កំពតៈ​ នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពត​ បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ក្មេង​ទំនើង​ ៩ នាក់ ​ទៅ​សាលាដំ​បូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី ​១៦​ មីនា បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​ ១ ថ្ងៃ​ករណី​ណាត់​គ្នា​កាប់​ចាក់​តាម​ដង​ផ្លូវ​ នៅ​ភូមិ​ផ្សារ​ដំបង ឃុំ​ដើម​ដូង ស្រុក​អង្គរ​ជ័យ​ខេត្ត​កំពត។

លោក ​លក ញ៉ា​វ ស្នង​ការ​រង​ផែន​ការងារ​នគរ​បាល​ព្រហ្ម​ទណ្ឌនៃ​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​កំពត​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៦ ​មីនាថា ករណី​ក្រុម​ក្មេង​ទំនើង​ចំនួន​ ៩​ នាក់​ ដែល​នគរ​បាល​ស្រុក​អង្គរ​ជ័យ​ឃាត់​ខ្លួន​នោះ ​គឺ​សមត្ថ​កិច្ច​របស់​លោក​ក​សាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​កំពត​ នៅ​រសៀល​ថ្ងៃទី​ ១៦​ មីនា​ ដើម្បី​បន្តនីតិវិធី​ផ្លូវ​ច្បាប់​ហើយ​។

លោក​ថ្លែង​ថា៖ «យើង​ត្រូវតែ​កសាង​សំណុំ​រឿង​បញ្ជូន​ពួក​គេ​ទៅ​តុលា​ការ​ពាក់​ព័ន្ធ​ប្រើ​ហិង្សា​កាប់​ចាក់​គ្នា​។ ខ្ញុំ​យក​ពួក​គេ​ទៅ​តុលា​ការ​ខេត្ត​នៅ​រសៀល​ថ្ងៃនេះ ​(ថ្ងៃទី​ ១៦ ​មីនា)​»។

ពាក់​ព័ន្ធ​ការ​ឃាត់​ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាង​លើ​នេះ​​លោក ​ហួរ វ៉ាន់​ថុល អធិ​ការ​ស្តីទី​ស្រុក​អង្គរ​ជ័យ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦​ មីនាថា ​ក្រុម​យុវជន​ជា​ក្មេង​ទំនើង​ទាំង​៩​នាក់​នោះ​មាន​អាយុ​ពី១៥-​១៦​ឆ្នាំ ​ហើយ​ក្នុង​ចំណោម​ពួក​គេ​ទាំង ៩​ នាក់​ គឺមាន​ ៧​ នាក់​ជា​សិស្ស​សាលា​ និង​ជា​អ្នក​រស់​នៅ​ក្នុង​ស្រុក​បន្ទាយ​មាស ​ខេត្ត​កំពត​។

លោក​ប្រាប់​ថា៖ «ក្រុម​ក្មេង​ទំនើង​នេះ​ពួក​គាត់​មាន​ជា​បក្ខ​ជា​ពួក​ហើយ​ណាត់​កាប់​គ្នា​នៅ​តាម​ដង​ផ្លូវ​ពួកគេ​ដើរ​បង្ក​បញ្ហា​នៅ​ក្នុង​មូល​ដ្ឋាន។សមត្ថ​កិច្ច​ខ្ញុំ​បាន​បញ្ជូន​ពួកគេ​ទៅ​ស្នង​កា​រដ្ឋាន​នគ​របាល​ព្រឹក​មិញ​ហ្នឹង (ថ្ងៃទី​១៦​មីនា»។

លោក​រៀប​រាប់​ប្រាប់​ថា កាលពី​វេលា​ម៉ោង​ជាង​៤​រសៀល​ថ្ងៃទី​១៥ ​ខែ​មីនា ឆ្នាំ​២០២២​ កម្លាំង​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដើម​ដូង​ ក្នុង​ស្រុក​អង្គរ​ជ័យ​បាន​ទទួល​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​មក​ថា ​មាន​ក្រុម​ក្មេង​ទំនើង​១ក្រុម​​បាន​វាយ​កាប់​ចាក់​គ្នា​តាម​ដង​ស្ថិត​នៅ​ភូមិ ផ្សារ​ដំបង​ឃុំ ដើម​ដូង ស្រុក​អង្គ​រជ័យ។ បន្ទាប់​ពី​នគរ​បាល​ប៉ុស្តិ៍​ទទួល​បាន​ព័ត៌មាន​នេះ​ក៏​បាន​រាយ​ការណ៍​បន្ត​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ​ហើយ​នគរ​បាល​ប៉ុស្តិ៍​បាន​ចុះ​ឃាត់​ខ្លួន​ពួកគេ​នៅ​ថ្ងៃ​ដដែល​នោះ​តែ​ម្តង​។

ជុំវិញ​បញ្ហា​ក្រុម​ក្មេង​ទំនើង​នេះ​ លោក សេក សុជាតិ​នាយក​ប្រតិប​ត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំ​និត​បាន​ថ្លែង​នៅ​ថ្ងៃទី​១៦​មីនា​ថា ករ​ណីនេះ យុវជ​ន គួរតែ​សិក្សា​ពី​តួនាទី ភា​រកិច្ច និង​ការទ​ទួលខុសត្រូ​វ​ខ្លួនឯង​ឱ្យ​បាន​ច្រើន​​ក្នុង​នាម​ខ្លួនជា​អ្នក​ស្នងការ​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនា​គតនិង​គួរ​រៀន​ឲ្យ​បាន​ច្រើននិង​ធ្វើ​សកម្ម​ភាព​ទាំង​ឡាយណា​ដែល​មាន​ប្រយោជ​ន៍​សម្រាប់​អនាគត​ខ្លួន​ឯង គ្រួសារ និង​សង្គម​ជាតិ។​

លោក​​ថា៖«ស្ដាប់​ឲ្យ​ច្រើន អា​ន​ឲ្យ​ច្រើន ត្រិះរិះ និង​ពិចារណា​ឲ្យ​បាន​សព្វ​ជ្រុង​ជ្រោយនៅមុន​សម្រេចចិ​ត្ត​ធ្វើ​ទង្វើ​អវិជ្ជ​មាន​​ណាមួយ​។រក្សា​ខ្លួន​ឲ្យ​ក្លាយ​ជា​ក្មេង​ល្អ យុវជន​ល្អ មា​ន​សីលធ​ម៌​ល្អ និង​វិន័យ​ល្អ ស័ក្តិ​សមជា​​​អ្នក​បន្ត​

វេន​គ្រួសារ ​និង​សង្គម​ជាតិ»​៕