ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រាប់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ (UN) ថា លោក​នឹង​បន្ត​ជំរុញ​ឱ្យមាន​ការចរចា​ក្នុងចំណោម​ភាគី​វិវាទ​ការងារ​រវាង​អតីត​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​ឈានទៅ​បញ្ចប់​វិវាទ​នេះ​ឱ្យបាន​ឆាប់​។

នៅក្នុង​ជំនួប​កាលពី​ថ្ងៃទី​ ១៥ ខែមីនា ជាមួយ​លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​ UN តាម​ប្រព័ន្ធ​វីដេអូ លោក ស ខេង បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​រូបនេះ​ថា លោក​តែង​អំពាវនាវ និង​ជំរុញ​ឱ្យ​ភាគី​វិវាទ​ការងារ​រវាង​អតីត​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រកាន់​យក​ការចរចា​ដើម្បី​ឈានទៅរក​ដំណោះស្រាយ​។

ហ្វេសប៊ុក​រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជាក់ថា​៖ «​ពេលនេះ​មាន​ការដោះលែង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដើម្បី​ស្វែងរក​ការចរចា​​បន្ត​ក្រោម​ការសម្របសម្រួល​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​សម្ដេច​ក៏​នៅតែ​បន្ត​លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​មាន​ការចរចា​ ដើម្បី​ឈានទៅ​បញ្ចប់​បញ្ហា​នេះ​ឱ្យបាន​ឆាប់​ដែរ​»​។

គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​ ១៤ ខែមីនា មន្ត្រី​ពន្ធនាគារ​បាន​ដោះលែង​មេដឹកនាំ និង​សមាជិក​សហជីព​នៅ​​កាស៊ីណូ​ណាហ្គាវើលដ៍​ចំនួន​ ៨ ​នាក់​ក្នុងចំណោម​ ១១ ​នាក់ ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការបង្គាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ការដោះលែង​នេះ​ធ្វើឡើង បន្ទាប់ពី​អ្នក​ជាប់ឃុំ​ទាំង​ ៨​ នាក់​នោះ បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ឱ្យជួយ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់​ឱ្យ​ពួកគេ​បាន​នៅក្រៅ​ឃុំ ដើម្បី​ធ្វើជា​ប្រតិភូ​តំណាង​បុគ្គលិក​ក្នុង​ការចរចា​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​សន្យា​មិនឱ្យ​មានការ​ប្រមូលផ្តុំ​ទៀតឡើយ​។

សូមជម្រាបថា ក្រុម​កូដករ​ណាហ្គាវើលដ៍​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២១ ​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ប្រមាណ ៣៦០ ​នាក់ ចូលធ្វើការ​វិញ ដែល​រហូត​មកទល់​ពេលនេះ​មាន​រយៈពេល​ប្រមាណ ៣ ​ខែ​មកហើយ​។

កាលពីដើម​ខែមករា ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​ ៤ ​រូប ដែល​ក្នុងនោះ​មាន​លោក វិទិត មុនតាប៊ន ដែរនោះ​បានចេញ​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដោយ​លើកឡើង​ថា ការចាប់ និង​ឃុំខ្លួន​អ្នកដឹកនាំ និង​សកម្មជន​សហជីព​កាស៊ីណូ​ក្នុង​អំឡុង​ពេលធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់​អាចជា​ការរំលោភបំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស​។

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​ ២០២២ នៅក្នុង​ជំនួប​នេះ​លោក ស ខេង ប្រាប់​អ្នករាយការណ៍​ពិសេស​រូបនេះ​ថា ការបោះឆ្នោត​នេះ​គឺ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ជាការ​បង្ហាញ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការខិតខំ​អនុវត្ត​កំណែទម្រង់​ ដើម្បី​ផ្ទេរសិទ្ធិ​អំណាច និង​ធនធាន​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោមជាតិ ខណៈ​មាន​គណបក្ស​ចំនួន​ ១៧ ​បាន​ចុះឈ្មោះ​បេក្ខជន​ចូលរួម​បោះឆ្នោត​។

លោក​ថ្លែងថា លោក​តែង​ណែនាំ​ជារឿយៗ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​សម្រួល​ការធ្វើ​សកម្មភាព​របស់​គណបក្ស​នយោបាយ​ទាំងនោះ​ដោយ​លោក​ប្រកាស​ស្វាគមន៍​ទទួលយក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​បោះឆ្នោត​នេះដែរ​។

គួរ​បញ្ជាក់ថា ក្រសួង​មហាផ្ទៃ​កាលពីថ្ងៃ​ទី ​១៤ ខែមីនា បាន​បើក​កិច្ចប្រជុំ​ក្រើនរំឭក​ដល់​បណ្តា​រាជធានី​-​ខេត្ត​នៅ​ទូទាំង​ប្រទេស​ឱ្យ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​តាម​ការណែនាំ​ពី​លោក ស ខេង ក្រោយពី​ឃើញ​មាន​ភាពមិនប្រក្រតី​កើតឡើង​ក្នុង​រាជធានី​-​ខេត្ត​មួយចំនួន​។

