កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺ​គ្រោង​ដាក់​ជញ្ជីង​គំរូ​ចំនួន​ ៥ ​ទីតាំងនៅ​​តាម​ផ្សារ​នានា​តាម​បណ្តា​ក្រុង​-​ស្រុក ខណៈ​បច្ចុប្បន្ន​ទើប​ដាក់​បាន​ចំនួន​ ២ ​ទីតាំង​ ដើម្បីឱ្យ​​មាន​សុក្រឹតភាព​ច្បាស់លាស់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទិញ​ទំនិញ​បន្លែ ផ្លែឈើ ត្រី សាច់ នៅក្នុង​ផ្សារ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ថ្លឹង​ផ្ទៀងផ្ទាត់​គីឡូ​ជាមួយ​ភ្នែកជញ្ជីង​របស់​អ្នកលក់ ចៀសវាង​ការខាតបង់​ដោយសារ​ការបន្លំ​ភ្នែកជញ្ជីង​។

លោក នួន សុភ័ណ្ឌ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តកំពង់ស្ពឺ​ថ្លែង​កាលពី​ថ្ងៃទី​ ១៤ ខែមីនា​ថា មន្ទីរ​ឧស្សាហកម្ម​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ច្បារមន បាន​ចុះ​បំពាក់​ជញ្ជីង​គំរូ​ចំនួន​ ២​ ទីតាំង​ផ្សេងគ្នា​រួចរាល់​ក្នុង​ផ្សារ​កំពង់ស្ពឺ​កាលពី​អាទិត្យ​មុន​។ ​ដោយឡែក​ជញ្ជីង​ចំនួន ៣ ​ទីតាំង​ទៀត​នឹង​ត្រូវ​ដាក់​បន្ថែម​នៅ​សប្តាហ៍​ក្រោយ នៅក្នុង​ផ្សារ​ថ្នល់ទទឹង​ផ្សារ នៅ​ទីរួមស្រុក​ភ្នំស្រួច និង​ផ្សារ​ត្រែងត្រយឹង​។

លោក​ប្រធាន​មន្ទីរ​បានឱ្យ​ដឹងថា ការដំឡើង​ជញ្ជីង​គំរូ​នេះ​​ ដើម្បី​មាន​ភាពសុក្រឹត​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​ដែល​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​ប្រចាំថ្ងៃ​ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ជាដើម ប្រើប្រាស់​ក្នុង​ការថ្លឹង​ផ្ទៀងផ្ទាត់​គីឡូ​ជាមួយ​ភ្នែក​ជញ្ជីង​របស់​អ្នកលក់​ចៀសវាង​ការបន្លំ​ភ្នែកជញ្ជីង​។ លោក​​ថ្លែងថា​៖ «​ជញ្ជីង​ហ្នឹង​ជា​ជញ្ជីង​គំរូ​ឱ្យ​ត្រូវ​ភ្នែក​គីឡូ វា​ជា​គំរូ​គេ​មួយ​កុំ​ឱ្យមាន​អ្នកធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ផ្សារ​ហ្នឹង​គាត់​កេងបន្លំ​គីឡូ ឬ​ខាំ​ទំនិញ​គេ​»​។

លោក នួន សុភ័ណ្ឌ បាន​​បញ្ជាក់ថា ការដាក់​ជញ្ជីង​នេះ គឺ​ចាំបាច់​ត្រូវ​សហការ​គ្នា​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​តាម​ក្រុង ស្រុក ដើម្បី​ចាត់តាំង​ឱ្យ​ប្រធាន​ផ្សារ ឬ​អ្នក​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​ទទួល​មើល​ការខុសត្រូវ​ដើម្បី​ថែទាំ និង​ផ្ទៀងផ្ទាត់​​កូនជញ្ជីង​តាម​ស្តង់ដា​ជា​រៀងរាល់​ឆ្នាំ ពីព្រោះ​នៅពេល​ត្រូវ​ខ្យល់ ឬ​ត្រូវ​ថ្ងៃ ជញ្ជីង​នឹង​អាចមាន​ភាពលម្អៀង​។ លោក​បាន​​ឱ្យដឹងថា ជញ្ជីង​ដែល​ដាក់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នេះ​អាច​ថ្លឹង​បាន​កម្រិត​ទម្ងន់​ត្រឹម​ ១០ ​គីឡូ ហើយ​ជញ្ជីង​នេះ​គឺ​ទទួល​បានមកពី​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​ចំនួន​ ៤ និង​ទិញ​បន្ថែមចំនួន​ ១ ​ដោយ​មន្ទីរ​ឧស្សាហកម្ម​។

