
និស្សិតចូលរួមក្នុងវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី ១៤ មីនា ឆ្នាំ ២០២២។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញបានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R» ដល់សិក្ខាកាមដែលជានិស្សិតចំនួន ១ ២០០ នាក់ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៨ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យពួកគេក្លាយជាយុវជនបង្គោលក្នុងការផ្សព្វផ្សាយ អប់រំលើការងារការកាត់បន្ថយសំណល់ប្លាស្ទិក។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាពលោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកនាយករងវិទ្យាស្ថានគរុកោសល្យរាជធានី-ភ្នំពេញ លោកប្រធានមន្ទីរបរិស្ថានព្រមទាំងមន្ត្រីរាជការនៃក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូបទៀតនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១៥ មីនាថា ការបណ្ដុះបណ្ដាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R» នេះ គឺធ្វើការបណ្ដុះបណ្ដាលដល់និស្សិតជាសិក្ខាកាមសរុបចំនួន ១ ២០០ នាក់ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថាន នៅក្នុងរាជធានីភ្នំពេញចំនួន ៨ ហើយការបណ្ដុះបណ្ដាលនេះ គឺយើងផ្តោតលើការការកាត់បន្ថយសំណល់ប្លាស្ទិក ដោយទទួលបានការឧបត្ថម្ភពី «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»។
លោកបានឱ្យដឹងថា គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជានេះ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ជាមួយក្រសួងបរិស្ថាន។ គម្រោងនេះត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រតាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs(កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។
លោកថ្លែងថា សិក្ខាកាមដែលទទួលបានការបណ្ដុះបណ្ដាលនេះហើយ ពួកគេនឹងក្លាយទៅជា «យុវជន ៤ ក.៤ រ» ដែលសំដៅលើ ក ១ ការប្រើប្រាស់ឡើងវិញ (REUSE) ក ២ ការកាត់បន្ថយ (REDUCE) ក ៣ ការកែច្នៃ (RECYCLE) ក ៤ ការបដិសេធ (REFUSE) រីឯ ៤ រ គឺ រ ១ រៀន រ ២ រើស រ ៣ រក និងរ ៤ រំឭក។ នៅថ្ងៃមុខ «យុវជន ៤ ក.៤ រ» នឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក ក្នុងរាជធានីភ្នំពេញ។
លោក គិត ច័ន្ទគ្រឹស្នា ថ្លែងក្នុងពិធីបើកវគ្គបបណ្ដុះបណ្ដាលនេះថា វគ្គបណ្តុះបណ្តាលនាពេលនេះមានសារៈសំខាន់ណាស់ ដែលជាសកម្មភាពរួមគ្នាឈានឆ្ពោះទៅអនុវត្តការកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការរស់នៅស្អាត និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនជាពិសេសសំណល់ប្លាស្ទិក។
លោកថ្លែងថា៖ «បញ្ហាសំណល់ប្លាស្ទិកជាបញ្ហាសកល។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងហើយស្របជាមួយគ្នានេះ ក៏មានការកើនឡើងនៃសំរាម និងសំណល់ប្លាស្ទិកផងដែរ»។
លោកឱ្យដឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលបានចូលរួមនឹងទទួលបាននូវចំណេះដឹងបន្ថែម ដើម្បីយកទៅផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក និងជំរុញសកម្មភាពនេះធ្វើឱ្យប្រសើរឡើងនូវការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅភ្នំពេញ។
លោកសង្ឃឹមថា នៅថ្ងៃមុខ យុវជនទាំងនេះនឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ។ បើតាមលោក គាត រង្សី បច្ចុប្បន្នសំរាម និងសំណល់រឹងនៅភ្នំពេញដែលពលរដ្ឋបញ្ចេញមកក្នុង ១ ថ្ងៃៗមានប្រមាណ ៣ ពាន់តោនដែលចំនួនសំរាម សំណល់រឹងនេះបានកើនឡើងក្នុង ១ ឆ្នាំៗ ចាប់ពី ១០ ទៅ ១៥ ភាគរយ៕