ភ្នំពេញៈ មកទល់​ពេលនេះ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​សម្រាប់​ឆ្នាំ​ ២០២២ ​សម្រេចបាន​ចំនួន ៦៣៧ ១៦៥ ​ហិកតា​ស្មើនឹង​ ១៣៧,៨៣% នៃ​ផែនការ​ចំនួន ៤៦២ ២៨០ ​ហិកតា​។ ​នេះ​បើតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃទី​ ១០ ​ខែមីនា ដែល​ភ្នំពេញ-​ប៉ុស្តិ៍​ទទួលបាន​ពីថ្ងៃ​ទី​ ១៤ មីនា​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​គូសបញ្ជាក់​នៅក្នុង​របាយការណ៍​នោះ​​ថា គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ ​២០២២ ការប្រមូលផល​ស្រូវប្រាំង​សម្រេចបាន​ចំនួន​ ២៥៦ ៧៣១ ​ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ១ ១៤៨ ០៧៥​ តោន ជាមួយ​ទិន្នផល​​គិត​ជា​មធ្យម​ប្រមាណ ៤,៥ ​តោន ក្នុង​ ១ ​ហិកតា​។

ជាមួយ​គ្នានេះ លោក​បាន​ជំរុញ​ដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ខេត្ត​ទាំងអស់​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ជំរុញ​ការងារ​បង្ក​​បង្កើនផល​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត​តាមរយៈ​ការអនុវត្ត​បច្ចេកទេស​កសិកម្ម​សមស្រប​ឱ្យបាន​ទាំង​បរិមាណ និង​គុណភាព​តាម​ផែនការ​កំណត់ ជាពិសេស​នៅ​តំបន់​ភូមិសាស្ត្រ​ដែលមាន​ប្រភពទឹក​ស្រោចស្រព​​គ្រប់គ្រាន់​ និង​ការរក្សា​ទឹក​ទុក​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រប់​អង្គភាព ជំនាញ​ទាំងអស់​ជាពិសេស​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី-​ខេត្ត ត្រូវ​យកចិត្ត​ទុកដាក់​គិតគូរ​ទៅ​​លើ​ការចុះ​អន្តរាគមន៍​ទាន់​ពេលវេលា​​ក្នុង​ការស្តារ​ការប៉ះពាល់ និង​ខូចខាត​​ដោយ​គ្រោះធម្មជាតិ ការរាតត្បាត​ដោយ​សមាសភាព​ចង្រៃ ការកើត​ជំងឺ​ផ្សេងៗ​លើ​ដំណាំ​កសិកម្ម ជំងឺឆ្លង​សត្វ និង​ការត្រៀម​លក្ខណៈ​នៅពេល​កសិករ​ទទួលរង​នូវ​ផលប៉ះពាល់​ផ្សេងៗ​ជាយ​ថា​ហេតុ​»​។

ដើម្បី​ឱ្យ​ការឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ខាងលើនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព លោក​រដ្ឋមន្ត្រី វេង សាខុន ក៏បាន​ជំរុញ​ឱ្យ​គ្រប់​អង្គភាព​ជំនាញ​ដែល​ចំណុះឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​ត្រៀម​ទុកជាមុន​នូវ​ស្រូវពូជ ពូជ​បន្លែ​មធ្យោបាយ និង​សម្ភារ​​សម្រាប់​អន្តរាគមន៍​នៅពេល​មាន​គ្រោះមហន្តរាយ​ជាយថាហេតុ ការទប់ទល់​នឹង​ជំងឺ​ ឬ​សត្វល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ​ផ្សេងៗ ព្រមទាំង​បន្ត​រៀបចំ​ពង្រឹង​សហគមន៍​កសិកម្ម​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ឆ្ពោះ​ទៅរក​ការធ្វើ​កសិពាណិជ្ជកម្ម និង​ការផ្សព្វផ្សាយ​បច្ចេកទេស​នៅតាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​។

តាមរយៈ​របាយការណ៍​ដដែល​នោះ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចំណូល​ពី​ព្រៃឈើ​ចំនួន ៤៦៣ ៤៨៨ ៤០១​ រៀល និង​ជាង ១៤៩ ២៧២ ​ដុល្លារ និង​ចំណូល​ពី​ជលផល​ចំនួន​ ១២៤ ៧៦៧ ៨៧៥ ​រៀល​ស្មើ​ ៤៤,៧៣​ ភាគរយ​នៃ​ផែនការ​ចំនួន ៣៥៩ ២០០ ០០០ ​រៀល ប៉ុន្តែ​បើ​ធៀប​ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​ ២០២១ មានការ​កើនឡើង ចំនួន​ ៩៣ ២៣៤ ២៥០ ​រៀល​។