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា ការទិញ​ជញ្ជីង​ដាក់​ថែម​នេះ មិនមែន​ទិញ​ពី​កន្លែង​អ្នកលក់​រួច​យកមក​ដាក់​ឱ្យប្រើប្រាស់​ភ្លាម​នោះទេ គឺមាន​ការធ្វើ​ព្យា​សកម្ម​(​វិធីសាស្ត្រ និង​បទប្បញ្ញត្តិ​ការងារ​ក្រិត​ខ្នាត​​ឧបករណ៍​មាត្រា​សាស្ត្រ​សម្រាប់​ដាក់ឱ្យ​ប្រើប្រាស់​...) ​ត្រឹមត្រូវ​ជាមួយ​មជ្ឈមណ្ឌល​មាត្រាសាស្ត្រ​ជាតិ​។

លោក​បាន​ថ្លែងថា​៖ «​មុននឹង​យកទៅដាក់ គឺមាន​ការធ្វើ​ព្យាសកម្ម​ផ្ទៀងផ្ទាត់​ពី​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​កឹប​សៀល​​អី​ត្រឹមត្រូវ​ទើប​យើង​យកមក​ដាក់​បាន យើង​មិនអាច​ទិញ​ជញ្ជីង​ពី​ផ្សារ​ ឬ​ពី​កន្លែង​អ្នកលក់​យកមក​ដាក់​តែម្តង​ទេ​»​។

លោក ហុក ម៉ារ៉ាឌី អភិបាលក្រុង​ច្បារមន​ថ្លែង​នៅ​ថ្ងៃទី​ ១៤​ ខែមីនា​ថា ការបន្លំ​ភ្នែកជញ្ជីង​ច្រើន​កើតឡើង​នៅ​កន្លែង​លក់​សាច់ជ្រូក សាច់គោ ត្រី និង​បន្លែ ហេតុនេះ​ការដាក់​ជញ្ជីង​នេះ​គឺអាច​ដាក់​នៅ​ជិត​ទីតាំង​ទាំងនោះ​។ លោក​បានឱ្យ​ដឹងថា ជញ្ជីង​របស់​ក្រុមអាជីវករ​ធ្លាប់មាន​បញ្ហា​ចោទ​របស់​អ្នកទិញ ហើយ​កន្លងមក បញ្ហា​នេះ​ក៏​ធ្លាប់បាន​កើតមាន​ភាព​ថ្នាំងថ្នាក់​រហូត​ក្លាយជា​ទំនាស់​ពាក្យសម្ដី ហើយ​ពេលខ្លះ​ស្ទើរ​ក្លាយជា​ហិង្សា​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការដាក់​ជញ្ជីង​នេះ​ខាង​មន្ទីរ​ជា​អ្នកផ្តល់​ជញ្ជីង ហើយ​ខាង​អាជ្ញាធរ​ក្រុង​ជា​អ្នករក​ទីតាំង​ដាក់ និង​រក​ដាក់​អ្នក​មើលថែ ព្រោះ​យើង​ដាក់​អាហ្នឹង​បើ​អត់​មាន​អ្នក​មើលថែ​ក៏​មិនបាន​ដែរ តែ​មិន​ស្រួល​មាន​ជនខិលខូច​លួច​យក​ទៅ​ចោល​បាត់​»​។

