ភ្នំពេញៈ ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ ជលផល និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​អាច​នឹង​រួចរាល់​នៅ​ដើមខែ​មេសា ដើម្បី​ឱ្យ​អ្នកបច្ចេកទេស​ពិនិត្យ​ជា​ចុងក្រោយ មុននឹង​ដាក់ឱ្យ​មានការ​ជួបប្រជុំ​រវាង​ប្រធាន​ស្ថាប័ន​ទាំង​ ៣ ក្រោម​ការសម្របសម្រួល​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប) ។

លោក ង៉ាន់ ចំរើន បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៥ ខែមីនា​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​ ៣ រួមមាន​​ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល​ និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​បាន​បន្ត​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​បន្ថែមទៀត​កាលពី​ថ្ងៃទី ​១៤ ខែ​​មីនា​។ ជា​លទ្ធផល​ក្រុមការងារ​បាន​ឯកភាព​គ្នា​ទៅលើ​មាត្រា​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការបែងចែក​ស្ថាប័ន​ទទួល​ខុសត្រូវ ក្នុងនោះ​រួមមាន​ទាំង​ការបើកផ្លូវ​ឱ្យមាន​ការផ្ទេរ​មុខងារ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទាំង​ជលផល និង​ព្រៃឈើ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា ច្បាប់​នេះ​អាច​នឹងធ្វើ​រួចរាល់​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ ដើម្បី​ដាក់ឱ្យ​មាន​ការពិនិត្យ​បច្ចេកទេស​ចុងក្រោយ​មុននឹង​បញ្ជូនទៅ​សភា​។ ​លោក​ថ្លែងថា​៖ «​ច្បាប់​នេះ​អាច​នឹងធ្វើ​រួចរាល់​នៅ​ដើមខែ​មេសា ហើយនឹង​រៀបចំ​ឱ្យមាន​ការពិនិត្យ​ចុងក្រោយ​ដោយ​អ្នកបច្ចេកទេស​ ឬ​ទីប្រឹក្សា​មួយចំនួន​មុននឹង​ដាក់​ឱ្យមាន​ការជួប​ប្រជុំ​រវាង​ប្រធាន​ស្ថាប័ន​ទាំង​ ៣ ក្រោម​ការសម្របសម្រួល​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មុន​នឹងដាក់​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​អ្នកច្បាប់​ និង​អន្តរក្រសួង ឱ្យជួយ​ត្រួតពិនិត្យ​ដើម្បី​ដាក់ចូល​គណៈរដ្ឋមន្ត្រី​ពិនិត្យ​អនុម័ត​ចុងក្រោយ​មុននឹង​បញ្ជូន​ទៅកាន់​សភា​»​។

យោងតាម​ហ្វេសប៊ុក​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ១៥ ខែមីនា បានឱ្យ​ដឹងថា អង្គប្រជុំ​បាន​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ជលផល និង​បាន​ឯកភាពគ្នា​លើ​មាត្រាមួយ​ចំនួន​ដូចជា​៖

មាត្រា ​៣ នៃ​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​ធនធាន​ជលផល​ទាំងអស់ ទាំង​ប្រភេទ​ជលផល​ដែល​កើតឡើង​ដោយ​ធម្មជាតិ ទាំង​ជលផល​កែច្នៃ និង​ទាំង​វារីវប្បកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ការធ្វើ​នេសាទ​នៅក្រៅ​ដែន​យុត្ថាធិការ​ជាតិ​ស្របតាម​ច្បាប់​នៃ​រដ្ឋ​ម្ចាស់​ឆ្នេរ ឬ​អនុលោម​តាម​អនុសញ្ញា ឬ​លិខិតុបករណ៍​អន្ដរជាតិ ឬ​កិច្ចព្រមព្រៀង​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ភាគី​។

មាត្រា​ ៥ ការគ្រប់គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធាន​ជលផល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើកលែង​​តែ​ការគ្រប់គ្រង​ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធាន​ជលផល​ដែល​ស្ថិតនៅ​​ក្នុង​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន​ស្របតាម​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។ ​រាជរដ្ឋាភិបាល​អាច​កំណត់​អំពី​តួនាទី​ការទទួលខុសត្រូវ និង​កិច្ចសហការ​ជាក់លាក់​សម្រាប់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល​។

មាត្រា​ ៦ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធាន​ជលផល​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ស្របតាម​គោលនយោបាយ​វិស័យ​ជលផល​ជាតិ ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​ជលផល ផែនការ​គ្រប់គ្រង​វិស័យ​ជលផល​ជាតិ ព្រមទាំង​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​រៀបចំ​ឱ្យមាន​អង្គភាព​ជំនាញ​ទទួលបន្ទុក​វិស័យ​ជលផល​ជា​សេនាធិការ​។ ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ជំនាញ​ទទួលបន្ទុក​វិស័យ​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។

មាត្រា ​៧ រាជរដ្ឋាភិបាល ឬ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​អាច​ផ្ទេរ​មុខងារ និង​ការទទួល​ខុសត្រូវ​ជាក់លាក់​មួយចំនួន​ក្នុងការ​គ្រប់គ្រង​ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធាន​ជលផល​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

