ព្រះសីហុនៈ កងទ័ព​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជប៉ុន នា​ថ្ងៃទី​ ១៦ ខែ​មីនា បានធ្វើ​ទស្សន​កិច្ច​ទៅកាន់​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម ​នា​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​ពង្រឹង​ការយល់ដឹង​ពីគ្នា និង​ទំនាក់​ទំនង​ទៅ​វិញ​ទៅ​មក ផ្អែកលើ​ទំនុក​ចិត្ត ជាមួយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​។

នាវា​កង​ស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន ២ គ្រឿង ​URAGA និង ​HIRADO ដែលមាន​នាវិក១៨០នាក់​បាន​ចូល​សុំ​ចត​ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នា​ថ្ងៃទី១៥-១៧ ខែ​មីនា ដើម្បី​លើកកម្ពស់​មិត្តភាព ពង្រឹង​ការ​យល់​ដឹង​ពីគ្នា​ ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា​ និង​សម្រេច​បាន​នូវ «ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​ សេរី​និង​បើកចំហ»។

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លេខាធិការដ្ឋាន​មូលដ្ឋាន​សមុទ្រ​ នា​ថ្ងៃទី ១៦ ខែមីនា​ បាន​ឱ្យដឹង​ថា​លោក​អ៊ុក​ សីហា ​មេបញ្ជា​ការរង​កងទ័ព​ជើង​ទឹក​ មេបញ្ជាការ​មូល​ដ្ឋា​ន​សមុទ្រ​កងទ័ពជើងទឹក​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ បានទទួល​ស្វាគមន៍ ​គណៈប្រតិភូ​នាវា​ជប៉ុន​ ដែល​ដឹកនាំ​ដោយ​លោក​មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​កម្ពុជា​ និង​លោក​ណូ​ហ្ស៊ូ​ឈី​ យ៉ា​ស៊ូ​ស៊ី (Nogochi Yasushi) មេបញ្ជាការ​កងពលធំ​ទី១ បោសសម្អាត​មីន​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ នៅ​មូលដ្ឋាន​សមុទ្រ។

ហ្វេ​ស​ប៊ុ​ក​ដដែល​ បញ្ជាក់ថា៖ «នាឱកាស​នេះ ​ឧ​ត្ត​មនា​វី​ឯក​ អ៊ុក​ សីហា​ ក្នុងនាម​មេបញ្ជាការ​មាន​ក្តី​សោមនស្ស​យ៉ាង​ក្រៃលែង​ ចំពោះ​វត្តមាន​គណៈប្រតិភូ​នាវា​កង​ស្វ័យការពារ​ជប៉ុន​បានមក​បំពេញ​ទស្ស​កិច្ច​នាពេល​នេះ ហើយ​មាន​នាវា​ជប៉ុន​ចំនួន២៧គ្រឿង​កន្លងមក​ដែល​បានមក​បំពេញ​ទស្សនកិច្ច​ នៅ​មូលដ្ឋាន​សមុទ្រ។​ ការ​ទស្សនកិច្ច​នេះ​ក្នុង​បំណង​ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការ​ល្អ ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ​កម្ពុជា-ជប៉ុន»។

សារព័ត៌​មាន​ Fresh News បាន​រាយ​ការណ៍​ថា​ លោក​អ៊ុក​ សីហា​ បាន​អនុញ្ញាត​ឱ្យ​លោក​Mikami និង​លោក​ Nogochi ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ ដើម្បី​បានផ្តល់​ឱកាស​អាច​ពិនិត្យ​ទិដ្ឋភាព​ នៅ​បញ្ជា​ការដ្ឋាន​មូលដ្ឋាន​សមុទ្រ​រាម។

Fresh News រាយការណ៍​ថា៖ «លោក​ឧ​ត្ត​មនា​វី​ឯក​អ៊ុក ​សីហា​ ក៏បាន​នាំ​លោក​ឯកអគ្គរាជទូត​និង​មេ​បញ្ជាការ​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ​ទៅ​ត្រួតពិ​និត្យ​រោង​ជាង​ដែល​កងទ័ព​ជើង​ទឹក​កំពុង​ធ្វើ​សកម្មភាព​ជួស​ជុល​នាវា»។

