ភ្នំពេញៈ ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ACU ចំនួន​ ៤ នាក់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​សមត្ថភាព​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​អាស៊ាន (ASEAN-PAC) ដែល ACU ចាត់ទុក​ថា វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចូលរួម​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​មកពី​ប្រទេស​សមាជិក​អាស៊ាន​ ១០​។

សេចក្តី​ប្រកាស​ព័ត៌មាន ACU ឱ្យដឹងថា ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២២ មន្ត្រី ACU ដែល​ដឹកនាំ​ដោយ​លោក នួន សូរិមន្ត ឧបការី​នៃ ACU និង​សមាជិក​ចំនួន ៣ ​រូប​ទៀត បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​សមត្ថភាព​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន (ASEAN-PAC)​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យដឹង​បន្តថា សិក្ខាសាលា​នេះ​ត្រូវបាន​សហការ​រៀបចំ​ឡើង​ដោយ ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​ប្រ៊ុយណេ​ក្នុង​អាណត្តិ​ជា​ប្រធាន ASEAN-PAC និង​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​ពី​ចក្រភព​អង់គ្លេស (UK-NCA) ដែលមាន​ការចូលរួម​ពី​សំណាក់​សិក្ខាកាម​របស់ AS-EAN-PAC ទាំង​ ១០ ​ប្រទេស​។

សេចក្តី​ប្រកាស​បាន​បញ្ជាក់ថា​៖ «​គោលបំណង​ចម្បង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់ មកពី​ប្រទេស​សមាជិក​អាស៊ាន តាមរយៈ​បទ​បង្ហាញ​រៀបចំ​ដោយ​អ្នក​ជំនាញ​ប្រកបដោយ​ចំណេះដឹង និង​បទពិសោធ​លើ​ប្រធានបទ​ជាច្រើន​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ក៏បាន​ដឹង​ទៀតថា ក្នុង​សិក្ខា​សាលា​នេះ បានផ្តល់​ជា​វេទិកា​សម្រាប់​មជ្ឈមណ្ឌល ACCC អង្គភាព​ទទួលបន្ទុក​លើ​បទល្មើស​ពុករលួយ​របស់​អាំងទែរប៉ូល (Interpal Corruption Unit), មជ្ឈមណ្ឌល​វិទ្យាស្ថាន​ខ្នាត​គោល​អន្តរជាតិ សម្រាប់​កិច្ចការ ប្រមូលផល​បទល្មើស​មកវិញ វិទ្យាស្ថាន​បាសែល​អន្តរជាតិ​សម្រាប់​កិច្ចការ​ប្រមូលផល​បទល្មើស​ត្រឡប់មកវិញ (ICAR) និង​បណ្តាញ​សកល​នៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC GlobE Network) ដើម្បី​បង្ហាញ​នូវ​ប្រវត្តិ​បេសកកម្ម បទពិសោធ និង​ការចូលរួម​របស់ខ្លួន​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ដែល​ទាំងនេះ​ជា​ការផ្តល់​នូវ​ពុទ្ធិ បន្ថែម​ដល់​សិក្ខាកាម​ទាំងអស់​អំពី​ការវិវឌ្ឍ​នៃ​យុទ្ធនាការ​ប្រឆាំង អំពើ​ពុករលួយ​ជុំវិញ​ពិភពលោក​។

លោក​ នួន សូរិមន្ត ដែល​បាន​ដឹកនាំ​ចូលរួម​ក្នុង​វគ្គបណ្តុះបណ្តាល​នេះ​បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​នេះ​បានផ្តល់​ចំណេះដឹង​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការកំណត់​និយមន័យ​នៃ​សំណូក​វិសាលភាព ប្រភេទ និង​ប្រភព​នៃ​សំណូក​។

លោក​បាន​បន្តថា សិក្ខាកាម​ទាំងអស់​ក៏បាន​ស្វែងយល់​អំពី​ការសម្អាត​ប្រាក់ ដែល​បង្ហាញ​អំពី​ដំណើរ​នៃ​ការសម្អាត​ប្រាក់ បញ្ហា​ប្រឈម​ដែលមាន​ចំពោះ​អ្នកស៊ើប​អង្កេត​ការសម្អាត​ប្រាក់ និង​ការចូលរួម​របស់​អង្គការ​អន្តរជាតិ​ក្នុងការ​ប្រឆាំង​ការសម្អាត​ប្រាក់​។ លោក​ថា​៖ «​រចនាសម្ព័ន្ធ​សាជីវកម្ម និង​ប្រព័ន្ធ​ធនាគារ​ក្រៅប្រទេស ការគ្រប់គ្រង​ការស៊ើបអង្កេត​អំពើ​ក្លែងបន្លំ​ស្មុគស្មាញ អំពើ​ក្លែងបន្លំ​ក្នុង​លទ្ធកម្ម ការចែករំលែក​ព័ត៌មាន និង​ចារកម្ម និង​ការប្រមូល​ភ័ស្តុតាង​ពី​ក្រៅប្រទេស​ក៏​ត្រូវបាន​បណ្តុះបណ្តាល​ក្នុង​វគ្គ​នេះ​ផងដែរ​»​។ លោក​ នួន សូរិមន្ត បន្ថែមថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​បានបង្ហាញ​ពី​របៀប​ដែល​ជនឧក្រិដ្ឋ​ប្រើប្រាស់​ក្រុមហ៊ុន​ខ្យល់ និង​ឥទ្ធិពល​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​លើ​សកម្មភាព​ឧក្រិដ្ឋ​ក៏ដូចជា​បង្ហាញ​វិធីសាស្ត្រ​នៃ​ការប្រមូល​ភ័ស្តុតាង ដែលមាន​ការសហការ​តាមរយៈ​កិច្ចព្រមព្រៀង​ជំនួយ​ផ្នែក​ច្បាប់​ទៅវិញ​ទៅមក (MLA) និង​សំណេរ​លាយលក្ខណ៍អក្សរ​ជា​អន្តរជាតិ (ILOR)៕