ពាក់ព័ន្ធ​វិស័យ​ព្រៃឈើ ក្រសួង​ក៏បាន​​ជំរុញ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ខិតខំ​បន្ត​ត្រួតពិនិត្យ​តាមដាន និង​ពង្រឹង​ការគ្រប់គ្រង​សកម្មភាព​ឧស្សាហកម្ម​ឈើ រោងចក្រ​សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ឈើ​ឱ្យបាន​ហ្មត់ចត់​ព្រមទាំង​ចាត់​វិ​-​ធាន​ការទប់ស្កាត់ និង​លុបបំបាត់​ការនាំចេញ​ឈើ​ និង​ផលិតផល​កែច្នៃ​ពី​ឈើ​គ្រប់​ប្រភេទ​ដែល​គ្មាន​ការអនុញ្ញាត​ដើម្បី​លុបបំបាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

ទន្ទឹម​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី វេង សាខុន ក៏បាន​ជំរុញ​ដល់​អង្គភាព​ជំនាញ ពិសេស​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ព្រៃឈើ បទប្បញ្ញត្តិ បទបញ្ជា លិខិតបទដ្ឋាន​គតិយុត្ត ជាពិសេស​សេចក្តី​ជូនដំណឹង​លេខ​ ១៣៤៨ សជណ.ក ចុះ​ថ្ងៃទី ​១២ ខែ​​ កញ្ញា ឆ្នាំ​ ២០១៩ ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ឱ្យបាន​ជ្រួតជ្រាប​ទូទាំង​ប្រទេស​ព្រមទាំង​មាន​ចំណាត់ការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​​ឈើ ដើម្បី​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​ និង​បន្ត​ជំរុញ​ការដាំដុះ​ស្តារ​ព្រៃឈើ​ឡើង​​វិញ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បង្កើន​ការបណ្តុះ​កូនឈើ​គ្រប់​ប្រភេទ​នៅតាម​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្តារ​ព្រៃឈើ​សម្រាប់​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ថែមថា​៖ «​យើង​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​សហគមន៍​ព្រៃឈើ ដើម្បីឱ្យ​ពួកគាត់​ចូលរួម​គ្រប់គ្រង​ថែរក្សា​ព្រៃឈើ និង​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ឱ្យ​បានល្អ ព្រមទាំង​បណ្តុះ​ផ្នត់​គំនិត​បង្កើត​មុខរបរ​ថ្មីៗ​បន្ថែមទៀត​ដល់​ពួកគាត់​ ដើម្បី​ឱ្យ​ពួកគាត់​អាច​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការធ្វើ​ប្រព័ន្ធ​កសិរុក្ខកម្ម ការចិញ្ចឹម​សត្វ សំដៅ​​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ ជាពិសេស​ខិតខំ ជំរុញ​ការផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាល​បំពាក់បំប៉ន​ដល់​សហគមន៍​មូលដ្ឋាន​យល់ដឹង​ពី​ផលប្រយោជន៍​ព្រៃឈើ​»​។

ស្រដៀង​គ្នា​នេះដែរ លោក រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​ពិសេស​មន្ទីរ​កសិកម្ម រាជធានី​ខេត្ត បន្ត​ពង្រឹង​កិច្ចសហការ​ជាប់​ជាប្រចាំ​​ជាមួយ​អាជ្ញាធរ​ដែនដី គណៈបញ្ជាការ​​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជលផល ដោយ​យកចិត្ត​ទុក​​ដាក់​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​សេចក្ដី​សម្រេច លេខ​ ១២៨ សសរ ចុះ​ថ្ងៃទី​ ១៣ ខែ ធ្នូ ឆ្នាំ ​២០១៦ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​។ ​បន្ត​ពង្រឹងសមត្ថភាព​សហគមន៍​នេសាទ​ដើម្បី​លើកកម្ពស់​ការទទួល​ខុសត្រូវ​ និង​ភាពជា​ម្ចាស់​លើ​ការគ្រប់គ្រង​ធនធាន​ជលផល​ក្នុង​កន្លែង​នេសាទ​របស់ខ្លួន​ដោយ​អនុវត្ត​យន្តការ «​សហគមន៍​នេសាទ​គ្មាន​​បទល្មើស​ជលផល​»៕