នៅក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​នា​ថ្ងៃ​ទី១៥ ខែមីនា​លោក​ Nogochi ប្រាប់​លោក ​ហ៊ុន សែន​ថា​ បេសកកម្ម​ក​របស់លោក​ គឺ​ដើម្បី​រក្សា​សុវត្ថិភាព​ សន្តិសុខ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិ​ច ​ដែល​បើកចំហ​ និង​សេរី​ ដោយ​លោក​ប្តេជ្ញា​ថា​ លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើយ៉ាង​ណា​ រក្សា​នូវ​សន្តិភាព ​និង​សន្តិសុខ​ក្នុង​តំបន់។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​លោក​ ហ៊ុន សែន​នា​ថ្ងៃទី១៥ ខែមីនា។

លោក​ ហ៊ុន សែន​ បានធ្វើការ​ស្វាគមន៍ ​ដែល​នាវា​ជប៉ុន​ បាន​ចូល​ចត​នៅ​កម្ពុជា​ហើយ​ការចូល​ចត​នេះ​ គឺ​ចំ​ខួប៣០ឆ្នាំ​ របស់​ប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO)ដោយ​លោក​បញ្ជាក់​ថា ​ការចូល​ចត​នេះ​ គឺ​មក​ឃើញ​នូវ​ភាពជោគជ័យ​ នៃ​ប្រតិបត្តិការ ​PKO កាលពី​រយៈពេល​៣០ឆ្នាំ​កន្លងទៅ។

តាម​ប្រតិបត្តិ​ការរក្សា​សន្តិភាព PKO រយៈពេល​៣០​ឆ្នាំ​កន្លងមក​នេះ ​លោក​ហ៊ុន សែន​ថ្លែងថា​តួនាទី​របស់​ជប៉ុន​ នៅក្នុង​ឆាក​អន្តរជាតិ​ ក្នុងការ​ស្វែងរក​សន្តិភាព​កាន់តែ​មានកា​រីកចម្រើន​ឡើង ​ហើយ​ប្រតិបត្តិការ ​PKO ដែល​បានមក​កាន់​កម្ពុជា​កន្ល​ង​មក ​មិន​ត្រឹមតែ​បាន​ជួយ​រក្សាសុខ​សន្តិភាព​ដ​ល់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ និង​បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​ថែមទៀត​ផង។

ចំពោះ​កិច្ចប្រតិបត្តិការ ​PKO លោក​ហ៊ុន សែន​លើកទឹកចិត្ត​ ឱ្យ​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ធ្វើ​យ៉ាងណា ​ជំរុញ​តំបន់​ឱ្យមាន​សន្តិសុខ​ និង​សុវត្ថិភាព ​និង​គោរព​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។

លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា​ថ្លែងថា ​ ការ​ចូល​សុំចត​នាវា​កង​ស្វ័យ​ការ​ពារ​ជើងទឹក​ជប៉ុន នៅ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​ នេះ ​គឺជា​ការ​លើក​កម្ពស់​កម្រិត​នៃ​ការ​ផ្លាស់ប្តូរ​ ជាមួយ​កម្ពុជា​ ក្នុង​រូប​ភាព​នៃ​ការធ្វើ​សមយុទ្ធ​រួមគ្នា។ វា​គឺជា​ការលើកកម្ពស់​នៃ​វិស័យ​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង២ ក្នុង​គោល​ដៅ​មនុស្ស​ធម៌ និង​គោល​ដៅ​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​ស​ន្តិ​សុខ​ និង​ការ​ពារ​ជាតិ។

លោក​ថ្លែងថា៖ «វា​ជា​មុខមាត់ វា​ជា​រូបភាព​ល្អ​មួយ ​របស់​កម្ពុជា​ ក្នុង​ឆាក​តំបន់​និង​អន្តរជាតិ​ផងដែរ»៕