ក្រសួង​បរិស្ថាន​បាន​ឱ្យដឹងទៀតថា​កិច្ចប្រជុំ​នេះ​ក៏បាន​ឯកភាពគ្នា​បន្ត​ពិនិត្យ​ និង​ផ្តល់​ធាតុ​ចូល​អំពី​សេចក្តីព្រាង​ច្បាប់​ស្តីពី​ជលផល​នេះ​តាម​អង្គភាព​រៀងៗ​ខ្លួន​រួច​ផ្តល់​ធាតុ​ចូលមក​លេខាធិការដ្ឋាន​ គ.ជ.អ.ប នៃ​ក្រសួង​មហាផ្ទៃ​មុន​ថ្ងៃទី​ ២២​ មីនា និង​ប្រជុំគ្នា​ម្តងទៀត​នៅ​ថ្ងៃទី​ ២៤ និង​ ២៥ ខែមីនា ឆ្នាំ​ ២០២២ ខាងមុខ​។

លោក​ ប៉ែន បុណ្ណារ៍ មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក​ធ្លាប់​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ច្បាប់​នៅក្នុង​ការធ្វើ​វិសោធនកម្ម​ទាំងនេះ គឺមាន​គ្រប់គ្រាន់​ហើយ​ ប៉ុន្តែ​មិនទាន់​បែងចែក​តួនាទី​បាន​ច្បាស់លាស់​។​ការដាក់​ទោសទណ្ឌ ការកំណត់​​តួនាទី​របស់​ស្ថាប័ន​នីមួយៗ​របស់​មន្ត្រី​យុត្តិធម៌ គឺ​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​ច្បាប់​មាន​ប្រសិទ្ធភាព​។​ច្បាប់​មាន​ប្រសិទ្ធភាព​ទៅបាន លុះត្រាតែ​អ្នក​ល្មើស​ត្រូវបាន​ទទួលទោស​ទៅតាម​ច្បាប់​នោះ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​អ្នកណា​ធ្វើ​ខុស ធ្វើ​ត្រូវ​យ៉ាងម៉េច គឺថា​ដូចជា បង្កើតបានជា​ប្រព័ន្ធ​មួយ​ការពារ​គ្នា អនុវត្ត​បានតែ​លើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ ហើយ​បើ​អនុវត្ត​លើ​អ្នកធំ​បាន​មួយៗ​អ៊ីចឹងទៅ​។ អ៊ីចឹង​វា​ធ្វើឱ្យ​ភាពអនាធិបតេយ្យ​នៃ​ការកាប់បំផ្លាញ​ធនធាន​ព្រៃឈើ លុប​បឹង ដណ្តើម​ដី​គេ កើតឡើង​យ៉ាង​អនាធិបតេយ្យ​»​។

បើតាម​លោក បុណ្ណារ៍ ការធ្វើ​វិសោធនកម្ម​ច្បាប់ មិនមាន​ប្រសិទ្ធភាព​នោះទេ ប្រសិនបើ​គ្រប់គ្នា​មិន​​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត ហើយ​មានការ​យោគយល់​គ្នា និង​ធ្វើ​បានតែ​ចំពោះ​អ្នកទន់ខ្សោយ ។

យ៉ាងណាក្ដី លោក ង៉ាន់ ចំរើន ប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​គូសបញ្ជាក់ថា ការតម្រូវ​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយសារ​តែ​ច្បាប់​បានផ្តល់​សិទ្ធិអំណាច​ផ្តាច់មុខ​ទៅឱ្យ​តែ​ក្រសួង​ថ្នាក់ជាតិ ទាំង​ករណី​បង្ក្រាប និង​ករណី​រៀបចំ​បណ្តឹង​ទៅ​តុលាការ ហេតុនេះ​ទើប​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បីឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​បាន​ងាយស្រួល មិន​ប្រាសចាក​ពី​ទិដ្ឋភាព​ច្បាប់ និង​ដើម្បី​កុំឱ្យ​សិទ្ធិ​អំណាច​មានតែ​លើ​រដ្ឋបាល​ព្រៃឈើ​​ ឬ​រដ្ឋបាល​ជលផល​ផ្តាច់មុខ​។

លោក​ថ្លែងថា​៖ «​ច្បាប់​ចាស់​កំណត់ថា ច្បាប់​ជលផល​ស្ថាប័ន​ទទួលខុស​ត្រូវ គឺ​រដ្ឋបាល​ជលផល ច្បាប់​ព្រៃឈើ ស្ថាប័ន​ទទួលខុសត្រូវ គឺ​រដ្ឋបាល​ព្រៃឈើ​។ អ៊ីចឹង​រាល់​មុខងារ​ទាំងអស់​គឺ​ក្រោម​គាត់​សម្រេច​ទាំងអស់ សូម្បីតែ​មុខងារ​ពាក់ព័ន្ធ​ជាមួយនឹង​ឃាត់​ចាប់​ទាំង​ស្អីៗ​រហូត​ចុងក្រោយ​បញ្ជូនទៅ​តុលាការ គឺ​សមត្ថកិច្ច​តែមួយ​របស់គាត់ ហើយ​គ្មាន​កម្លាំង​សមត្ថកិច្ច​ណា​ផ្សេង​មាន​សិទ្ធិ​ធ្វើ​ទេ​»៕