ជាមួយ​នេះដែរ លោក​អភិបាល​ក្រុង​ច្បារមន​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ទាំង​អាជីវករ និង​អ្នកទិញ​ត្រូវ​ចូលរួម​ថែរក្សា​ជញ្ជីង​គំរូ​ឱ្យ​បានល្អ​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​រួម​ទាំងអស់គ្នា​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែមីនា​ថា ការដាក់​​ជញ្ជីង​គំរូ​នេះ​ជា​ដំណើរ​ល្អ​មួយ​សម្រាប់​ធានាបាន​នូវ​សុក្រឹតភាព​ និង​សុចរិត​ភាព​នៃ​ការ​ជួញដូរ​ការផ្លាស់ប្តូរ​ទំនិញ​ទៅដល់​សាធារណជន ព្រោះ​ការ​ខាតបង់​ដែល​ចេញពី​ការ​កេងប្រវ័ញ្ច ឬ​ការលក់ដូរ​ដោយ​គ្មាន​សុចរិតភាព​គឺ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ថវិកា​ប្រជាពលរដ្ឋ និង​គុណភាព​នៃ​អីវ៉ាន់​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជាពិសេស​គឺ​ការខាតបង់​នូវ​បរិមាណ​មានន័យថា ការ​កុហក​ហ្នឹង​។ ​ឧទាហរណ៍​ថា យើង​លក់​តម្លៃ​ ១ ​គីឡូ​ ១ ​ម៉ឺន​រៀល ប៉ុន្តែ​តាមពិត​ ១ ​ម៉ឺន​ហ្នឹង យើង​បានត្រឹមតែ​ ៨ ​ខាំ​កន្លះ ឬ ៩ ​ខាំ អ៊ីចឹង​យើង​គុណគូរ​ច្រើន​ឆ្នាំ ច្រើន​ខែ​ទៅ​​គឺ​មានន័យថា ប្រជាពលរដ្ឋ និង​សាធារណជន​គាត់​ខាតបង់​ច្រើនណាស់​»​។

អ្នកស្រី ស៊ីម ស្រីណាវ ប្រជាពលរដ្ឋ​នៅក្បែរ​ផ្សារ​ត្រែងត្រយឹង ថ្លែង​កាលពី​ថ្ងៃទី​ ១៤ ខែមីនា​ថា អ្នកស្រី​មានការ​សប្បាយរីករាយ​នៅពេល​ដែល​បានដឹង​​ថា មានការ​ដាក់​ជញ្ជីង​គំរូ​នៅក្នុង​ផ្សារ​ដើម្បី​ផ្ទៀងផ្ទាត់​គីឡូ​។ ​តាមរយៈ​ការដាក់​ជញ្ជីង​នេះ អាច​នឹង​ធ្វើឱ្យ​អាជីវករ​មួយចំនួន​​ដែល​ប្រក​បរបរ​មិន​សុចរិត​លួច​បន្លំ​ភ្នែកជញ្ជីង​នោះ​ភ្ញាក់រឭក​កាត់បន្ថយ​ទម្លាប់​ខូច​របស់ខ្លួន​ចេញ ព្រោះ​នៅពេល​មាន​ជញ្ជីង​គំរូ​ហើយ​នៅតែ​លក់​បន្លំ​ទៀត​​គឺអាច​នឹង​លក់​មិន​ដាច់​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ប្រសិនបើ​មានការ​ដាក់​ជញ្ជីង​​ហ្នឹង​មែន វា​ជួយ​ឱ្យ​ការទិញ​ទំនិញ​​បាន​គ្រប់​គីឡូ លែង​សូវ​បារម្ភ​រឿង​បន្លំ​ភ្នែកជញ្ជីង​ទៀត ហើយ​វា​ក៏​ជួយ​មិនឱ្យ​ខាតបង់​លុយ​មួយចំនួន​ពី​ការទិញ​ទំនិញ​មិន​គ្រប់​គីឡូ​នោះ​ផង​»៕

វីដេអូ៖