The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ម្នាក់​សម្លាប់​ប្រពន្ធ​ ដោយសារតែ​ភ្លើង​ប្រចណ្ឌ​បាន​ចូល​សារភាព

បុរស​ម្នាក់​សម្លាប់​ប្រពន្ធ​ ដោយសារតែ​ភ្លើង​ប្រចណ្ឌ​បាន​ចូល​សារភាព

Content image - Phnom Penh Post
ជនសង្ស័យ​ជា​ប្តី និង​ស្ត្រី​រងគ្រោះ​កាល​នៅរស់​។ រូបថត ហ្វេសប៊ុក

បុរស​ម្នាក់​សម្លាប់​ប្រពន្ធ​ ដោយសារតែ​ភ្លើង​ប្រចណ្ឌ​បាន​ចូល​សារភាព

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ដែល​សម្លាប់​ប្រពន្ធ​ព្រោះតែ​រឿង​ប្រចណ្ឌ​នៅក្នុង​បន្ទប់​ជួល​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ហើយ​បាន​រត់គេច កាលពី​ថ្ងៃទី​ ១២ ខែមីនា​បាន​ចូលទៅ​សារភាព​នៅ​នគរបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី​ ១៥ មីនា នៅពេលនេះ​កំពុង​ត្រូវបាន​នគរបាល ខណ្ឌ​សែនសុខ សាកសួរ​បន្ទាប់ពី​នាំខ្លួន​ពី​ខេត្ត​ពោធិ៍សាត់​មក​រាជធានី​ភ្នំពេញ​វិញ​។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ មីនា ថា ករណី​បុរស​សង្ស័យ​ឈ្មោះ រ័ត្ន វិជ្ជា អាយុ ៣៥ ​ឆ្នាំ គឺ​សមត្ថកិច្ច​របស់លោក​ទើបតែ​ទទួល​ពី​នគរបាល​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃទី​ ១៥ មីនា​ហើយ​នគរបាល​ជំនាញ​របស់លោក​កំពុង​ចាត់ចែង​សួរចម្លើយ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​មូលហេតុ​នៃ​ការសម្លាប់​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​នេះ បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​យើង​ថា បណ្តាលមកពី​រឿង​ប្រចណ្ឌ​។ ជនសង្ស័យ​យកដៃ​ក្រៀក ក ស្ត្រី​រងគ្រោះ​ពេល​ប្រតាយប្រតប់​គ្នា​រហូត​ដាច់ខ្យល់​ស្លាប់​»​។

ចំណែក​លោក រ័ត្ន ភារម្យ អធិការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ស្រុក​ក្រគរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ​មីនា​ថា ជនសង្ស័យ​ឈ្មោះ រ័ត្ន វិជ្ជា បាន​ចូលមក​សារភាព​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ថា គាត់​បានសម្លាប់​ប្រពន្ធ​របស់គាត់​ឈ្មោះ ហ៊ាង ស្រីជាតិ អាយុ​ ២៨ ​ឆ្នាំ​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី កាលពី​ថ្ងៃទី​ ១២ ​មីនាឆ្នាំ ​២០២២​។ ចំពោះ​មូលហេតុ​នៃ​ការសម្លាប់​នេះ​គឺ​ដោយសារ​បញ្ហា​ប្រចណ្ឌ​ប្រពន្ធ​របស់គាត់​លួច​មាន​ប្រុស​ថ្មី​។

លោក​បន្ត​តាម​សម្តី​របស់​ជនសង្ស័យថា កាលពី​ថ្ងៃទី​ ១២ ​មីនា ឆ្នាំ​ ២០២២ ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​របស់ខ្លួន​ហើយ​នៅពេលនោះ​ពួកគេ​ទាំង​ ២ ​នាក់​បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​ស្ត្រី​រងគ្រោះ​។ គ្រានោះ ជនសង្ស័យ​បាន​យកដៃ​ក្រៀក ក របស់​ស្ត្រី​រងគ្រោះ​ហើយ​ទាញ​ទៅក្រោយ​រហូត​ដាច់ខ្យល់​ស្លាប់​។ ភ្លាមៗ​បន្ទាប់ពី​ដឹងថា​ស្ត្រី​រងគ្រោះ​ស្លាប់​ហើយ​នោះ ជនសង្ស័យ​បាន​បិទទ្វារ​បន្ទប់ ហើយ​ធ្វើដំណើរ​មក​ស្រុកកំណើត​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក​បាន​បន្តទៀតថា នៅក្រោយ​ថ្ងៃកើតហេតុ​នោះ ម្តាយ​របស់​ស្ត្រី​រងគ្រោះ​បានទទួល​ដំណឹង​ថា កូន​របស់គាត់​ត្រូវបាន​គេ​សម្លាប់ តែ​មិនឃើញ​ប្តី​នៅ​បន្ទប់​ជួល​នោះទេ​។ ចំណែក​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​ជនសង្ស័យ​ដែរ​តែ​មិន​ចូល​។ លុះ​នៅ​ថ្ងៃទី​ ១៥ មីនា ឆ្នាំ​ ២០២២ ​ពេលដែល​ជនសង្ស័យ​ចូល​សារភាព​នៅ​អធិការដ្ឋាន​នគរបាល​ក្រគរ​ទើប​សមត្ថកិច្ច​របស់​លោក​សាកសួរ​ជនសង្ស័យ​រក​លេខ​ទូរស័ព្ទ​សាច់ញាតិ​ខាង​ស្ត្រី​រងគ្រោះ ​និង​បាន​ជូនដំណឹង​ឱ្យ​ពួកគាត់​ដឹង​តែម្តង​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