កំពង់ចាមៈ បុរស​ជា​ឪពុកមា​មាន​ជំងឺសរសៃប្រសាទ​ម្នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្តកំពង់ចាម​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ១៤ ​មីនា ពីបទ​ចាប់​បោក​ក្មួយបង្កើត​អាយុ​ ៤ ​ខែ​ស្លាប់​ក្នុងផ្ទះ នៅ​ភូមិ​ក្តុយ ឃុំ​ស្តើងជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បន្ទាប់ពី​បង្កហេតុ​បាន ២ ​ថ្ងៃ​។

លោក​ ចាន់ ហោ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ​មីនា​ថា ជនសង្ស័យ​ឈ្មោះ លាន់ ឡេក ភេទ​ប្រុស អាយុ ២៧ ​ឆ្នាំ ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ១៤​ មីនា បន្ទាប់ពី​តំណាង​អយ្យការ​ចោទប្រកាន់​។

លោក​ថ្លែងថា​៖ «​រឿងនេះ​តុលាការ​បាន​ឃុំខ្លួន​គាត់​តាំង​ពីថ្ងៃ​ម្សិលមិញ​ (​ថ្ងៃទី​ ១៤​ មីនា​)​។ បើ​យោង​លិខិត​ពេទ្យ​បញ្ជាក់ថា គាត់​មាន​ជំងឺ​សរសៃ​ប្រសាទ​បែបនេះ​ប្រហែល​ជា​មិនមាន​ទោស​ទេ ក៏ប៉ុន្តែ​ការស្លាប់​មនុស្ស​ទៅហើយ យើង​ត្រូវតែ​ចាត់ចែង​តាមច្បាប់​សិន​ហើយ​»​។

លោក​បន្តថា ហេតុការណ៍​នេះ​សមត្ថកិច្ច​ជំនាញ​លោក​បាន​ហៅ​ជនសង្ស័យ​សាកសួរ ហើយ​ជនសង្ស័យ​បាន​និយាយថា នៅ​ថ្ងៃកើតហេតុ​នោះ គាត់​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ប្អូនស្រី​ (​ម្តាយ​ក្មេងរងគ្រោះ​) ​ហើយ​មិន​ជួប ឃើញតែ​ក្មួយ​គាត់​កំពុង​ស្រែកយំ​។ ពេលនោះ គាត់​បាន​ចាប់​លើក​ក្មួយ​តែ​របូតដៃ​ធ្លាក់​ទៅ​។ ប៉ុន្តែ​ទោះយ៉ាងណា​លោក​ ចាន់ ហោ ​ប្រាប់ថា បើសិនជា​ក្មេង​ធ្លាក់​មែន​នោះ គឺ​មិនអាច​ដល់​ស្លាប់​បានទេ ហើយ​សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​ឃើញថា ក្មេង​រងគ្រោះ​មាន​ស្នាម​ប្រេះ​លលាដ៍ក្បាល​។

លោក ហ៊ាន ចាន់រស្មី នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្តើងជ័យ ប្រាប់​នៅ​ថ្ងៃទី​ ១៥ ​មីនា តាម​សម្តី​ស្ត្រី​ឈ្មោះ​ កែម វិន ជា​ម្តាយ​ក្មេងរងគ្រោះ​ថា កាលពី​វេលា​ម៉ោងជាង​ ១០ ​ព្រឹក ថ្ងៃទី​ ១២ ​មីនា គាត់​បានដាក់​កូនប្រុស​របស់គាត់​ឈ្មោះ​ ល.ប អាយុ​ ៤ ​ខែ ឱ្យ​ដេក​អង្រឹង​ក្នុង​បន្ទប់​ហើយ​គាត់​ក៏​ចេញទៅ​ទិញ​ត្រី​នៅមុខ​ផ្ទះ​។ បន្ទាប់ពី​ទិញ​ត្រី​រួច គាត់​បានមក​មើល​កូន​របស់​គាត់​វិញ ប៉ុន្តែ​ឃើញតែ​អង្រឹង​ទទេ និង​ឃើញ​កូន​របស់គាត់​ដេក​នៅលើ​ឥដ្ឋការ៉ូ​ហើយ​មាន​ឈាម​ក្បាល​។

លោក​បន្តថា ភ្លាមៗ​នោះដែរ​ស្ត្រី​ម្តាយ​ក្មេង​បានឃើញ​ជនល្មើស​ដែលជា​ពូបង្កើត​របស់​ក្មេងរងគ្រោះ​បាន​រត់ឡើង​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​។ ប៉ុន្តែ​ដោយ​ឃើញ​ស្ថានភាព​កូន​របស់​នាង​សន្លប់​ស្តូកស្តឹង​ទៅ​ហើយ​នោះ នាង​ក៏​ស្រែកប្រាប់​អ្នកភូមិ​ឱ្យជួយ​ដឹក​នាង និង​កូន​យក​ទៅ​មន្ទីរពេទ្យបង្អែក​ស្គន់ តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក គ្រូពេទ្យ​ប្រាប់​ឱ្យ​ស្ត្រី​ម្តាយ​ក្មេង​ដឹក​បន្តទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា តែ​ក្មេងរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​។

លោក​ប្រាប់ថា​៖ «​ម្តាយ​ជនសង្ស័យនិយាយថា កូន​គាត់​មាន​ជំងឺ​សរសៃ​ប្រសាទ​ហើយ​ឱ្យ​លេបថ្នាំ​រាល់​ខែ ប៉ុន្តែ​ប្រហែលជា​ ៣​ ទៅ​ ៤ ​ខែ​មុន​កើតហេតុ គាត់​អត់​បានឱ្យ​កូន​គាត់​លេបថ្នាំ​ទេ​។ នៅ​ថ្ងៃទី​ ១២ ​មីនា​នោះ​សមត្ថកិច្ច​យើង​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​»៕