លោក ស ខេង បាន​ប្រាប់​អ្នក​រាយការណ៍​រូបនេះ​ថា គណបក្ស​ដែល​ត្រូវ​​បាន​លុប​ចេញពី​បញ្ជី​គណបក្ស​នយោបាយ គឺ​ច្បាប់​បាន​បើក​សិទ្ធិ​ឱ្យ​ប្ដឹង​ជំទាស់​ទៅនឹង​ការសម្រេច​លុប​នោះ​ហើយ​ចំពោះ​អ្នកអនុវត្ត​ផ្ទុយ​នឹង​ច្បាប់ ក្រសួងមហាផ្ទៃ​បាន​ចាត់តាំង​អនុវត្តតាម​នីតិវិធី ដោយបាន​ប្ដឹងទៅ​ស្ថាប័ន​តុលាការ​​ដើម្បី​ចាត់វិធានការ​បន្ត​តាមច្បាប់​។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ក្នុង​ពន្ធនាគារ លោក ស ខេង ប្រាប់ លោក វិទិត មុនតាប៊ន ថា ចំនួន​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង​ ៣ ​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ជាង​ ៥០​ ភាគរយ​ជា​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។

ហ្វេសប៊ុក​រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជាក់ថា​៖ «​បញ្ហា​ប្រឈម​មួយ​គឺ​បញ្ហា​ចង្អៀត​ណែន ហើយ​ថា ក្រសួងមហាផ្ទៃ​កំពុង​យកចិត្ត​ទុកដាក់​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​កំពុងតែ​គិតគូរ​ការលើកលែង​នូវ​ការឃុំខ្លួន រង់ចាំ​នីតិវិធី​តុលាការ​ចំពោះ​បទល្មើស​ស្រាលៗ​មួយចំនួន ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​បាន​មួយផ្នែក​»​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ជនភៀសខ្លួន លោក ស ខេង ប្រាប់​អ្នករាយការណ៍​ពិសេស​ថា ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ជនភៀសខ្លួន កម្ពុជា​អនុវត្ត​ «​យ៉ាង​ខ្ជាប់ខ្ជួន​» ​នូវ​កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​ជនជាតិ​ម៉ុងតាញ៉ា​ដែល​ឆ្លងដែន​ចូល​កម្ពុជា​ដោយ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ចំពោះ​អ្នកស្វែងរក​ប្រទេស​ទី​ ៣ ​ដើម្បី​ជ្រកកោន​។

លោក​ថ្លែងថា​៖ «​ចំណែក​អ្នក​ចង់​ត្រឡប់​ទៅវិញ​ក្រសួង​មហាផ្ទៃ​ក៏បាន​សហការ​ជាមួយ​អង្គការ UNHCR [​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​]​ ដើម្បី​ជួយ​សម្របសម្រួល​ការងារ​នេះដែរ រាប់ទាំង​ជនភៀសខ្លួន​ដទៃទៀត ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​»​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​​ទី​ ១៦ ខែមីនា​ថា ជនជាតិ​ម៉ុងតាញ៉ា​​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​រដ្ឋ​​ដែល​ធ្វើឱ្យ​ពួកគាត់​អាច​នឹង​មានការ​​ភិតភ័យ និង​ពិបាក​រស់នៅក្នុង​ទឹកដី​​កំណើត​ដែល​ធ្វើឱ្យ​ពួកគាត់​ទៅ​ជ្រកកោន​នៅ​ប្រទេស​ដទៃ​។

លោក​ថ្លែងថា​៖ «​ចំពោះ​កិច្ចសហប្រត្តិបត្តិការ​ដែល​ក្រសួង​ [​មហាផ្ទៃ​] ​នឹង​ធ្វើឡើង​ជាមួយនឹង UNHCR ជា​​រឿង​មួយ​ចាំបាច់ ព្រោះ​ប្រទេស​កម្ពុជា​​ក៏​ជា​ហត្ថលេខី​នៃ​ UNHCR ​ហ្នឹង​ដែរ​»​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា អង្គការ​សហប្រជាជាតិ​ក៏ដូចជា​កម្ពុជា​​នឹង​សហការគ្នា​បាន​ល្អ ហើយ​និង​ជួយ​​ការពារ​ដល់​សិទ្ធិ​រស់រាន​មានជីវិត ហើយ​និង​សន្តិសុខ ក៏ដូចជា​សិទ្ធិ​ចាំបាច់​ផ្សេងៗ​របស់​ជនជាតិ​ម៉ុងតាញ៉ា​ទាំងអស់នេះ​ដែល​គាត់​កំពុងតែ​ខ្វល់ខ្វាយ​នៅក្នុង​ការរក​នូវ​ទីជម្រក​ដែលមាន​​សុវត្ថិភាព ហើយ​និង​ប្រទេស​ទី​ ៣ ​ដែល​គាត់​ចង់ទៅ​កាន់​ ដើម្បី​សុវត្ថិភាព​ដើម្បី​ប្រើប្រាស់​សិទ្ធិ​របស់គាត់​ទៅ​ថ្ងៃ​អនាគត​ទៀត​»៕