ឧត្តរមានជ័យៈ ពលករ​ខ្មែរ​រាប់ពាន់នាក់​បាន​សម្រុក​វិល​មកពី​ថៃ ដោយ​គ្រាន់តែ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១៣ ខែមីនា​ឆ្នាំ​ ២០២២ មាន​ពលករ​ខ្មែរ​ត្រឡប់​មកពី​ថៃ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខេត្ត​ឧត្តរមានជ័យ​មាន​ជិត ៥​ ពាន់​នាក់​ក្នុងនោះ​វិជ្ជមាន​កូវីដ-១៩​ប្រមាណ ៣០០ ​នាក់​។

ជាទូទៅ​ក្នុង​មួយថ្ងៃៗ​មាន​ពលករ​វិលត្រឡប់​មកពី​ថៃ​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​នេះ​មាន​ចន្លោះ​ពី ២០០ ​ទៅ ៥០០ ​នាក់​។ នេះ​បើតាម​របាយការណ៍​បូក​សរុប​ប្រចាំថ្ងៃ​របស់​ខេត្ត​ឧត្តរមានជ័យ​។ ក្នុង​របាយការណ៍​ស្តីពី​ចំនួន​ពលករ​សំណាក​ស្រុក មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ខេត្ត​ឧត្តរមានជ័យ ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ២០២២ មាន​ពលករ​វិល​ចូល​ស្រុក​វិញ​ចំនួន​ ៤ ៧៥០ នាក់​ក្នុងនោះ រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ២៧៨ នាក់​។

របាយការណ៍​ដដែល​បន្ត​ថា ក្នុង​ ១​ ថ្ងៃ​ពលករ​ដែល​វិល​ចូល​ស្រុក​មិនតិច​ក្រោម​ ២០០ ​នាក់​នោះទេ ពោលគឺ​ចន្លោះ​ពី​ជាង ២០០ ទៅ​ ៥០០ ​នាក់​។

បើតាម​របាយការណ៍​នៅ​ថ្ងៃទី ១ ខែមីនា មាន​ពលករ​បាន​វិលត្រឡប់​មកវិញ​ចំនួន ៤៩២ នាក់ ថ្ងៃទី​ ២​ ចំនួន ២៨៩​ នាក់ ថ្ងៃទី​ ៣ ​ចំនួន​ ៤៨១ នាក់ ថ្ងៃទី​ ៤ ​មាន​ចំនួន ២៣៦ ​នាក់ ថ្ងៃទី​ ៥ ​ចំនួន​ ៣០៤ ​នាក់ ថ្ងៃទី​ ៦ ​ចំនួន ៥៤៤​ នាក់ ថ្ងៃទី​ ៧ ​ចំនួន​ ៥១២ ​នាក់​ថ្ងៃទី​ ៨ ចំនួន ៣៥៣ ​នាក់ ថ្ងៃទី ​៩​ ចំនួន ៣២៣ ​នាក់ ថ្ងៃទី​ ១០ ​ចំនួន ៣១៤​ នាក់ ថ្ងៃទី​ ១១ ​ចំនួន​ ៣៥៣ ​នាក់ ថ្ងៃទី​ ១២ ​ចំនួន ២៦២ ​នាក់ និង​ថ្ងៃទី​ ១៣ មីនា​មាន​ចំនួន ២៨៧ នាក់​។

អុ្នក​នាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ លោក ផល លឹម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា ក្នុងចំណោម​ពលករ​ដែល​វិល​ចូល​ស្រុក​វិញ​នេះ មាន​អ្នកខ្លះ​មកចាក់​វ៉ាក់សាំង​ដូស​ជំរុញ និង​មួយចំនួនទៀត​ដោយសារ​អត់​មាន​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។

លោក​ថា​៖ «​ក្នុង​ខែមីនា​នេះ ពលករ​វិល​ចូល​ស្រុក​ច្រើន​ក្នុង​មួយថ្ងៃ​មាន​ចាប់ពី​ ២០០ ​នាក់ ៣០០ ​នាក់​ថ្ងៃ​ខ្លះ​ជាង ៥០០​ នាក់ ភាគច្រើន​ជា​អ្នក​ចាក់​ដូស​ជំរុញ អ្នកខ្លះ​ចាក់​ដូស​ជំរុញ​ទី​ ២ ទី​ ៣ ហើយ​ខ្លះទៀត​អត់​ការងារ​គេ​បញ្ជូន​មកវិញ​»​។

