ភ្នំពេញៈ ក្រសួង​ទេសចរណ៍ ក្រុមហ៊ុន Everwave និង​អង្គការ River Ocean Cleanup គ្រោង​រៀបចំ​ធ្វើ​យុទ្ធនាការ​សម្អាត​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាមរយៈ​ការប្រមូល​សំរាម​ចេញពី​ក្នុង​ទឹក និង​នៅតាម​បណ្តោយ​ច្រាំងទន្លេ​ចាប់ពី​ខែ​មីនា ដល់​ខែមិថុនា ឆ្នាំ ​២០២២ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ចលនា​ទីក្រុង​ស្អាត​។

ក្នុងជំនួប​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន everwave និង​អង្គការ River Ocean Cleanup កាលពី​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​ ២០២២ បាន​ពិភាក្សា​អំពី​យុទ្ធនាការ​សម្អាត​ទន្លេមេគង្គ​នេះ​ ដោយ​ប្រើប្រាស់​ទូក​ប្រមូល​សំរាម​បំពាក់​បច្ចេកវិទ្យា​ថ្មី​របស់​អាល្លឺម៉ង់​មាន​ឈ្មោះថា «Moringa by Landmarken» ដែលមាន​សមត្ថភាព​អាច​ប្រមូល​ទិន្នន័យ​ទីតាំង​ដែលមាន​សំរាម​បាន​រហ័ស​តាមរយៈ​ដ្រូន​ និង​កាមេរ៉ា និង​មាន​សមត្ថភាព​ប្រមូល​សំរាម​ក្នុង​ទឹកបាន​ប្រមាណ ២០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក Clemens Nepomuk Feigl ប្រធាន និង​ជា​សហស្ថាបនិក​ក្រុមហ៊ុន Everwave GmbH ថ្លែងថា យុទ្ធនាការ​នេះ​ក៏​នឹង​ប្រើប្រាស់​ទូក CollectiX ប្រមូល​សំរាម​ចេញពី​ក្នុង​ទឹក និង​មានការ​ប្រមូល​សំរាម​នៅតាម​បណ្តោយ​ច្រាំងទន្លេ​ចាប់ពី ខែមីនា ដល់​ខែមិថុនា ឆ្នាំ​ ២០២២​។ សំរាម​ដែល​ប្រមូលបាន​នឹងត្រូវ​យកទៅ​បែងចែក​នៅ​ទីតាំង​បែងចែក​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បានរៀបចំ​ដោយ everwave និង​អង្គការ River Ocean Cleanup រួច​សំរាម​ដែល​ពុំ​អាច​កែច្នៃ​បាន​នឹងត្រូវ​បញ្ជូន​ទៅ​ក្រុមហ៊ុន ជីប ម៉ុង Ecocycle យក​ទៅ​បំប្លែង​ទៅជា​ថាមពល​ក្នុង​រោងចក្រ​ស៊ីម៉ងត៍​។

លោក ថោង ខុន បាន​សម្តែង​ការស្វាគមន៍​ចំពោះ​សហគ្រាស​សង្គម Everwave និង​អង្គការ River Ocean Cleanup ដែល​បានរៀបចំ​យុទ្ធនាការ សម្អាត​ទន្លេ​នេះ​ឡើង ដែលជា​បេសកកម្ម​ជា​ប្រវតិ្តសាស្ត្រ​ដំបូង​ដ៏សំខាន់​មួយ​សម្រាប់​កម្ពុជា​ចូលរួម​ចំណែក​ក្នុង​ការធ្វើឱ្យ​ទន្លេ​ស្អាត ទីក្រុង​ស្អាត ពិសេស​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឡង​ប្រណាំង ទីក្រុង​ស្អាត​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យន្តការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត គឺ​ត្រូវបាន​បង្កើត និង​ដាកឱ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១១ មកដល់​បច្ចុប្បន្ន​ទទួល​បាន​ការគាំទ្រ និង​មាន​ភាពរីកចម្រើន​ច្រើន​គួរ​ជាទីមោទនៈ ដែល​ពីមុន​យុទ្ធនាការ​គ្រប់គ្រង​សំណល់​ភាគច្រើន​គឺ​នៅលើ​គោក តែ​ឥឡូវនេះ​បាន​សហការ​ជាមួយ Everwave និង River and Ocean Cleanup ធ្វើការ​សម្អាត​សំរាម​ក្នុង​ទឹក​តាម​ដងទន្លេ​បន្ថែមទៀត ដែល​ទាំងនេះ​មិន​ត្រឹមតែ​ជា​ការសម្រេច​បាន​ក្តីសុបិន​មួយ ក្នុង​ការពារ​បរិស្ថាន​ក្នុង​ទឹក និង​លើ​ផ្ទៃ​ទឹក​ដ៏​មាន​សារៈសំខាន់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សារ​មួយ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី​​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​សំរាម ទាំង​លើគោក និង​ផ្ទៃទឹក​ផងដែរ​»​។

