មិនា
ភ្នំពេញៈ អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់អាជ្ញាធរមូលដ្ឋានបន្តខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដោយគូសបញ្ជាក់ថា ការពង្រឹងមូលដ្ឋានគឺជាកិច្ចការសំខាន់ដែលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស។
ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តអម្ពវ័នសិលារាម ហៅវត្តព្រែកចំឡាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី ១៥ ខែមីនា លោក ហ៊ុន ម៉ាណែត ថ្លែងថា ទន្ទឹមនឹងការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ សូមបន្តបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
លោកថា៖ «ព្រោះមានតែមូលដ្ឋានទេដែលរឹងមាំនៅផ្ទាល់អាចដោះស្រាយនូវបញ្ហាជូនប្រជាពលរដ្ឋ មានតែមូលដ្ឋានដែលដឹងរឿងពិត រាយការណ៍នូវការពិត ហើយដើម្បីបានទឹកចិត្តពីប្រជាពលរដ្ឋពិតប្រាកដទាល់តែអាជ្ញាធរមូលដ្ឋានខិតខំបន្តការជួយប្រជាពលរដ្ឋដោះស្រាយ»។
លោកថា ការពង្រឹងមូលដ្ឋានគឺជាកិច្ចការសំខាន់នៅក្នុងយន្តការទាំង ៣ គឺយន្តការអាជ្ញាធរមូលដ្ឋាន ថ្នាក់ខេត្ត និងស្រុក ខណៈដែលរដ្ឋាភិបាលមានយន្តការច្រើនណាស់ ដើម្បីជួយយន្តការថ្នាក់ជាតិ ក្រសួងស្ថាប័នជំនាញ និងមានយន្តការថ្នាក់ក្រោមជាតិ។
លោកថា៖ «ដូច្នេះហើយបានរាជរដ្ឋាភិបាលយើងមានយន្តការគោលនយោបាយ ដើម្បីធ្វើវិមជ្ឈការប្រគល់សិទ្ធិនូវការទទួលខុសត្រូវដល់ថ្នាក់ខេត្ត ថ្នាក់ក្រោមជាតិ រួមទាំងការផ្ទេរថវិកាជាច្រើន ដើម្បីជួយដោះស្រាយផ្ទាល់ អ៊ីចឹងបើយន្តការនេះដើរខ្លាំង ខ្ញុំគិតថា រដ្ឋាភិបាលនឹងមានគ្រឹះរឹងមាំ គឺជារដ្ឋាភិបាលមួយដែលទទួលខុសត្រូវ រដ្ឋាភិបាលមួយដែលដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាមូលដ្ឋាន និងរដ្ឋាភិបាលមួយដែលកាន់តែរឹងមាំ»។
លោកបានថ្លែងបន្តថា សិទ្ធិ និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានគឺជាកិច្ចការសំខាន់ ព្រោះការផ្ទេរសិទ្ធិពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ គឺជាការផ្ទេរទំនួលខុសត្រូវ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ប្រជាពលរដ្ឋជំនួសឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា៖ «សម្តេចនាយករដ្ឋមន្ត្រីមិនអាចចុះមកមើល ១ ពាន់ឃុំ ក្នុង ១ អាណត្តិបានទេ មានតែឯកឧត្តមអភិបាលខេត្តជាតំណាងសម្រាប់មើលការខុសត្រូវក្នុងខេត្ត»៕