លោក​បន្តថា ក្នុង​ចំណោម​ពលករ​ដែល​ត្រឡប់មកវិញ​ត្រូវបាន​កម្លាំង​អាជ្ញាធរ​បញ្ជូនបន្ត​ទៅតាម​បណ្តា​ខេត្ត​របស់​ពួកគេ ក្នុង​ករណី​អវិជ្ជមាន​កូវីដ​ ១៩ ដោយ​មិន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ថៃ​វិញ​នោះទេ ស្របពេល​​ដែល​រដ្ឋាភិបាល​ទាំង​ ២ មិនទាន់​សម្រេច​បើក​ច្រកទ្វារព្រំដែន​ឡើងវិញ​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (Central) លោក មឿ​ន តុលា មើលឃើញ​មូលហេតុ​ចំនួន ៣ ដែល​ពលករ​នៅ​បន្ត​វិល​ចូល​ស្រុក​វិញ ដោយ​មិន​រាប់បញ្ចូល​រឿង​ការចាក់​វ៉ាក់សាំង​កូវីដ ១៩​។

លោក​ថ្លែងថា មូលហេតុ​ទី​ ១ ដោយសារ​ពលករ​ចប់​អាណត្តិ​ការងារ ហើយ​មិនអាច​បន្ត​ការងារ​ថ្មី​នៅ​ថៃ​បាន​។ ទី​ ២ ក្រុមហ៊ុន​ដែល​ពលករ​ខ្មែរ​កំពុង​ធ្វើការ​នោះ ត្រូវបាន​រំសាយ ឬ​បញ្ឈប់​បុគ្គលិក ដោយសារ​នៅ​ប្រទេស​ថៃ ផ្ទុះ​​កូវីដ​ខ្លាំង​។ ចំពោះ​មូលហេតុ​ទី​ ៣ ផ្តោត​សំខាន់​ទៅលើ​ពលករ​ខ្មែរ​មួយចំនួន​ទៅធ្វើការ​នៅ​ថៃ​មិនមាន​ឯកសារ​ត្រឹមត្រូវ ហើយ​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ ឬ​មានការ​តាម​ចាប់ពី​តម្រួត​ថៃ ទើប​គាត់​សម្រេចចិត្ត​ត្រឡប់មកវិញ​។

អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង ធ្លាប់បាន​ថ្លែងថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ រហូតដល់​ចុងឆ្នាំ ​២០២១ មាន​ពលករ​ខ្មែរ​ត្រឡប់​មកពី​ក្រៅប្រទេស​ចូល​ស្រុក​វិញ​ជាង​ ២៦​ ម៉ឺន​នាក់ ក្នុងនោះ​ភាគច្រើន​ត្រឡប់​មកពី​ប្រទេស​ថៃ​។

លោកស្រី​ថ្លែងថា ក្នុងអំឡុងពេល​ជំងឺ​កូវីដ​ ១៩ ​បានចាប់ផ្តើម​រាតត្បាត​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ការងារ​ពលករ​ដែល​តាម​បណ្តា​រោងចក្រ សហគ្រាស​ និង​កសិដ្ឋាន ត្រូវបាន​បិទ​ស្ទើរ​ទាំងស្រុង ធ្វើឱ្យ​ពលករ​បាត់បង់​ការងារ​ និង​ប្រាក់ចំណូល ជាពិសេស​ពលករ​គ្មាន​ជំនាញ និង​ចំណូល​ទាប​។

លោកស្រី​ថា​៖ «​នាគ្រា​នោះដែរ​ប្រទេស​ថៃ​បានប្រកាស​បិទ​ព្រំដែន ក្នុង​អំឡុង​ខែមីនា​ឆ្នាំ​ ២០២០ ហើយ​បាន​ជំរុញ​ឱ្យ​ពលករ​កម្ពុជា វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ យ៉ាង​គគ្រឹកគគ្រេង​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​»៕