ជាមួយ​គ្នា​នោះដែរ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​អំពាវនាវ​ឱ្យ​ក្រុមការងារ​បន្ត​បេសកកម្ម​សម្អាត​ទន្លេ​នេះ​រយៈពេល​វែង និង​មិន​ត្រឹមតែ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បន្ត​ទៅ​ខេត្ត ឬ​តំបន់​ដែលមាន​ទេសចរណ៍​ប្រមូលផ្តុំ ដូចជា​តំបន់​ចុងឃ្នាស ខេត្តសៀមរាប និង​ខេត្ត​ជាប់​ទន្លេ និង​សមុទ្រ​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ជំរុញ​ភាពស្អាត និង​បៃតង​នៅតាម​ដង​ទន្លេ និង​សមុទ្រ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ជិះទូក ឬ​ធ្វើ​សកម្មភាព​ទេសចរណ៍​តាម​ទន្លេ និង សមុទ្រ​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ផងដែរ​។

លោក គល់ វឌ្ឍនា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ មីនា ឆ្នាំ​ ២០២២ នេះ បាន​សម្តែង​ការគាំទ្រ​ចំពោះ យុទ្ធនាការ​សម្អាត​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ព្រោះ​វា​ជា​សកម្មភាព​ដ៏ល្អ និង​ជួយ​ថែរក្សា​បរិស្ថាន​នៅក្នុង​ទន្លេ និង​មិនតែប៉ុណ្ណោះ វា​ជា​សកម្មភាព​មួយ​ក្នុង​ការបណ្តុះ​នូវ​ទស្សនៈ និង​គំនិត​ដល់​សង្គមជាតិ​ទាំងមូល​ឱ្យចូល​រួម​ថែទាំ​ទន្លេ​។

លោក​ថ្លែងថា​៖ «​យុទ្ធនាការ​នេះ វា​ដូចជា​ទិវា​ដាំ​កូនឈើ លែង​មច្ឆជាតិ​របស់​យើង​ដែរ ព្រោះ​វា​បង្ហាញ​ពី​ការអប់រំ និង​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ និង​សង្គម​ទាំងមូល​ឱ្យមើល​ឃើញថា រឿង​ទាំងអស់​នេះ​សំខាន់ បើ​យើង​មិនបាន​រួមចំណែក កុំទៅ​បំផ្លាញ​វា​។ ទី ១ ជួយ​ឱ្យបាន​ស្អាត និង​មួយទៀត គឺជា​ការអប់រំ​ដោយ​ប្រយោល​ដល់​​មហាជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យបាន​ដឹងថា យើង​មិនគួរ​ចោល​សំរាម​ផ្តេសផ្តាស​ទេ ព្រោះ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​សម្អាត យើង​គួរតែ​ទុកដាក់​សំរាម​ឱ្យបាន​ស្អាត​»​។

លោក គល់ វឌ្ឍនា បាន​ថ្លែង​ដោយ​អះអាងថា នៅពេល​ដែល​មានការ​សម្អាត​ទន្លេ ឱ្យបាន​ស្អាត វា​នឹង​រួមចំណែក​ដល់​ការអភិរក្ស និង​ការរស់នៅ​របស់​ជីវចម្រុះ​និង​ធនធាន​ធម្មជាតិ​ឱ្យបាន​កាន់តែ​ល្អ​ថែម​មួយកម្រិត​ទៀត​៕